ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ ជ្រើសរើស​យុវជន​១០​រូប​ទៅ​ចូលរួម​កម្មវិធី​មហោស្រព​ខ្សែ​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​ឆ្នាំ​២០១៩​នៅ​ប្រទេស​ជប៉ុន

ភ្នំពេញ ​៖​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​សិស្សានុសិស្ស​រៀន​ថ្នាក់​ទី​១០​និង​ទី​១១​ ចូលរួម​ដាក់ពាក្យ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​មហោស្រព​ខ្សែ​ភាព​កុមារ​អន្តរជាតិ​អាស៊ី​ឆ្នាំ​២០១៩​ ដែល​នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ទី​​០៧ ​ខែធ្នូ ​ឆ្នាំ​២០១៩​ខាងមុខនេះ នៅ​ទីក្រុង​មីណា​មី អាវ៉ា​ជី ខេត្ត​ហ្យូ​ហ្គុ ប្រទេស​ជប៉ុន។

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹងថា ​ខ្សែភាពយន្ត​ ដែល​ត្រូវ​ចូលរួម​ប្រកួត​រួមមាន​ប្រធានបទ ​ដែល​ទាក់ទង​ទៅនឹង​តើ​អ្នក​យល់​យ៉ាងណា​ទៅនឹង​ការ​បង្ក​បញ្ហា​ចំពោះ​អ្នក​ដទៃ តើ​អ្នក​ត្រឹមត្រូវ​ទេ​បើ​អ្នក​ល្អ​តែម្នាក់ឯង តើ​អ្នក​អាច​គិតដល់​អ្នក​ដទៃ​ផង​បាន​ដែរឬទេ​ជាដើម​។​

ចំពោះ​លក្ខខណ្ឌ​ដែល​ត្រូវ​ចូលរួម​បេក្ខជន​ទាំង​ពីរភេទ​ត្រូវ​ជា​សិស្ស​វិទ្យាល័យ​ថ្នាក់​ទី​១០ ឬ​ថ្នាក់​ទី​១១​ក្នុង​ឆ្នាំ​សិក្សា​២០១៨ ២០១៩​ដែលមាន​អាយុ​ចាប់ពី​១៥​ដល់​១៨​ឆ្នាំ​ដោយមាន​កាត​សិស្ស​សម្រាប់​ឆ្នាំ​សិក្សា​២០១៨ ២០១៩​។​ ត្រូវបង្កើត​ក្រុម​ដោយ​ខ្លួនឯង​ដែលមាន​៣​នាក់​ក្នុង​១​ក្រុម​សម្រាប់​ពិភាក្សាគ្នា​ផលិត​រឿង​ខ្លី​ដែលមាន​រយៈពេល​យ៉ាងយូរ​៣​នាទី​ បើ​លើសពី​៣​នាទី​មិន​ត្រូវ​បានជ្រើសរើស​ទេ​ ហើយ​ក្រុម​នីមួយៗ​ត្រូវ​ផលិត​រឿង​ដោយ​ខ្លួនឯង ​មិនត្រូវ​មាន​ជំនួយ​ពី​អ្នក​ដទៃ​ក្រៅពី​សមាជិក​ក្រុម​ខ្លួន​ឡើយ​ដោយ​ប្រើប្រាស់​កាមេរ៉ា​វីដេអូ​ធម្មតា​។​ បន្ទាប់ពី​ផលិត​រឿង​រួចហើយ ​ត្រូវ​ផ្ញើ​​ទៅ​ស្ថាន​ទូត​ជប៉ុន​តាមរយៈ​អ៊ីមែល​info.jpn@pp.mofa.go.jp​ឲ្យ​បាន​មុន​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​។ ​បន្ទាប់ពី​ប្រគល់​រឿង​រួច ​បេក្ខជន​មិនអាច​កែប្រែ​ឬ​សូម​ផ្លាស់ប្តូរ​បានទេ​។​

​នៅក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ដដែល​បាន​ឲ្យ​ដឹងថា​បេក្ខជន​ដែល​ធ្លាប់​ចូលរួម​នៅក្នុង​កម្មវិធី​ផ្សេងៗ​ដូចជា​កម្មវិធី​យុវជន​នាវា​អាស៊ីអាគ្នេយ៍ កម្មវិធី​អាហារូបករណ៍​របស់​រាជរដ្ឋាភិបាល កម្មវិធី​អញ្ជើញ​ដោយ​មូលនិធិ​ជប៉ុន កម្មវិធី​ទីភ្នាក់ងារ​ទេសចរណ៍​ជប៉ុន​ មិនត្រូវ​បានអនុញ្ញាត​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​នេះ​បានទេ ​បើទោះបីជា​រឿង​ខ្លី​នោះ ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ជប៉ុន​ក៏ដោយ​។​

​សេចក្តី​ជូន​ដំណឹង​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ​ស្ថាន​ទូត​ជប៉ុន​នឹង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​សម្រិតសម្រាំង​យក​ឃ្លី​ប​វីដេអូ​ចំនួន​១៥​រឿង​ដើម្បី​ចូលរួម​ប្រកួត​នៅ​ពាក់​កណ្តាល​វគ្គ​ផ្ដាច់ព្រ័ត្រ ​និង​ជ្រើសរើស​យក​៣​ក្រុម​ចុងក្រោយ​ដែល​មាន​៩​នាក់​ និង​អ្នកដឹកនាំ​ម្នាក់​សម្រាប់​ចូលរួម​ប្រកួត​កម្មវិធី​មហោស្រព​ខ្សែភាព​យន្ត​កុមារ​អន្តរជាតិ​អាស៊ី ឆ្នាំ​២០១៩ នៅ​ទីក្រុង​មីណា​មី អាវ៉ា​ជី ខេត្ត​ហ្យូ​ហ្គុ ប្រទេស ជប៉ុន​នាពេលខាងមុខ​នេះ​។​

​ដោយឡែក​បើតាម​ផេ​ករ​បស់​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​ជំរុញ​ឲ្យ​សិស្ស​ថ្នាក់​ទី​១០​និង​ទី​១១​ចូលរួម​ការប្រឡង​ផលិត​រឿង​ខ្លី ដើម្បី​ចូលរួម​ការប្រកួត​ថ្នាក់​តំបន់​នៅ​ប្រទេស​ជប៉ុន​ឲ្យ​បាន​ច្រើន​ផងដែរ​។​

តាម​ផេ​ក​ដដែល​ការដាក់​ពាក្យ​សម្រាប់​ការប្រឡង​ផលិត​រឿង​ខ្លី សម្រាប់​សិស្ស​វិទ្យាល័យ “ ការប្រកួត​វ​ត្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុងប្រទេស​កម្ពុជា​លើក​ទី​១១” នឹង​ចាប់ផ្ដើម​ទទួល​ពាក្យ ចាប់ពី​ថ្ងៃទី​៨ ខែកក្កដា​នេះ រហូតដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩។

ចំណែក​ការធ្វើ​បទ​បង្ហាញ​ណែនាំ​ចូលរួម​ប្រកួត​ផលិត​រឿង​ខ្លី​សម្រាប់​សិស្ស​វិទ្យាល័យ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤:០០-១៥:០០ នៅ​បន្ទប់​លេខ​៩ នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)៕

ដោយ ៖ សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114