ព័ត៍មានទាន់​ហេតុការណ៏
Search

លោកស្រី Merkel និយាយ​ថា មាន​សុខ​ភាព​ល្អ​ ថ្វីបើ​លោកស្រី​ញ័រ​ខ្លួន​ជា​លើក​ទី​បី​ក៏ដោយ

កាលពី​ថ្ងៃ​ពុធ អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel បាន​លើកឡើងថា លោកស្រី​មិន​អី​ទេ​បើទោះបីជា​លោកស្រី​មាន​អាកា​រៈ​ញ័រ​ខ្លួន​ជា​លើក​ទី​បី​ក្នុង​រយៈពេល​តិចជាង​មួយខែ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​គេ​ផ្តោត​ការយកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព​របស់លោក​ស្រី​ក៏ដោយ​។​

​លោកស្រី Merkel បានចាប់ផ្តើម​ញ័រ​ខ្លួន​នៅពេល​ភ្លេងជាតិ​ត្រូវបាន​បន្លឺឡើង​នៅឯ​ពិធី​ស្វាគមន៍​នាយករដ្ឋមន្ត្រី​ប្រទេស​ហ្វាំ​ង​ឡង់​លោក Antti Rinne ។​

​ប៉ុន្តែ​លោកស្រី​បាន​ចូលរួម​សន្និសីទ​សារព័ត៌មាន​មួយ​តាម​ការគ្រោងទុក​នៅ​ប្រហែល​មួយ​ម៉ោង​ក្រោយមក​ដោយ​ប្រាប់​អ្នកកាសែត​ថា សុខភាព​របស់លោក​ស្រី​មិន​បង្ក​ជាការ​ព្រួយបារម្ភ​ទេ​។​

​លោកស្រី​បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍ល្អ មិនចាំបាច់​ព្រួយបារម្ភ​អ្វី​ទេ​”​។

​ប្រភព​មួយ​ដែល​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​និយាយថា មូលហេតុ​នៃ​ការ​រង្គើ​ខ្លួនប្រាណ​ម្តងទៀត​នាពេល​ឥឡូវនេះ​គឺ​ទាក់ទង​នឹង​បញ្ហា​ផ្លូវចិត្ត​ជាមួយនឹង​ការចងចាំ​ពី​ឧបទ្ទវហេតុ​ដំបូង​ដែល​បណ្តាល​ឲ្យ​មានការ​ភ័យរន្ធត់​។​

​ការ​រង្គើ​ខ្លួនប្រាណ​កាលពី​ថ្ងៃ​ពុធ​អាច​ត្រូវបាន​គេ​មើលឃើញ​បើទោះបីជា​វា​មិនសូវ​ជា​ធ្ងន់ធ្ងរ​ដូច​ការ​ញ័រ​ខ្លួន​លើកដំបូង​កាលពី​ខែមិថុនា​ក៏ដោយ​។​

​នៅពេលនោះ លោកស្រី​បាន​ព្យាយាម​ទប់ខ្លួន​ប្រាណ​នៅពេល​លោកស្រី​ឈរ​ក្រោម​កំដៅថ្ងៃ​ក្បែរ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky ក្នុង​ពិធី​ស្វាគមន៍​ដោយ​ឆ្មាំ​កិត្តិយស​។​

​ហេតុការណ៍​លើកដំបូង​នោះ​ត្រូវបាន​គេ​ស្តីបន្ទោស​ទៅលើ​ការ​ខះ​ជាតិ​ទឹក​។ ប៉ុន្តែ​ហេតុការណ៍​ទី​២​បានកើត​ឡើង​នៅ​មួយ​សប្តាហ៍​ក្រោយ​ពោលគឺ​នៅ​ចុងខែ​មិថុនា​, ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុនពេល​លោកស្រី​ឡើង​យន្តហោះ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ជប៉ុន​។​

​បន្ទាប់មក ក្រុមមន្ត្រី​បាន​ព្យាយាម​សម្រាល​ភាពភ័យខ្លាច​អំពី​សុខភាព​របស់លោក​ស្រី​ដោយ​និយាយថា លោកស្រី​មាន​សុខភាព​ល្អ​ហើយ​ថា លោកស្រី​នឹងមិន​លុបចោល​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ណាមួយ​ឡើយ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114