ព័ត៍មានទាន់​ហេតុការណ៏
Search

ខេត្ត​ចំនួន​៤ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុះ​​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ជា​ជំងឺឆ្លង​រាតត្បាត​ធ្ងន់ធ្ងរ​បង្ក​ដោយ​វីរុស

ភ្នំពេញ ​៖ ​ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​បន្តបន្ទាប់​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ដើមឆ្នាំ​២០១៩ មកដល់ពេលនេះ នៅក្នុង​ប្រទេស​កម្ពុជា ខេត្ត​ចំនួន​៤​ កំពុង​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ គឺ​មាន​ខេត្ត​រតនគិរី ​ ខេត្ត​ត្បូងឃ្មុំ ខេត្ត​ស្វាយរៀង និង​ខេត្ត​តាកែវ។ ជាមួយ​គ្នា​នេះ ​ក្រសួង ​បាន​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​នាំ​ជ្រូក​ចេញពី​ខេត្ត​ទាំង​នោះ​ ទៅ​តំបន់​ផ្សេង​ទៀត។

យោង​តាម​របាយការណ៍​ បាន​ឲ្យ​ដឹង​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ជា​ជំងឺឆ្លង​រាតត្បាត​ធ្ងន់ធ្ងរ​បង្ក​ដោយ​វីរុស ឆ្លង​រាលដាល​ឆាប់រហ័ស​នៅ​លើ​សត្វ​ជ្រូក​គ្រប់​ប្រភេទ។ ជំងឺ​នេះ​ផ្ទុះ​ដំបូង​នៅ កេនញ្ញ៉ា​ទ្វីប​អាហ្វ្រិក តាំងពី​ឆ្នាំ​១៩០៧​មក​ម្ល៉េះ។ ក្រោយ​មក ​បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​វៀតណាម​ ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​២០១៩ មាន​ចំនួន​៦០​ខេត្ត​ ត្រូវ​បាន​ជំងឺ​វាយលុក និង ២,​លាន​ជ្រូក​ ត្រូវ​បាន​សម្លាប់ ​ខាតបង់​ចំនួន​១៥៥​លាន​ដុល្លារ​សហរដ្ឋ​​អាមេរិក។

ដោយឡែក​នៅ​កម្ពុជា​វិញ​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​នេះ បាន​កើតឡើង​លើកដំបូង នៅ​ខេត្ត​រតនគិរី​នៅ​ថ្ងៃ​ទី២​ ខែ​មេសា ឆ្នាំ​២០១៩​ ហើយ​រហូតដល់​ពេល​នេះ​ មាន​ខេត្ត ចំនួន​៤ ទទួលរង​ការ​វាយលុក​ជំងឺ​ប៉េស្ត​ជ្រូក អាហ្វ្រិក​នេះ គឺ​មាន ខេត្ត​រតនគិរី ខេត្ត​ត្បូងឃ្មុំ ខេត្ត​ស្វាយរៀង និង​ខេត្ត​តាកែវ។ កត្តា​នេះ ​បង្ក​ឲ្យ​កសិករ​ចិញ្ចឹម​ជ្រូក​ មាន​ព្រួយបារម្ភ​ជា​ខ្លាំង ឯ​ពលរដ្ឋ​ធម្មតា​វិញ លែង​ហ៊ាន​បរិភោគ​សាច់​ជ្រូក ខ្លាចក្រែង​ទិញ​ប៉ះ​ជ្រូក​ឈឺ ​ប៉ះពាល់​សុខភាព។

ក្រោយពី​មានការ​ផ្ទុះ​ជំងឺ​នេះ កើតឡើង​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​ឆ្លើយតប​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ឆ្លង​ខ្លាំង​លើ​សត្វ​ជ្រូក ដែល​បណ្ដាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​ច្រើន តែ​ជំងឺ​នេះ​ មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ។ ទោះបីជា​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ​មិន​ឆ្លង​ដល់​មនុស្ស និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ពិតមែន តែ​យើង​មិន​ត្រូវ​ញ៉ាំ​សាច់​សត្វ​ដែល​មាន​ជំងឺ​នោះ​ទេ ហើយ​រាល់​សាច់​សត្វ​ទាំងអស់ ​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ ព្រោះ​វីរុស​ ដែល​បង្ក​ជំងឺ​ប៉េស្ត​អាហ្វ្រិក​ មាន​ភាព​ធន់​នៅ​ក្នុង​ផលិតផល​សាច់ជ្រូក និង​បរិយាកាស​ខាងក្រៅ រហូតដល់ ១០០០ ថ្ងៃ​ឯណោះ។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ជា​ជំងឺឆ្លង​ធ្ងន់ធ្ងរ គ្មាន​វិធី​ព្យាបាល និង​វ៉ាក់សាំង​ការពារ​នោះ​ទេ វា​បង្កឡើង​ដោយ​វីរុស ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​តាមរយៈ​ការចម្លង​ដោយផ្ទាល់ ឬ​ប្រយោល ហើយ​ជ្រូក​ដែល​ឆ្លង​វីរុស​នេះ ​អត្រា​ស្លាប់​ស្ទើរតែ ១០០%​។ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ បាន​ឆ្លង​រាលដាល​លើ​ជ្រូក​នៅ​ខេត្តរតនគិរី​ដំបូង​គេ​បង្អស់ កាលពី​ខែ មីនា ឆ្នាំ ២០១៩៕

ដោយ ៖ ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114