ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ច​ពិគ្រោះ​យោបល់​លើក​ទី​២ ​រវាង​កម្ពុជា និង​ឥណ្ឌា ផ្តោត​លើ​វិស័យ​សំខាន់ៗ​មួយចំនួន ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​

​ភ្នំពេញ​ ៖ តាម​លទ្ធផល​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្រសួង​ការបរទេស​រ​វា​ង​កម្ពុជា និង​ឥណ្ឌា លើក​ទី​២ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់ បាន​ផ្តោត​ទៅលើ​វិស័យ​សំខាន់ៗ​មួយចំនួន ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ដូចជា​ការទំនាក់ទំនង​នយោបាយ ការ​ផ្លាស់ប្ដូរ​គ្នា​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ វប្បធម៌ និង​អប់រំ​ជាដើម​។​

​កិច្ចប្រជុំ​នេះ បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្មីៗ​នេះ ដែល​គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា​។ ចំណែក​ភាគី​ឥណ្ឌា​ដឹកនាំ​ដោយ​លោកស្រី វិជ័យ ថា​គួ សី​ង្ហ លេខាធិការ​ក្រសួងការបរទេស​ឥណ្ឌា​។​

​តាម​ក្រសួងការបរទេស​បាន​បញ្ជាក់ថា កិច្ច​ពិភាក្សាបាន​គ្របដណ្ដប់​លើ​ទំនាក់ទំនង​នយោបាយ ការ​ផ្លាស់ប្ដូរ​គ្នា​ផ្នែក​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ វប្បធម៌ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង ប្រជាជន ភាពជា​ដៃគូ​អភិវឌ្ឍន៍ រួម​ទាំង​ក្នុង​វិស័យ​អប់រំ និង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ហើយ​ភាគី​ទាំងពីរ​បាន​រំលឹក​ឡើងវិញ​នូវ​ចំណងទាក់ទង​ជា​ប្រពៃណី​យូរអង្វែង និង​ទំនាក់ទំនង​វប្បធម៌​ដ៏​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ឥណ្ឌា ដែល​ត្រូវ​បាន​ពូន​ជ្រំ​បន្ថែម​ទៀត​នា​ពេល​ថ្មីៗ​នេះ ដោយ​ថ្នាក់ដឹកនាំ​ នៃ​ប្រទេស ទាំងពីរ​តាមរយៈ​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​ជា​ញឹកញាប់ និង​ការ​ប្ដេជ្ញា​ចិត្ត​រួមគ្នា​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​គ្រប់​វិស័យ​។​

​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច ភាគី​ទាំងពីរ​បាន​សម្ដែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​បន្ត​កើន​ឡើង​ នៃ ពាណិ​ជ្ជ​កម្ម និង​ការ​វិនិយោគ​ទ្វេភាគី​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា កំណើន​នេះ​នៅ​ទាប​ខ្លាំង​ណាស់ បើ​ធៀប​នឹង​សក្ដានុពល​ដែល​មាន​។ ភាគី​ទាំងពីរ​ឯកភាព​ពង្រឹង​កិច្ចប្រឹងប្រែង ដើម្បី​ពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។ ក្នុងន័យនេះ ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា ពន្លឿន​ការបង្កើត​ក្រុមការងារ​ចម្រុះ ​ស្ដីពី​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ព្រមទាំង​លើកទឹកចិត្ត​ដល់​ស្ថាប័ន អាកាសចរណ៍​ស៊ីវិល​រៀងៗ​ខ្លួន​ឲ្យ​ពិចារណា​បង្កើត​ជើង​ហោះហើរ​ត្រង់​រវាង​កម្ពុជា និង​ឥណ្ឌា ដែល​នឹង​បង្កើន​ការ​ផ្លាស់ប្ដូរ​ទេសចរណ៍​ផង​ដែរ​។

ភាគី​កម្ពុជា​ បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ភាគី​ឥណ្ឌា ដែល​បាន​សន្យា​ពង្រីក​ការផ្តល់​ភាព​អនុ​គ្រោះ​ពន្ធ (Duty-Free Tariff Preference) ដល់​ប្រទេស​កម្ពុជា និង​ជំរុញ​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​លើ​វិស័យ​ឧស្សាហកម្ម​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ​។​

​ភាគី​ទាំង​ពីរបាន​សាទរ​លទ្ធផល ​នៃ​វេទិកា​ ស្ដីពី​ជំនួប​ពាណិជ្ជកម្ម​ឥណ្ឌា​-​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម លើក​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ ដែល​វេទិកា​នេះ​បានផ្តល់​ឱកាស​ល្អ​សម្រាប់ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក​។

​នៅក្នុង​វិស័យ​ការពារជាតិ ភាគី​កម្ពុជា​ បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ជំនួយ​របស់​ឥណ្ឌា​ដល់ កម្ពុជា ក្នុង​ការកសាង​សមត្ថភាព​សម្រាប់​ការ​រ​ក្សា​សន្តិភាព និង​បោសសំអាត​មីន ហើយ​បាន​ស្វាគមន៍ ចំពោះ​ទស្សនកិច្ច​សុ​ឆន្ទៈ​របស់​នាវា​ឥណ្ឌា នៅ​កំពង់ផែ​កម្ពុជា ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ភាគី​ទាំង​ពីរបាន​ព្រមព្រៀង​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​បន្ថែមទៀត​រវាង​ស្ថាប័ន​ការពារជាតិ ​នៃ​ប្រទេស​ទាំងពីរ​។​

​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌ និង​ទេសចរណ៍ ភាគី​ទាំង​ពីរ​បាន កត់​សម្គាល់​នូវ​ការ​បញ្ចប់​ដោយ​ជោគជ័យ និង​វឌ្ឍនភាព​ដ៏​ល្អ​ នៃ​គម្រោង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​កម្ពុជា ក្រោម​កម្ចី​ឥណទាន​សម្បទាន និង ​ជំនួយ​ឥតសំណង​របស់​ឥណ្ឌា ដូចជា ក្នុងការ​អភិវឌ្ឍ​ធនធានទឹក និង​ជនបទ បណ្តាញ​បញ្ជូន​ថាមពល កសិកម្ម ការតភ្ជាប់​ឌីជីថល ការអភិរក្ស បេតិកភណ្ឌ វប្បធម៌ និង​គម្រោង​ទទួលផល​រហ័ស ក្រោម​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា។ ភាគី​ឥណ្ឌា​បាន​សន្យា​បង្កើន ការ​បណ្តុះបណ្តាល​សម្រាប់​កម្ពុជា រួមទាំង​ក្នុង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​។ ភាគី​ទាំងពីរ បាន​ស្វាគមន៍​ការ​រីកចម្រើន ក្នុង​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ ចាប់តាំងពី​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​រវាង​កម្ពុជា និង​ឥណ្ឌា​នៅ​ឆ្នាំ​២០១៥​។ ភាគី​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​ឥណ្ឌា ដែល​បាន​ប្ដេជ្ញា​ចិត្ត​បន្ត​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។​

​ដើម្បី​ជួយ​សម្រួល​បន្ថែមទៀត ដល់​កិច្ចសហប្រតិបត្តិការ ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ព​ន្លឿ​ន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន ដែល​បច្ចុប្បន្ន កំពុងស្ថិត​នៅក្នុង​ដំណើរការ​រៀបចំ​ក្នុងនោះ​រួមមាន សន្ធិសញ្ញា​ស្តីពី​ការវិនិយោគ​ទ្វេភាគី សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​លើ​វិស័យ​រដ្ឋប្បវេណី និង​ពាណិជ្ជកម្ម អនុស្សរណៈ​នៃ​ការ យោគយល់​គ្នា​ស្តីពី​ការបង្កើត​ក្រុមការងារ​ចម្រុះ​កម្ពុជា​-​ឥណ្ឌា លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ និង​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល និង​ឱសថ​។​

​ក្រៅពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ភាគី​ទាំង​ពីរ បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា ​ស្ដីពី​កិច្ចសហប្រតិបត្តិការ អន្តរជាតិ និង​កំណែទម្រង់​ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ការវិវឌ្ឍន៍​ថ្មីៗ ក្នុង​តំបន់​អាស៊ាន រួម​ទាំង​កិច្ចចរចា​ ស្ដីពី​កិច្ចព្រមព្រៀង​ភាព​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ទំនាក់​ទំនង ជា​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា គំនិត​ផ្ដួចផ្ដើម​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក សមុទ្រ​ចិន​ខាងត្បូង និង​ឧបទ្វីប​កូរ៉េ​។​

​ភាគី​កម្ពុជា ​បាន​សម្តែង​នូវ​ការ​អរគុណ​ដ៏​ស្មោះ​ចំពោះ​ការ​ផ្តល់នូវ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ ក្នុង​អំឡុង​ពេល​ស្នាក់នៅ​របស់​គណៈប្រតិភូ​កម្ពុជា​នៅ​ទីក្រុង​ញូដេលី និង​បាន​ព្រមព្រៀង​ជាមួយ​ភាគី ឥណ្ឌា ដើម្បី​កំណត់​ពេលវេលា​សមស្រប​សម្រាប់​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ឥណ្ឌា លើក​ទី​៣ ដែល​កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​៕

ដោយ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114