ព័ត៍មានទាន់​ហេតុការណ៏
Search

អនាគត​ប្រធាន EU និយាយថា Brexit អាច​នឹងត្រូវ​ពន្យារពេល​ម្តងទៀត

លោកស្រី Ursula von der Leyen ដែល​ត្រូវបានតែងតាំង​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថ្មី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា Brexit អាច​នឹងត្រូវ​ពន្យារ​ពេល​ជា​លើក​ទី​បី ​ប៉ុន្តែ​បាន​ព្រមាន​ទីក្រុង​ឡុង​ដ៍​ថា ខ្លួន​ត្រូវតែមាន​ការទទួលខុសត្រូវ​ចំពោះ​ការចាកចេញ​របស់ខ្លួន​ពី​ប្លុក​នេះ​។​

​លោកស្រី Von der Leyen បាន​និយាយថា កិច្ចព្រមព្រៀង​ចាកចេញ​ដែល​ឯកភាព​ជាមួយ​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May ប៉ុន្តែ​ត្រូវបាន​បដិសេធ​ដោយ​សមាជិកសភា​អង់គ្លេស​នោះ​គឺជា​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ​។ លោកស្រី​បង្ហាញថា ក្រោម​ការដឹកនាំ​របស់​លោកស្រី គណៈកម្មការ​អឺរ៉ុប​នឹងមិន​មានបំណង​ចរចា​ជាថ្មីទៀត​ទេ​។​

Brexit ត្រូវបាន​ពន្យា​ពេល​ពីរដង​រួចមកហើយ​ដោយសារតែ​ការបដិសេធ​របស់​សមា​ជិ​ក​សភា​អង់គ្លេស​ក្នុង​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​ប៉ុន្តែ​បុរស​ពីរ​នាក់​ដែល​កំពុង​ប្រជែង​គ្នា​ដើម្បី​ជំនួស​តំណែង​លោកស្រី May សុទ្ធតែ​បាន​ទទូចថា ពួកគេ​នឹង​ប្រកាន់យក​កាលបរិច្ឆេទ​ចាកចេញ​នៅ​ថ្ងៃទី​៣១​ខែតុលា​។​

​ក៏ប៉ុន្តែ​លោកស្រី Von der Leyen) ដែល​បាន​និយាយថា​លោកស្រី​នៅតែ​សង្ឃឹមថា​ចក្រភព​អង់គ្លេស​នឹង​ផ្លាស់ប្តូរ​គំនិត​របស់ខ្លួន​ហើយ​បន្ត​នៅ​សហភាព​អឺរ៉ុប​នោះបាន​និយាយថា ប្រសិនបើ​ទីក្រុង​ឡុង​ដ៍​ត្រូវការ​ពេលវេលា​បន្ថែមទៀត ការពន្យា​ពេល​មួយទៀត​គួរតែ​ត្រូវបាន​ផ្តល់​ឲ្យ​។​

​លោកស្រី​ប្រាប់​សមាជិក​គណបក្ស Green នៅក្នុង​សភា​ថា “​ប្រសិនបើ​ចក្រភព​អង់គ្លេស​ត្រូវការ​ពេលវេលា​ច្រើន​បន្ថែមទៀត ខ្ញុំ​គិតថា​នេះ​ជា​ផ្លូវត្រូវ​”​។​

​ប៉ុន្តែ​លោកស្រី​បាន​ទទូចថា​នឹង​គ្មាន​ការផ្លាស់ប្តូរ​ចំពោះ​គោលការណ៍​របស់​អៀរ​ឡង់​ទេ​ហើយ​បាន​ព្រមាន​លោក Boris Johnson និង​លោក Jeremy Hunt ដែលជា​បុរស​កំពុង​ប្រជែង​គ្នា​ដើម្បី​ជំនួស​លោកស្រី May ថា សំឡេង​និង​អាកប្បកិរិយា​របស់ Brexit គឺ​សំខាន់​ណាស់​ចំពោះ​ទំនាក់ទំនង​នាពេល​អនាគត​រវាង​ចក្រភព​អង់គ្លេស​និង​សហភាព​អឺរ៉ុប​។​

​អ្នក​ទាំងពីរ​បាន​សន្យា​ថា​នឹង​ចរចា​ឡើងវិញ​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង Brexit ទទួលបាន​លក្ខខណ្ឌ​ល្អប្រសើរ​ជាង​មុន​ឬ​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ប៉ុន្ដែ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់ថា ខ្លួន​នឹងមិន​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ​នោះទេ​។​

​បី​ឆ្នាំ​បន្ទាប់ពី​ការបោះឆ្នោត​ប្រជាមតិ​ចេញពី​ប្លុក​នេះ​, Brexit នៅតែ​ជា​បញ្ហា​ដ៏​រសើប​ក្នុង​ចក្រភព​អង់គ្លេស​ហើយ​លោកស្រី von der Leyen បាន​និយាយថា ខណៈដែល​លោកស្រី​នៅតែ​សង្ឃឹមថា​អង់គ្លេស​នឹង​បន្ត​នៅក្នុង​ប្លុ​ន​នេះនោះ ទីក្រុង​ឡុង​ដ៍​ត្រូវតែ​ធ្វើ​សកម្មភាព​ដើម្បី​បញ្ចប់​ភាពជាប់គាំង​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114