ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការ​លើកលែងទោស​អន្តរជាតិ​ជំរុញ​ឲ្យ​កូរ៉េខាងត្បូង​បញ្ឈប់​ការរើសអើង​លើ​ទាហាន​ភេទ​ទី​បី

អង្គការ​លើកលែងទោស​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ បាន​អំពាវនាវ​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្រឡាញ់​ភេទ​ដូចគ្នា​សម្រាប់​បុរស​ក្នុង​ជួរ​កងទ័ព​ដោយ​ព្រមាន​ថា ច្បាប់​នា​ពេល​បច្ចុប្បន្ន​នេះ​ នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា ការរើសអើង​និង​ការ​ស្អប់ខ្ពើម​ប្រឆាំង​ នឹង​ទាហាន​ភេទ​ទី​បី។

ក្រុម​សិទ្ធិ​មនុស្ស​នេះ​បាន​និយាយថា ច្បាប់​យោធា​របស់​ប្រទេស​កូរ៉េខាងត្បូង​មិនបាន​គោរព​តាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​រដ្ឋ​នេះ​បាន​ចុះហត្ថលេខា​លើ​នោះទេ​។​

​អង្គការ​លើកលែងទោស​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា “​តាមរយៈ​ការបង្កើត​ឲ្យ​មានការ​រើសអើង ច្បាប់​ដែល​ដាក់​កម្រិត​លើ​ការរួម​ភេទ​រវាង​បុរស​និង​បុរស​បាន​ពង្រីក​ការរើសអើង​ជា​ប្រព័ន្ធ​ចំពោះ​មនុស្ស​ភេទ​ទី​បី បុរស​ស្រលាញ់​ភេទ​ដូចគ្នា​និង​អ្នក​កែ​ភេទ​មិន​ថា​នៅក្នុង​ជួរ​យោធា នៅតាម​ផ្លូវ​ឬ​នៅក្នុង​ផ្ទះ​នោះទេ​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​យោបល់​នោះទេ​ប៉ុន្តែ​កាលពី​អតីតកាល ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយ​ការពារ​ក្រម​ច្បាប់​នេះ​ថា​ជាការ​ចាំបាច់​ដើម្បី​រក្សា​វិន័យ​។​

​របាយការណ៍​របស់​អង្គការ​លើកលែងទោស​បាន​កើតឡើង​នៅពេលដែល​ប្រទេស​កូរ៉េខាងត្បូង​បាន​ជាប់​នៅក្នុង​ការជជែក​វែកញែក​ដ៏​ទូលំទូលាយ​អំពី​អនាគត​នៃ​កងកម្លាំង​យោធា​របស់ខ្លួន​។​

​អង្គការ​លើកលែងទោស​បាន​ជំរុញ​ឲ្យ​កូរ៉េខាងត្បូង​លុបចោល​មាត្រា​៩២-៦​នៃ​ច្បាប់ព្រហ្មទណ្ឌ​យោធា​ដែល​ខ្លួន​និយាយថា មាន​ប្រសិទ្ធិភាព​ហាមឃាត់​និង​ដាក់ទណ្ឌកម្ម​ផ្លូវភេទ​លើ​បុរស​នៅក្នុង​ជួរ​យោធា​។​

គួរ​បញ្ជាក់ថា សកម្មភាព​ស្រឡាញ់​ភេទ​ដូចគ្នា​មិនមែនជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ​សម្រាប់​ជន​ស៊ីវិល​កូរ៉េខាងត្បូង​ប៉ុន្តែ​គូស្នេហ៍​ភេទ​ដូចគ្នា​មិនមាន​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​ឬ​សុំ​កូនចិញ្ចឹម​ឡើយ​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114