ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​គយ​ ចុះ​ចាប់​យក​​ម៉ាស៊ីន​ភ្លើង​មិន​មាន​ឯកសារ​បង់ពន្ធ​​ជាច្រើន​គ្រឿង ក្នុង​ឃ្លាំង​២​កន្លែង​របស់​ជនជាតិ​ចិន​នៅ​ក្រុង​ព្រះសីហនុ

ព្រះសីហនុ ​​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​​កក្កដា ឆ្នាំ​​២០១៩​ សមត្ថកិច្ច​គយ​ចល័ត ​នៃ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​សាខា​គយ ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​ និង​ចូលរួម​ពី​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ,​កម្លាំង​កងរាជអាវុធហត្ថ ៤០២ របស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដោយមាន​ការ​សម្របសម្រួល​ពី​លោក សុខ កល្យាណ​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​លោក​ព្រះរាជអាជ្ញា សៀង សុខ ហើយ​និង​លោក​ព្រះរាជអាជ្ញា​រង លឹម ប៊ុនហេង ដឹកនាំ​ ចុះ​អនុវត្ត​​​ផ្ទាល់ អនុវត្ត​​​តាម​ដីកា​លេខ​២៨០៥ ចុះ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ បាន​ចូល​ឆែក​ត្រួតពិនិត្យ​ក្នុង​ឃ្លាំង​លក់​ម៉ាស៊ីន​ភ្លើង​ចំនួន​២​កន្លែង​របស់​ជនជាតិ​ចិន។

ឃ្លាំង​ទាំង​២​កន្លែង​នេះ ​មាន​ម្ចាស់​ជា​ជន​ជាតិ​ចិន ដែល​​ ទី​១-​ឃ្លាំង​ស្តុក​ម៉ាស៊ីនភ្លើង ​មាន​​​​ឈ្មោះ ហាង ហ្វូ​លី​ស៊ឺ​ថឹ មាន​ទីតាំងនៅ ឃ្លាំង​គ្មាន​លេខ ផ្លូវជាតិ​លេខ​៤ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ទល់មុខ​រោងចក្រ​ស្រា​បៀរ​ក្រោ​ន។ ២-​ឃ្លាំង​ស្តុក​ម៉ាស៊ីនភ្លើង (​គ្មាន​ឈ្មោះ​) មាន​ទីតាំងនៅ ឃ្លាំង​គ្មាន​លេខ ផ្លូវជាតិ​លេខ​៤ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ទល់មុខ​រោងចក្រ​ស្រា​បៀរ​ក្រោ​ន ឆៀង​ខាងលិច ស្ថិត​នៅក្នុង​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ ។

បើតាម​មន្ត្រី​គយ​ថ្លែងថា ក្នុងពេល​ឆែក​ត្រួតពិនិត្យ​កន្លែង​លក់​ម៉ាស៊ីន​ភ្លើង​ទាំង​២​កន្លែង​នេះ សមត្ថកិច្ច​រកឃើញ​មាន​ម៉ាស៊ីន​ភ្លើង​ថ្មី​ទាំង​តូច​ទាំង​ធំ​ប្រមាណ​ជាង​៦០​គ្រឿង ដែល​មិន​ទាន់មាន​ឯកសារ​បង់ពន្ធ​នាំចូល​ខុស​នឹង​នីតិ​វិធី​គយ។

ករណីនេះ​ សមត្ថកិច្ច​គយ​បាន​ដកហូតយក​ម៉ា​ស៊ីន​ភ្លើង​ទាំងអស់​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​រួចហើយ​តម្រូវ​អោយ​ម្ចាស់​ចូល​​ទៅ​បង្ហាញ​ឯកសារ​បង់ពន្ធ​ និង​បើ​គ្មាន​ឯកសារ​ត្រឹមត្រូវ តម្រូវ​ឲ្យ​ម្ចាស់​បង់ពន្ធ​ជូន​រដ្ឋ ជាមួយ​នឹង​ការ​ផាក​ពិន័យ​តាម​នីតិ​វិធី​ច្បាប់។

មន្ត្រី​គយ​ថ្លែង​បញ្ជាក់​ដែរ​ថា សកម្មភាព​បង្ក្រាប​ទំនិញ​គេចពន្ធ​នេះ គឺ​អនុវត្ត​​តាម​គោលការណ៍​ណែនាំ​ផ្ទាល់​ពី​ប្រធាន​នាយកដ្ឋាន​បង្ការ​ និង​បង្ក្រាប​អំពើ​គេច​ពន្ធ និង​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា ដែល​តម្រង់​ទិស​ឲ្យ​ប្រតិបត្តិ​ករ​ឯកជន​ទាំងអស់ ទាំង​ជនជាតិខ្មែរ​និង​ជនបរទេស​ត្រូវគោរព​ច្បាប់​ពន្ធគយ ដើម្បី​ប្រមូល​ប្រាក់​ពន្ធ​ជូន​រដ្ឋ៕

ដោយ ៖ កោះពស់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114