ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋាភិបាល​អង់គ្លេស ​៖​ ទូក​អ៊ីរ៉ង់​ ប៉ុនប៉ង​រារាំង​ការ​ឆ្លងកាត់​របស់​នាវា​ដឹក​ប្រេង​អង់គ្លេស

ទូក​អ៊ីរ៉ង់​ចំនួន​៣​គ្រឿង​បាន​ប៉ុនប៉ង​រារាំង​នាវា​ដឹក​ប្រេង​របស់​អង់គ្លេស​មួយ​គ្រឿង​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​កាលពី​ថ្ងៃ​ពុធ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​នៅក្នុង​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​ក្បែរ​ប្រទេស​អ៊ីរ៉ង់។

ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅក្នុង​ច្រក​សមុទ្រ Hormuz ដែលជា​កន្លែង​នាវា​ពាណិជ្ជកម្ម​អង់គ្លេស​ឈ្មោះ British Heritage កំពុង​ព្យាយាម​ឆ្លងកាត់​។​

សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ដែល​ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា “​ដោយ​ផ្ទុយទៅនឹង​ច្បាប់​អន្តរជាតិ ទូក​អ៊ីរ៉ង់​ចំនួន​បី​គ្រឿង​បាន​ប៉ុនប៉ង​រារាំង​ការឆ្លងកាត់​របស់​នាវា​ពាណិជ្ជកម្ម​អង់គ្លេស British Heritage តាមរយៈ​ច្រក​សមុទ្រ Hormuz”​។​

សេចក្តីថ្លែងការណ៍​ដដែល​បាន​និយាយថា នាវាចម្បាំង​អង់គ្លេស HMS Montrose ត្រូវ​បង្ខំចិត្ត​ចូលខ្លួន​នៅ​ចន្លោះ​ទូក​អ៊ីរ៉ង់​និង​នាវា British Heritage ហើយ​ចេញ​ការព្រមាន​ទៅកាន់​ទូក​អ៊ីរ៉ង់​ដែល​ក្រោយមក​ពួកគេ​បាន​ចាកចេញ។

សេចក្តីថ្លែងការណ៍​បន្ត​ថា “​យើង​មានការ​ព្រួយបារម្ភ​ចំពោះ​ទង្វើ​នេះហើយ​បន្ត​ជំរុញ​ឲ្យ​អាជ្ញាធរ​អ៊ីរ៉ង់​បន្ធូរបន្ថយ​ស្ថានភាព​នៅក្នុង​តំបន់​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​ព័ត៌មាន Fars បាន​រាយការណ៍​ថា ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​ច្រានចោល​ការអះអាង​ដែលថា ពួកគេ​ព្យាយាម​បញ្ឈប់​នាវា​ដឹក​ប្រេង​អង់គ្លេស​នេះ។

មន្ត្រី​ការពារជាតិ​អាមេរិក​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​រ៉​យ​ទ័​រ​មុននេះ​ថា ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​ច្រកចូល​ភាគ​ខាងជើង​នៃ​ច្រក​សមុទ្រ Hormuz។

កាលពី​ថ្ងៃ​ពុធ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​ព្រមាន​ដល់​ចក្រភព​អង់គ្លេស​ថា ខ្លួន​នឹង​ប្រឈម​នឹង​ផលវិបាក​មិន​ច្បាស់លាស់​ដោយសារតែ​ការ​រឹបអូស​នាវា​ដឹក​ប្រេង​មួយគ្រឿង​ខណៈ​កំពុង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី​នៅ​ជិត​ឆ្នេរសមុទ្រ ហ្គី​ប្រា​ល់តា កាលពី​សប្តាហ៍​មុន​។ នាវា​នេះ​នៅតែ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​កាន់កាប់​របស់​អង់គ្លេស៕ GUARDIAN

ដោយ ​៖ ​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114