ព័ត៍មានទាន់​ហេតុការណ៏
Search

សភា​ពាណិជ្ជកម្ម​អឺរ៉ុប បញ្ចប់​ការ​បោះពុម្ព​សៀវភៅ White Book 2019 ដែល​សៀវភៅ​នេះ បង្ហាញ​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​ដាក់​ទុក​វិនិយោគ​

​ភ្នំពេញ​ ៖ សភា​ពាណិជ្ជកម្ម​អឺរ៉ុប បាន​បញ្ចប់​ការ​បោះពុម្ព​សៀវភៅ “​សៀវភៅ ស ឆ្នាំ​២០១៩ (White Book 2019)” ដែល​សៀវភៅ​នេះ ​បាន​បង្ហាញ​ថា កម្ពុជា ​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​ដាក់​ទុន​វិនិយោគ របស់​អ្នកវិនិយោគទុន​បរទេស​។​

​ការបង្ហាញ​ពី​ការបញ្ចប់​ការបោះពុម្ព​សៀវភៅ​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក Guillaume Massin អនុប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា (EUROCHAM) ខណៈ​ដែល​លោក Guillaume Massin ប្រគល់​នូវ “​សៀវភៅ ស ឆ្នាំ​២០១៩ (White Book 2019)” របស់ EUROCHAM ជូន​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៩​។​

​នៅក្នុង​ជំនួប​នោះ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​សម្ដែង​នូវ​អំណរ​សាទរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​ទើបតែ​បាន​បោះពុម្ពផ្សាយ​នូវ “​សៀវ​ភៅ ស ឆ្នាំ​២០១៩ (White Book 2019)” ដោយ​ជោគជ័យ​ក្នុង​ពេល​ថ្មីៗ​កន្លងមកនេះ​។

ជាមួយគ្នានេះ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ ក៏បាន​ថ្លែងអំណរគុណ និង​ វាយតម្លៃ​ខ្ពស់ ចំពោះ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​តែងតែ​បាន​រួមចំណែក​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ជាមួយនឹង​ការផ្សព្វផ្សាយ​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជា​ផ្តល់​នូវ​មតិ​ស្ថាបនា ចូលរួមចំណែក​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ទាក់​ទាន​វិនិយោគ​មក​កម្ពុជា​។​

​ជា​ការ​ឆ្លើយតប លោក Guillaume Massin បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា និង​សូម​កោតសរសើរ​ចំពោះ​សមិទ្ធផល​ដែល​កម្ពុជា​ទទួលបាន​នាពេល​កន្លងមក។ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ផ្តល់​នូវ​អនុសាសន៍ ក្នុង​ការ​ចងក្រង​សៀវ​នេះ​ឡើង ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺជា​ក្រសួង​ទី​១ របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ដែល​បានទទួល “​សៀវភៅ ស ឆ្នាំ​២០១៩” នេះ។ “​សៀវភៅ ស ឆ្នាំ​២០១៩” មិន​ត្រឹមតែ​រំលេច​នូវ​អនុសាសន៍​នានា​សម្រាប់​រាជរដ្ឋាភិបាល ប៉ុន្តែ​ក៏បាន​រំលេច​នូវ​សមិទ្ធផល ដែល​រាជរដ្ឋា​ភិបាល​សម្រេចបាន​នាពេល​កន្លងមក​ផងដែរ​។​

​តាម​លោក Guillaume Massin គោលបំណង​ចម្បង​របស់ “​សៀវភៅ ស ឆ្នាំ ២០១៩” គឺ​ គូស​បញ្ជាក់​ជូន​វិនិយោគិន​ទាំងអស់ ទាំង​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​ដាក់​ទុក​វិនិយោគ ហើយ​លោក​សង្ឃឹមថា នឹង​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​ចូល​រួម​ចំណែក​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​តទៅទៀត​៕

ដោយ ៖ សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114