ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធានាធិបតី​តៃវ៉ាន់​ចាក​ចេញទៅ​សហរដ្ឋអាមេរិក​ ហើយ​ព្រមាន​អំពី​ការគំរាមកំហែង​ពី​កងកម្លាំង​បរទេស

ប្រធានាធិបតី​កោះ​តៃវ៉ាន់ ​លោកស្រី Tsai Ing-wen បាន​ចាកចេញ​ទៅកាន់​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​ដំណើរ​មួយ ​ដែល​បានធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ខឹង​ ហើយ​លោកស្រី​បាន​ព្រមាន​ថា លទ្ធិប្រជាធិបតេយ្យ​គួរតែ​ត្រូវបាន​ការពារ។

​លោកស្រី​នឹងត្រូវ​ចំណាយពេល​សរុប​បួន​យប់​នៅ​សហរដ្ឋអាមេរិក​ពោលគឺ​ពីរ​ថ្ងៃ​ទៅ​និង​ពីរ​ថ្ងៃ​មក​សម្រាប់​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​កា​រា​ប៊ី​ន​ចំនួន​បួន​។ លោកស្រី Tsai នឹង​ទៅ​ទីក្រុង​ញូវយ៉ក​តាមផ្លូវ​ទៅ​របស់លោក​ស្រី​ហើយ​បន្ទាប់មក​ត្រូវបាន​គេ​រំពឹងថា​នឹង​ឈប់​នៅ​ទីក្រុង ដេ​ន​វើ តាមផ្លូវ​ត្រឡប់មកវិញ​។​

​ពេលវេលា​របស់លោក​ស្រី Tsai នៅ​សហរដ្ឋអាមេរិក​នឹងមាន​រយៈពេល​យូរ​ខុសពី​ធម្មតា​ដែល​តាម​រាល់ដង លោកស្រី​បាន​ចំណាយពេល​ត្រឹម​តែមួយ​យប់​ប៉ុណ្ណោះ​ក្នុងពេល​ឈប់​សំចត​ឆ្លងកាត់​។​

​ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​សំខាន់​របស់​ទីក្រុង​តៃប៉ិ លោកស្រី Tsai បាន​និយាយថា លោកស្រី​នឹង​ចែករំលែក​តម្លៃ​នៃ​សេរីភាព​និង​តម្លាភាព​ជាមួយ​សម្ព័ន្ធមិត្ត​តៃវ៉ាន់​ហើយ​លោកស្រី​កំពុង​សម្លឹងមើល​កន្លែង​ទំនេរ​ជា​អន្តរជាតិ​បន្ថែមទៀត​សម្រាប់​កោះ​តៃវ៉ាន់​។​

​លោកស្រី Tsai បាន​ថ្លែងថា “​លទ្ធិប្រជាធិបតេយ្យ​រប​ស់​យើង​មិន​បានមក​ដោយ​ងាយស្រួល​នោះទេ​ហើយ​ឥឡូវនេះ​កំពុង​ប្រឈម​នឹង​ការ​គំរាម​និង​ការជ្រៀតជ្រែក​ពី​កងកម្លាំង​បរទេស​។ បញ្ហា​ប្រឈម​ទាំងនេះ​ក៏​ជា​បញ្ហា​ប្រឈម​ជាទូទៅ​ដែល​លទ្ធិប្រជាធិបតេយ្យ​ទូទាំង​ពិភពលោក​បាន​ជួបប្រទះ​ផងដែរ​ហើយ​យើង​នឹងធ្វើ​ការ​ជាមួយ​បណ្តា​ប្រទេស​ដែលមាន​គំនិត​ស្រដៀង​គ្នា​ដើម្បី​ធានា​ឲ្យ​មាន​ស្ថេរភាព​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​”​។​

​លោកស្រី Tsai ដែល​កំពុង​ប្រឈមមុខ​នឹង​ការបោះឆ្នោត​ជាថ្មី​នៅ​ខែមករា​ឆ្នាំ​ក្រោយនេះ​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​មានការ​គាំទ្រ​ពី​អន្តរជាតិ​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​របស់​កោះ​តៃវ៉ាន់​ស្របពេល​ប្រឈមមុខ​នឹង​ការគំរាមកំហែង​របស់​ចិន​។​

​គួរ​បញ្ជាក់ថា លោកស្រី Tsai បានធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​លើកចុងក្រោយ​បំផុត​កាលពី​ខែមីនា​ដោយ​ឈប់​សំចត​នៅ​កោះ​ហា​វ៉ៃ​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​តំបន់​ប៉ាស៊ីហ្វិក​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114