ព័ត៍មានទាន់​ហេតុការណ៏
Search

ការបិទ​ការនាំចេញ​របស់​ជប៉ុន​ អាច​នឹងត្រូវ​អូសបន្លាយ​ពេល​កាន់តែ​យូរ

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា ការបិទ​ការនាំចេញ​របស់​ជប៉ុន​លើ​វត្ថុ​ធាតុ​សំខាន់ៗ​ ដែល​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​របស់​កូរ៉េខាងត្បូង​នោះ ​អាច​នឹងត្រូវ​អូសបន្លាយ​ពេល​បន្ថែម ហើយ​រដ្ឋាភិបាល​របស់​លោក​នឹង​បង្កើន​ការចំណាយ​យ៉ាងច្រើន​ដើម្បី​ជួយ​កាត់បន្ថយ​ការ​ពឹង​ផ្អែកលើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ជប៉ុន​។​

​ដោយឡែក​ប្រទេស​ជប៉ុន​បាន​លើកឡើងថា ខ្លួន​នឹង​រឹតបន្តឹង​ការនាំចេញ​លើ​វត្ថុ​ធាតុ​សំខាន់ៗ​បី​ប្រភេទ​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ផលិត​អេក្រង់​ទូរ​សព្ទ និង​បន្ទះ​ឈី​ប ដោយបាន​លើកឡើង​ពី​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ជុំវិញ​ការបង្ខិតបង្ខំ​កម្លាំង​ពលកម្ម​ជនជាតិ​កូរ៉េខាងត្បូង​ដើម្បី​ឱ្យធ្វើ​ការឱ្យ​ក្រុមហ៊ុន​ជប៉ុន​កាលពី​អំឡុង​សម័យ​សង្គ្រាមលោកលើកទី​២​។​

​ជម្លោះ​ដែលមាន​ការរីក​កាន់តែ​ធំ​នេះ​បាន​គំរាមកំហែង​ថា​នឹង​បង្អាក់​ការផ្គត់ផ្គង់​បន្ទះ​ឈី​ប និង​អេក្រង់​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េខាងត្បូង Samsung Electronics និង SK Hynix ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដ៏​សំខាន់ ក្នុងនោះ​មាន Apple Inc និង​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ជាច្រើន​ទៀត​ដែលជា​អតិថិជន​ទិញ​វត្ថុ​ធាតុ​ពី​ក្រុមហ៊ុន​ទាំងពីរ​នេះ​។​

​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ថ្លែង​ក្នុង​អង្គប្រជុំ​ដោយមាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ពហុ​ទំនិញ​កំពូលៗ​របស់​កូរ៉េខាងត្បូង​ចំនួន​៣០​បាន​ចូលរួម​ថា “​យើង​មិនអាច​បដិសេធ​ស្ថានការណ៍​ដែលថា​បញ្ហា​នេះ​នឹងត្រូវ​អូសបន្លាយ​វែង​បន្ថែម ទោះបីជា​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​របស់​យើង​ទាំងពីរ​បានធ្វើ​ឡើង​ដើម្បី​ដោះស្រាយ​ទំនាស់​នេះ​ក៏ដោយ​”​។​

“​វា​គឺជា​ស្ថានការណ៍​ដ៏​គួរឱ្យ​សោកស្ដាយ​មួយ ប៉ុន្តែ​យើង​ក៏​គ្មាន​ជម្រើស​ដែរ មានតែ​ត្រៀម​ទទួលយក​លទ្ធផល​ប៉ុណ្ណោះឯង​។​” លោក​ប្រធានាធិបតី​បាន​ថ្លែង​ដូច្នេះ និង​បាន​បន្ថែមថា រដ្ឋាភិបាល​នឹង​បង្កើន​ការចំណាយ​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​កូរ៉េ​ទាំងអស់​សម្រាប់​ចំណាយ​លើ​វត្ថុ​ធាតុ និង​ឧបករណ៍​ដែល​ចាំបាច់​ក្នុងស្រុក​។​

​ជាមួយគ្នា​នោះ លោក​បាន​ច្រានចោល​ការរាយការណ៍​ដែល​បាន​ធ្វើឡើង​ដោយ​អ្នកនយោបាយ​ម្នាក់​នៅ​ប្រទេស​ជប៉ុន​ដែលថា កូរ៉េខាងត្បូង​បាន​ដឹកជញ្ជូន​សារធាតុ​អ៊ីដ្រូសែន​ហ្វូ​រីត​ខុសច្បាប់​នាំចូល​ពី​ជប៉ុន​ទៅកាន់​កូរ៉េខាងជើង ដែលជា​ការប្រព្រឹត្ត​រំលោភ​លើ​ទណ្ឌកម្ម​អន្តរជាតិ​៕ REUTERS

ដោយ ៖ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114