ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មវិធី​លក់​សំបុត្រ​កុន​ដ៏​ល្បី​របស់​ចិន​ថា​ នឹង​ជំរុញ​ការវិនិយោគ​វិស័យ​កុន​បន្ថែម

Maoyan Entertainment ដែលជា​វេទិកា​លក់​សំបុត្រ​កុន​ឈានមុខ​គេ​របស់​ចិន​ បាន​ឱ្យ​ដឹង​ថា ខ្លួន​នឹង​ជំរុញ​ការវិនិយោគ​នៅក្នុង​ឧស្សាហកម្ម​ខ្សែភាពយន្ត​ក្នុងស្រុក និង​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Tencent Holdings Ltd ដោយសារ​ក្រុមហ៊ុន​នេះ​ ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​បញ្ឈប់​ការ​ធ្លាក់ចុះ​នៃ​វិស័យ​ភាពយន្ត​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Zheng Zhihao បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ដើម្បី​ត្រឡប់​និន្នាការ​នេះ បណ្ដា​រោងភាពយន្ត​កំពុង​ដាក់​ក្តី​សង្ឃឹមលើ​ខ្សែភាពយន្ត​ក្នុងស្រុក​។​

​ទិន្នន័យ​បង្ហាញ​ដោយ​ក្រុមហ៊ុន Maoyan បាន​បង្ហាញថា ប្រាក់ចំណូល Box Office បាន​ធ្លាក់ចុះ ២,៧% ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០១៩ ខណៈដែល​ចំនួន​អ្នក​ចូល​មើល​ភាពយន្ត​មានការ​ធ្លាក់ចុះ ១០% ។​

​ក្រុមអ្នកវិភាគ​បាន​កត់សម្គាល់ថា ការធ្លាក់ចុះ​នេះ​មាន​លក្ខណៈ​ស្របគ្នា​ជាមួយ​ការធ្លាក់ចុះ​នៃ​ការប្រើប្រាស់​ក្នុងស្រុក​ក្នុងពេលដែល​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​គំរាមកំហែង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដែលមាន​លក្ខណៈ​ទន់ជ្រាយ​រួចទៅហើយ​។​

​កម្មវិធី Maoyan បានចាប់ផ្តើម​សម្ព័ន្ធ​ភាពជា​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ហ្គេម Tencent ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​ទទួលបាន​ធនធាន​ពី​សម្ព័ន្ធ​ក្រុមហ៊ុន​ដូចជា​ក្រុមហ៊ុន Tencent Pictures, Tencent Video, Tencent Investment និង Tencent Music Entertainment Group ជាដើម​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114