ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកតំណាងរាស្ត្រ សួស យ៉ា​រ៉ា​ថា ក្រុម​បក្ស​ប្រឆាំង​កំពុង​យក​បញ្ហា​លទ្ធិប្រជាធិបតេយ្យ ធ្វើជា​លេស​ក្នុងការ​រិះគន់ ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល

តាកែវ ៖ លោក សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហា​បាន​អះអាង​ថា ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ គឺជា​ប្រទេស​ដែល​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ហើយ​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ការអប់រំ​ដូចគ្នា ជាពិសេស​ប្រជាពលរដ្ឋ និង​និស្សិត ដែល​បញ្ចប់​ការសិក្សា​ទទួល​បាន​ការងារ​ធ្វើ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រូ​សារ​តែ​កន្លងមក​ក្រុម​អតីត​មេដឹកនាំ​បក្សប្រឆាំង រួមជាមួយ​អង្គការ​ស​ង្គ​ម​ស៊ីវិល​មួយចំនួន បាន​យក​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​ធ្វើជា​លេស ក្នុងការ​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក សួស យ៉ា​រ៉ា បញ្ជាក់​បែបនេះ នៅ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា កសាង​អាគារ​សិក្សា​មួយ​ខ្នង មាន​កម្ពស់​២​ជាន់ ១២​បន្ទប់ នៅ​វិទ្យាល័យ​ដំបូក​ខ្ពស់ ស្ថិត​នៅ​ក្នុង​ស្រុក​បូរី​ជលសា ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩។

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ សិស្ស​និស្សិត ក៏ដូចជា​អ្នកចូលរួម​នៅក្នុង​ពិធី​នោះ អ្នកតំណាងរាស្ត្រ លោក សួស យ៉ា​រ៉ា បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​ការ​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន និង​បាន​រិះគន់​ទៅលើ​អតីត​ក្រុម​បក្ស​ប្រឆាំង ដែល​កំពុងតែ​យក​បញ្ហា​លទ្ធិប្រជាធិបតេយ្យ ធ្វើជា​លេស​ក្នុង​ការ​រិះគន់ ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

តាម​លោក សួស យ៉ា​រ៉ា ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ គឺជា​ប្រទេស​ដែល​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ការអប់រំ​ដូចគ្នា ជាពិសេស​ប្រជាពលរដ្ឋ និង​និស្សិត​ដែល​បញ្ចប់​ការសិក្សា ត្រូវ​ទទួល​បាន​ការងារ​ធ្វើ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រូ​សារ​។ ស្ថានភាព​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន កំពុងតែ​អនុវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ មិនមែន​ក្លែងក្លាយ ដូច​ពួក​អតីត​ក្រុម​ប្រឆាំង​លាប​ពណ៌​ឲ្យ​យើង​នោះទេ​។

​លោក សួស យ៉ា​រ៉ា បាន​អះអាង​ថា កន្លងមក​ក្រុម​អតីត​បក្សប្រឆាំង រួមជាមួយ​អង្គការ​ស​ង្គ​ម​ស៊ីវិល​មួយចំនួន បាន​យក​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ មក​ធ្វើការ​វាយប្រហារ​រាជរដ្ឋាភិបាល រហូតដល់​ទៅ​កៀរគរ​ពួក​បរទេស​មួយចំនួន ឲ្យ​ធ្វើការ​គាបសង្កត់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា​ជាដើម​។ តែ​ទោះបីជា​យ៉ាងណា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រឹងប្រែង​ជម្នះ ឧបសគ្គ​គ្រប់បែបយ៉ាង ដើម្បី​ធ្វើ​យ៉ាង​ណា​ការពារ​ឲ្យ​បាន​នូវ​សុខសន្តិភាព ការអភិវឌ្ឍន៍​ប្រទេស និង​ភាព​រស់នៅ​សុខសាន្ត របស់​ប្រជាពលរដ្ឋ​។

លោក សួស យ៉ា​រ៉ា បាន​បញ្ជាក់ដែរថា កម្ពុជា​ត្រូវការ​សង្គម​ស៊ីវិល​ពិតប្រាកដ​មួយ ដែល​ជួយ​កសាង និង​អភិវឌ្ឍន៍​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ធ្វើឡើង ដូចជា​ថ្ងៃនេះ​ជាដើម ដែល​វិទ្យាល័យ​មួយ​ក្នុងស្រុក​បូរី​ជលសា បានទទួល​ជំនួយ​ពី​អង្គការ​សង្គម​ស៊ីវិល បាន​ជួយ​កសាង​អណ្ដូងទឹក និង​សាលា​មួយ​ខ្នង​កម្ពស់​២​ជាន់ ១២​បន្ទប់ ដើម្បី​ទុក​បម្រើ​ដល់​វិស័យ​អប់រំ នៅ​ស្រុក​នេះ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114