ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​បឹងកេត បញ្ជាក់​ថា​ ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​ពាន​សម្តេច​តេ​ជោ ប៉ះ​ក្រុម​ណា​ក៏​អាច​លេង​បាន

លោក ហៅ សុជាតិ គ្រូ​បង្វឹក​នៃ​ក្រុមបាល់ទាត់​បឹង​កេត បាន​បង្ហើប​ថា ឡើង​ទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប៉ះ​ក្រុម​ណា​ក៏​ក្រុម​របស់​លោក​អាច​លេង​បាន​ទាំងអស់​។ ថ្លែង​បែបនេះ​គឺ​នៅ​ក្រោយ​ក្រុម បឹងកេត ឈ្នះ​ខេត្តសៀមរាប ៣​ទល់​០ ( និង​ឈ្នះ​ទាំង​២​ជើង ៩​ទល់​០ ) កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន​ខេ​ម​បូ​ឌា អែរ​វ៉េ ( Cambodia Airways Stadium ) ដែលជា​ទឹកដី​ថ្មី​របស់​ក្រុម​រហស្សនាម នាគ​ខៀវ មួយ​នេះ​។

ថ្លែង​នៅ​ក្រោយ​ចប់​ការប្រកួត លោក ហៅ សុជាតិ បាន​លើកឡើង​ថា «​សម្រាប់​ការប្រកួត​ថ្ងៃនេះ​យើង​សប្បាយចិត្ត​ជាមួយ​ជ័យជម្នះ ប៉ុន្តែ​យើង​ពិតជា​មិន​ពេញចិត្ត​នៅ​លើ​លទ្ធផល ៣​ទល់​០ នេះ​ទេ​ដោយសារ​យើង​គិតថា យើង​នឹង​ទទួល​បាន​គ្រាប់​បាល់​ច្រើនជាង​នេះ​»​។

គ្រូបង្វឹក​វ័យ​៣៩​ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ផង​ដែរ​ ជុំវិញ​កត្តា​ដែល​នាំ​ឲ្យ​ក្រុម​ហាក់​ធ្វើ​បាន​នូវ​លទ្ធផល​ពុំ​សូវ​គាប់ចិត្ត​ថា ដោយសារតែ​កីឡាករ​ថ្មី​ច្រើន ជាពិសេស​គឺ​យុវជន​ដែល​ពុំ​សូវ​មានឱកាស​បង្ហាញខ្លួន បូករួម​ជាមួយ​តំបន់​កណ្ដាល​របស់​ក្រុម ​គឺ​នៅ​មាន​កង្វះខាត​លើ​ការ​បញ្ជូន​បាល់​ចុងក្រោយ បើ​ទោះបី​ជា​តំបន់​ខាងលើ​មាន​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច ចាន់ វឌ្ឍនាកា ក៏ដោយ​។

បែបនេះ​ក្ដី ក្រុម​បឹងកេត បាន​កក់​កៅអី​ទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​ដដែល​នេះ​ដោយ​នឹងត្រូវ​ប្រជែង​ជាមួយ​ក្រុម ៧​ផ្សេងទៀត​ដែល​ភាគច្រើន​សុទ្ធសឹងតែ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​កម្ពុជា​ដូចគ្នា យ៉ាងណាមិញ​លោក​បាន​បន្ត​ថា ក្រុម​ណា​ក៏​បឹងកេត អាច​តតាំង​បាន​ដូចគ្នា​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ​។

«​ចំពោះ​យើង​គឺ​យើង​មិន​ត្រូវមាន​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ទេ យើង​ប៉ះ​ក្រុម​ណា​ក៏​យើង​អាច​លេង​បាន​ដែរ តែ​សំខាន់​គឺ​ការរៀបចំ​របស់​ក្រុម​យើង​ផ្ទាល់ ធ្វើ​យ៉ាងម៉េច​រៀបចំ​ឲ្យ​ល្អ​ជាង​នេះ​ទៀត ព្រោះ​បើ​ប្រកួត​យើង​នៅតែ​លេង​ដូច​ប៉ះ សៀមរាប យើង​មិន​អាច​ទទួលជោគជ័យ​បានឡើយ​»​។ សម្ដី​បន្ថែម​របស់លោក ហៅ សុជាតិ​។

គួរ​រំលឹក​ផង​ដែរ​ថា ការប្រកួត​ដែល បឹងកេត ឈ្នះ ខេត្តសៀមរាប ដោយ​លទ្ធផល ៣​ទល់​០ សរុប​ទាំង​២​ជើង ៩​ទល់​០ (​កាលពី​ជើង​ទី​១ បឹងកេត ឈ្នះ សៀមរាប ០​ទល់​៦) គឺ​កើតចេញពី​ការ​រក​គ្រាប់​បាល់​ដោយ​កីឡាករ ម៉ុ​ន វ៉ាន់ដា ដែល​ជា​កីឡាករ​យុវជន​ទាត់​បញ្ចូល​ទី​នៅ​នាទី​៥ និង​ក្រោយមក​យុវជន​ម្នាក់ទៀត ជា វេស​លី រក​គ្រាប់​ទី​ពីរ នៅ​ពីរ​នាទី​បន្ទាប់ តាមរយៈ​ការ​បញ្ជូន​បាល់​បាន​យ៉ាង​ល្អ​ដោយ ចាន់ វឌ្ឍនាកា មុននឹង ចាន់ វឌ្ឍនាកា ខ្លួនឯង​ផ្ទាល់​រក​គ្រាប់​បាល់​ទី​បី បាន​នៅ​នាទី​១៤ ហើយ​បាន​បន្ត​រក្សា​លទ្ធផល​នេះ​ដល់​ចប់​ការប្រកួត​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114