ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ខេត្តសៀមរាប

សៀមរាប​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលាខេត្ត​សៀមរាប មាន​ប្រារព្ធ​ពិធី​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​អាជ្ញាធរ​ជុំវិញ​ខេត្ត​សៀមរាប កងកម្លាំងប្រដាប់អាវុធ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល លោកគ្រូ អ្នកគ្រូ យុវជន ស​.​ស​.​យ​.​ក យុវជន​កាយ​រិ​ទ្ធ យុវជន​កាកបាទក្រហម សិស្ស និ​សិ​ត្ស និង​ប្រជាពលរដ្ឋ សរុប​ចំនួន ៤៣០​រូប​។

ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ត្រូវ​បាន​រៀបចំឡើង​ក្រោម​ប្រធានបទ “​សុខភាព​ដើម្បី​យុត្តិធម៌ យុត្តិធម៌​ដើម្បី​សុខភាព​” ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​តម្រូវការ​ដ៏​ចាំបាច់ និង​ប្រកបដោយ​តម្លាភាព​នៃ​ការចូលរួម និង​គាំទ្រ​គ្នា​ទៅវិញទៅមក រវាង​ផ្នែក​អនុវត្ត​ច្បាប់ ផ្នែក​សុខភាព និង​ផ្នែក​សង្គមកិច្ច ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព​រួមគ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​មួយ​នេះ និង​ចូលរួម​យ៉ាងសកម្ម​ផុលផុស​រហូត​ធ្វើ​ឲ្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ក្លាយ​ទៅជា​ចលនា​ជាតិ​យ៉ាងសំខាន់​មួយទៀត ក្នុង​ការ​ការពារ​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​បាន​រុងរឿង​យ៉ាង​ឆាប់រហ័ស​។

ជា​មួយ​គ្នា​នេះ ក្នុង​គោលបំណង​លើកកម្ពស់ សុខភាព យុត្តិធម៌ និង​សិទ្ធិ របស់​ជនរងគ្រោះ​ដោយ​ការ​ប្រើ​បំពាន​គ្រឿងញៀន បានផ្តល់​ឱកាស​ឲ្យ​អ្នក​ប្រើ​គ្រឿងញៀន ទាំងអស់​មាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត​ដោយ​ស្ម័គ្រចិត្ត​ទៅ​ទទួលយក​ការ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ ទាំង​នៅក្នុង​មណ្ឌល​បណ្តោះអាសន្ន​របស់​រដ្ឋ និង​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ជំនួស​ឲ្យ​ការ​ទទួលទោស​តាមច្បាប់​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114