ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមប្រឹក្សា​ឥស្លាម​(MAI WP )​បង្រៀន​អនុសារណៈ​យោគយល់​គ្នា​ជាមួយ​(CMDF)​លើ​គម្រោង​ផ្ដល់​អាហារូបករណ៍​សិស្ស​និស្សិត​កម្ពុជា

​ភ្នំពេញ ៖ លោក យោ​ប អះ​ស្កា​រី អនុ​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា ក្នុងនាម​អង្គការ មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម កម្ពុជា តំណាង​លោក​ឧកញ៉ា​បណ្ឌិត អូស្មាន ហា​ស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុមប្រឹក្សា​ឥស្លាម​រដ្ឋ​សហព័ន្ធ​ម៉ា​ឡេ​ស៊ី​(MAIWP)​ទទួលបន្ទុក​ផ្នែក​អាហារូបករណ៍។ ជំនួប​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១០ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ២០១៩ នៅ​ឯ​ទីស្នាក់ការ​កណ្តាល​ក្រុម​ឯកទេស​ហា​ឡា​ល់ កម្ពុជា​រាជធានី​ភ្នំពេញ។

លោក យោ​ប អះ​ស្កា​រី បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នេះ ភាគី​ទាំងសងខាង បាន​ឯកភាព​គ្នា​រៀបចំ​ព្រាង​អនុសារណៈ​យោគ យល់​គ្នា ក្នុង​ការ​ទទួល​សិស្ស​និស្សិត​កម្ពុជា ប្រចាំឆ្នាំ​ចាប់​ពី​១០​នាក់ ​ឡើង​ទៅ ដើម្បី​បន្ត​ការសិក្សា​នៅឯ​ប្រទេស​ម៉ាឡេស៊ី។

ការសិក្សា​បែងចែក​ជា​២ ផ្នែក​ផ្សេងគ្នា​គឺ​១ ថ្នាក់​អនុវិទ្យាល័យ និង វិទ្យាល័យ សម្រាប់​សិស្ស​និស្សិត​ដែល​មាន​អាយុ​ចន្លោះ​ពី ១៣ ឆ្នាំទៅ ១៧ឆ្នាំ។ ​ទី​២ ផ្នែក​បណ្ដុះបណ្ដាល​បច្ចេកទេស​វគ្គ​ខ្លី​រយៈ​ពេល​១ ទៅ​២ឆ្នាំ ​សម្រាប់​សិស្ស​និស្សិត​ដែល​មាន​អាយុ​ចាប់ពី​១៨ ឆ្នាំ​ឡើង​ទៅ លើ​ផ្នែក​ជំនាញ​ស្ថាបត្យកម្ម អគ្គិសនី ចុងភៅ​កុំព្យូទ័រ កាត់ដេរ និង​ក្រាហ្វិក​កុំព្យូទ័រ។ រាល់​ការ​ចំណាយ​លើ​ការសិក្សា​ទាំង ២ ផ្នែក​ខាងលើ រួម​មានការ​ស្នាក់ នៅ ហូបចុក ធានារ៉ាប់រង វី​សា និង​ថវិកា ហោប៉ៅ​ជាដើម គឺជា​ការ​រ៉ាប់រង​១០០​ភាគរយ​របស់​សហព័ន្ធ​ម៉ាឡេស៊ី​(MAIWP)។

លោក យោ​ប អះ​ស្កា​រី បាន​រំលឹក​ថា ក្រៅពី​វិស័យ​អប់រំ សហព័ន្ធ​ម៉ាឡេស៊ី MAIWP បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ជាច្រើន សម្រាប់​សាងសង់ និង​ទិញ​ដី​ពង្រីក​ទីធ្លា​សាលា អាន់​នៀក​ម៉ះ​ភូមិ​៤ សាងសង់​អន្តេវាសិកដ្ឋាន​សិស្ស​ស្នាក់នៅ ភូមិ​ពោធិ​ឥន្ទ ខេត្ត​ត្បូងឃ្មុំ បោះពុម្ព​សៀវភៅ​សិក្សា​ឥស្លាម​គ្រប់​កម្រិត ផ្ដល់​អំណោយ​សប្បុរសធម៌​ជា​សំលៀកបំពាក់​ថ្វាយបង្គំ​បុរស​ស្ត្រី និង​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ អណ្តូង​ទឹក រួម​នឹង​ការងារ​មនុស្សធម៌​ជាច្រើន​ទៀត​ផង​ដែរ៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114