ព័ត៍មានទាន់​ហេតុការណ៏
Search

មូលហេតុ​ដែល​នាំ​ឲ្យ​កីឡាករ​កូនកាត់ ខ្មែរ​-​បារាំង ២​រូប​ចុះ​កុងត្រា​ជាមួយ​ក្លិប​កំពង់ចាម

គ្រប់គ្នា​បាន​ដឹង​ច្បាស់​ហើយ​ថា ក្លិប​បាល់ទាត់​ខេត្តកំពង់ចាម គឺជា​ក្រុម​ដែល​ទើប​បង្កើតឡើង​ថ្មី និង​កំពុងស្ថិត​ក្នុងស្ថានភាព​យ៉ាប់យ៉ឺន​បំផុត​ក្នុង​លី​គ​កំពូល​កម្ពុជា ដោយ​របូត​គ្រាប់​បាល់​លើស ១០០​គ្រាប់ គិត​ត្រឹម​សប្តាហ៍​ទី ១៤​។ តើ​ហេតុអ្វី​បានជា​កីឡាករ កូនកាត់ ខ្មែរ​-​បារាំង ២​រូប ចុះ​កុងត្រា​ព្រម​លេង​ឲ្យ​ពួកគេ​?

ពាក់ព័ន្ធ​នឹង​ចម្ងល់​មួយ​នេះ លោក ស្រេង វ៉ាន់​ណូ ដែល​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុមបាល់ទាត់​ខេត្តកំពង់ចាម បាន​បកស្រាយ​ប្រាប់​គេ​ហំ​ព័រ​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ថា ដោយសារ​ពួកគេ​ស្វែងយល់​អំពី​គោលបំណង​ធំ​របស់​ក្លិប និង​ឱកាស​បង្ហាញ​សមត្ថភាព​លើ​ទីលាន ក្នុងន័យនេះ​មានន័យថា ពួកគេ​នឹង​ទទួល​បាន​ការ​លេង​ច្រើន ដើម្បី​ឲ្យ​ក្រុម​ធំៗ​ឃើញ​នូវ​សមត្ថភាព​របស់​ពួកគេ ត្បិត​អី​ក្លិប​ពុំ​សូវ​មាន​ធនធាន​ច្រើន។

លោក ស្រេង វ៉ាន់​ណូ ”​យើង​បាន​និយាយ​ទៅកាន់​គាត់ និង​ពន្យល់​ពួកគាត់​ដើម្បី​ឲ្យ​យល់​ពី​ក្លិប​កំពង់ចាម ហើយ​ពួកគាត់​បាន​ឯកភាព​នូវ​អ្វី​ដែល​យើង​អាច​ផ្ដល់​ឲ្យ ហើយ​ការ​មកលេង​នៅ​ក្លិប​ដូច​យើង​នេះ​អាច​ឲ្យ​ពួកគាត់​កើនឡើង​មួយ​កម្រិត​ទៀត ព្រោះ​ពួកគាត់​អាច​មាន​ឱកាស​លេង​ច្រើន​ដើម្បី​ប្រឹងប្រែង​បង្កើន​សមត្ថភាព និង​អាច​ទាក់ទាញ​ក្លិប​ធំៗ​ឯទៀត​នា​ពេល​ខាងមុខ​”​។

កីឡាករ​កូនកាត់​ទាំងពីរ​រូបនេះ​គឺ ពេជ្រ អូវែ​ន និង សំ តូ​ម៉ា ត្រូវ​បាន​ក្លិប​ភ្នំពេញ​ក្រោ​ន សម្រេច​បញ្ចប់​កុងត្រា​ក្រោយ​ចប់​ជើង​ទី​១​នៃ​លី​គ​កំពូល​កម្ពុជា ហើយ​បើ​តាម​ការ​បង្ហើប​ពី​ប្រភព​ជិតស្និទ្ធ​បាន​ឲ្យ​ដឹង​ថា ពួកគេ​ទាំងពីរ យល់ព្រម​លេង​ឲ្យ​កំពង់ចាម ដោយ​ពុំ​គិត​អំពី​ប្រាក់ខែ​ឡើយ ពោល​គឺ​ត្រឹម​ទទួលបាន​កន្លែង​ស្នាក់នៅ និង​ហូបចុក​ប៉ុណ្ណោះ។

គិត​ត្រឹម​បច្ចុប្បន្ន កំពង់ចាម ស្ថិតនៅ​បាត​តារាង លេខ​រៀង​ទី ១៤ មាន ៣​ពិន្ទុ រក​គ្រាប់​បាល់​បាន ៦​គ្រាប់ និង​របូត​វិញ​ដល់​ទៅ ១៣៤​គ្រាប់។ សប្តាហ៍​ទី ១៥ ខាងមុខនេះ ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប នា​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ឆ្នាំ២០១៩៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114