ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម សម្រេច​ដក​ដំណែង​លោក រី ដា​វិ​ន ប្រធាន​ការិយាល័យ​សុខភាព​សត្វ​នៅ​ខេត្ត​ត្បូងឃ្មុំ

ភ្នំពេញ​ ៖​ លោក រី ដា​វិ​ន ប្រធាន​ការិយាល័យ​បសុខភាព​សត្វ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន លោក​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានសម្រេច​ដក លោក រី ដា​វិ​ន ប្រធាន​ការិយាល័យ​បសុខភាព​សត្វ​ខេត្ត​ត្បូងឃ្មុំ ចេញពី​ដំណែង បន្ទាប់ពី​កើតមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ និង​ដោយសារ ការដឹកនាំ មាន ភាពមិនប្រក្រតី​មួយចំនួន​។

លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា នេះ ថា ការ​ដក​ប្រធាន​ការិយាល័យ​សុខភាព​សត្វ​នៅ​ខេត្ត​ត្បូងឃ្មុំ បានសម្រេច​ដក​តាំងពី​ដើម​សប្តាហ៍​មក​ម្ល៉េះ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា “​ទាក់ទង​បញ្ហា​នេះ គឺ​តាម​អ្វី​ដែល​មន្ត្រី​របស់​យើង​ចុះ​ធ្វើការ គាត់ (​ប្រធាន​ការិយាល័យ​សុខភាព​សត្វ​នៅ​ខេត្ត​ត្បូងឃ្មុំ​) មិនសូវ​សហការ​ពេញលេញ ហើយ​គាត់​រៀង​សោះ​រង្គើ​ញ​រឿង​ការងារ​សហការ​ជាមួយ​ក្រុមការងារ​ដែល​ចុះ​ពី​កណ្តាល​ទៅ ហើយ​យើង​តាមដាន​មើល​សកម្មភាព​កន្លងទៅ​នេះ ឃើញ​មាន​ជួប​បញ្ហា​ចឹ​ង ហើយក៏​យើង​បាន​ធ្វើ​ការណែនាំ​មួយ​ជំហាន​ដែរ ប៉ុន្តែ​ហាក់បីដូចជា​មិនសូវ​បាន​កែលម្អ​បាន​ល្អ​ប្រសើរ បាន​ឈាន​ទៅ​ដល់​ការដក ព្រោះ​យើង​បាន​ទុក​ពេល​ឲ្យ​គាត់​មួយខែ​ជាង​លើ​បញ្ហា​នឹង​”​។

តុល្យការ​ចុងក្រោយ​នៃ​មហន្តរាយ​ដោយសារតែ​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ​នៅ​ក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បណ្តាល​ឲ្យ​សត្វ​ជ្រូក​ដែល​ប្រជាកសិករ​ចិញ្ចឹម​ចំនួន ៣៣៧​ក្បាល បាន​ងាប់ ក្នុងចំណោម​ជ្រូក​ជាង ៩០០០​ក្បាល ដែល​ចិញ្ចឹម​ក្នុងស្រុក គិត​មក​ត្រឹម​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​។ ជាមួយ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដែល​កំពុង​ទទួលរង​នូវ​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដ៏​សាហាវ​នេះ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ផង និង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដោយសារតែ​អាច​ធ្វើ​ឲ្យ​មុខរបរ​ចិញ្ចឹម​ជ្រូក​របស់​ពលរដ្ឋ​ប្រឈមមុខ​នឹង​ការខាតបង់​ដើមទុន​កាន់​តែ​ខ្លាំង​។ នៅ​ក្នុង​នោះ ប្រជាពលរដ្ឋ​ចំនួន ៤៦​គ្រួសារ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ពលរដ្ឋ​កំពុង​មាន​ឲ្យ​បាន​ឆាប់រហ័ស និង​បាន​លើកឡើង​ថា ​ស្ថានភាព​ផ្ទុះ​ជំងឺ​នេះ មិនមែន​មិន​ធ្ងន់ធ្ងរ​ឡើយ ព្រោះ​បាន​ធ្វើ​ឲ្យ​ជ្រូក​ពួកគាត់​ងាប់​ជាច្រើន​ក្បាល និង​បាន​ខាតបង់​ប្រាក់​យ៉ាងច្រើន​រួចស្រេច​ទៅហើយ​។

​ស្ថានភាព​នៃ​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​បង្ហាញ​ក្តី​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង ខណៈ​របាយការណ៍​នៃ​ជ្រូក​ងាប់​បាន​រីក​រាលដាល​ចេញពី​ឃុំ​មៀន ដែល​មាន​ជ្រូក​ងាប់​ចំនួន ១៨៣ ក្បាល ដល់​ឃុំ​អំពិល​តា​ពក ដែល​មាន​ជ្រូក​ងាប់​ចំនួន ៥៨​ក្បាល ឃុំ​ព្រះ​ធាតុ​មាន​ជ្រូក​ងាប់​ចំនួន ៦២​ក្បាល​។ ចំណែក​ឃុំ ៤ ទៀត​របស់​ស្រុក​នេះ​ក៏​មាន​ជ្រូក​ងាប់​ផង​ដែរ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114