ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ​ស្វាយរៀង បាន​កៅអី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន

ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន ជាមួយ ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ក្លាយជា​ក្រុម​ពីរ​ផ្សេងគ្នា​ដំបូង​គេ​នៅក្នុង​វគ្គ ១៦​ចុងក្រោយ ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រដូវ​កាល​ទី​១៣ ឆ្នាំ​២០១៩ ដែល​បាន​ឡើងទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន នៅ​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ សម្រាប់​ជំនួប​ជើង​ទី​២ នៅ​កី​ឡ​ដ្នា​ន ២​ផ្សេងគ្នា​។​

*​ភ្នំពេញ​ក្រោ​ន ១៤​ទល់​០ ខេត្តកំពង់ចាម​
​ការប្រកួត​នេះ​ធ្វើឡើង​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ( ស្តា​ត​ចាស់ ) នៅវេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល បញ្ចប់​ទៅដោយ​លទ្ធផល​ភ្នំពេញ​ក្រោ​ន ឈ្នះ ខេត្តកំពង់ចាម ១៤​ទល់​០ សរុប​ទាំង​២​ជើង ២៤​ទល់​០ (​កាលពី​ជើង​ទី​១ ភ្នំពេញ​ក្រោ​ន ឈ្នះ កំពង់ចាម ១០​ទល់​០) នៅ​កី​ឡ​ដ្នា​ន​ស្មា​ត​អរ​អេស​អិន​។

អាច​យកឈ្នះ​កំពង់ចាម បាន​យ៉ាង​លើសលុប​គឺ​កើតចេញពី​ការរក​គ្រាប់​បាល់​ដោយ​កីឡាករ ៦​រូប​នៅ​វគ្គ​ទី​១ ពោលគឺ​កីឡាករ ប្រាក់ ធី​វ៉ា នៅ​នាទី​៦ មុនពេល វ៉ា សុខ​ថន រកបាន​នៅ​នាទី​១២ សុខ បញ្ញា នៅ​នាទី​១៥ យ៉ើ មូស្លីម នៅ​នាទី​១៧ យ៉ើ សា​ហ្វី នៅ​នាទី​១៩ ម៉ៅ ពិសិដ្ឋ នៅ​នាទី​២១ ក្រោយមក វ៉ា សុខ​ថន ដដែល​រក​គ្រាប់​ទី​៧ នៅ​នាទី​២៨ និង​បន្ត​រកបាន​នៅ​នាទី​៤២ ខណៈ​ម៉ៅ ពិសិដ្ឋ រក​គ្រាប់​ទី​៩ នៅ​នាទី​៤៣ និង​ចុងក្រោយ វ៉ា សុខ​ថន នៅ​នាទី​៤៥+១ ហើយ​បាន​បន្ត​រក្សា​លទ្ធផល ១០​ទល់​០ ដល់​ចប់​វគ្គ​ទី​១​។

ចូល​ដល់​វគ្គ​ទី​២ ភ្នំពេញ​ក្រោ​ន ដែល​នៅតែ​ជា​ក្រុម​មានប្រៀប​ដដែល​នោះ​មានឱកាស​ជាច្រើនលើក​ច្រើនសា ប៉ុន្តែ​ហាក់​គ្មាន​សំណាង​និង​អូស​បន្លាយ​រហូតដល់​នាទី​៨២ ទើប​គ្រាប់​ទី​១១ កើតឡើង​ធ្វើបាន​សម្រេច​ដោយ​កីឡាករ សេត រូ​ហ្សា​ក់ បន្ទាប់មក វ៉ា សុខ​ថន ថែម​គ្រាប់​ទី​១២ និង​ទី​១៣ នៅ​នាទី​៨៧ និង​៨៩ និង​ចុងក្រោយ លឹម ពិសុទ្ធ សម្រេច​គ្រាប់​ច​ទី​១៤ នៅ​នាទី​៩០+៣ និង​រក្សា​លទ្ធផល​ដល់​ចប់​ការប្រកួត ភ្នំពេញ​ក្រោ​ន បាន​កៅអី​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​កក់ក្ដៅ​។​

*​ត្បូងឃ្មុំ ១​ទល់​៣ ព្រះខ័ន​រាជ​ស្វាយរៀង
ការប្រកួត​នេះ​ធ្វើឡើង​នៅ​កីឡដ្ឋាន​អេ​អ៊ី​យូ​ស្បត​ផាក (​របស់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​) នៅវេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល​ដ​ដូចគ្នា បាន​បញ្ចប់​ទៅ​ដោយ​ត្បូងឃ្មុំ ចាញ់ ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ១​ទល់​៣ សរុប​ទាំង​២​ជើង ១​ទល់​៧ (​កាលពី​ជើង​ទី​១ ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ ត្បូងឃ្មុំ ៤​ទល់​០) នៅ​កី​ឡ​ដ្នា​ន​ស្វាយរៀង ខេត្តស្វាយរៀង​។

ជា​ការ​ប្រកួត​ដែល​តានតឹង​សម្រាប់​ក្រុម​ទាំង​២ ម្ចាស់ផ្ទះ​ត្បូងឃ្មុំ បាន​បណ្ដោយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង បើក​ការ​នាំ​មុខ​មុន​រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ ស្លេះ ហ្វា​លីន ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង នៅ​នាទី​០៩ រហូតដល់​ឈានចូល​នាទី​ទី​៣៥ ទើប​ត្បូងឃ្មុំ តាម​បាន​ស្មើដោយ​កីឡាករ យូ សុះ​ហ្វា និង​បាន​រក្សា​លទ្ធផល ១​ទល់​១ ដល់​ចប់​វគ្គ​ទី​១​។

ចូល​ដល់​វគ្គ​ទី​២ រហូតដល់​នាទី​៧៩ ហេង គឹមហុង បា​នរក​គ្រាប់​នាំមុខ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង និង​ចុងក្រោយ នេន សុធា​រ័ត្ន រក​គ្រាប់​ជ័យជម្នះ​នាំ​ក្រុម​ឡើងទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ​ផងដែរ​។​
​ដូច្នេះ ភ្នំពេញ​ក្រោ​ន ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង នឹង​រួម​ដំណើរ​ជាមួយ​បឹងកេត និង​អង្គ​រថា​យ​ហ្គឺ​រ ជា ៤​ក្រុម​ដែល​ត្រូវ​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114