ព័ត៍មានទាន់​ហេតុការណ៏
Search

U-15 កម្ពុជា ចាញ់ U-15 ចិន ក្នុងជំនួប​ដំបូង ០​ទល់​៧

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ បាន​ប្រកួត​ចាញ់ ក្រុមបាល់ទាត់​ជម្រើស​ជាតិចិន​អាយុ​ក្រោម​១៥​ឆ្នាំ ក្នុងជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ​ដកស្រង់​បច្ចេកទេស ក្នុង​លទ្ធផល ០​ទល់​៧ នៅ​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន​ស្មា​ត​អរ​អេស​អិន​។

នៅ​ក្នុង​ការប្រកួត​ដែល​ស្ថិតក្រោម​ក្រសែភ្នែក​ទស្សនិកជន​រាប់រយ​នាក់ ក្រុម​ភ្ញៀវ​ក្រុមបាល់ទាត់​ជម្រើស​ជាតិចិន​អាយុ​ក្រោម​១៥​ឆ្នាំ ហាក់​មានប្រៀប​ជាង​ក្នុងនាម​ជា​ក្រុម​ខ្លាំង​ប្រចាំ​ទ្វីបអាស៊ី ជាមួយនឹង​កម្ពស់ ក៏ដូចជា​កាយសម្បទា​ក៏​មាន​ប្រៀប​ជាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ ខណៈ​នៅ​វគ្គ​ទី​១ U-15 ចិន​អាច​រក​គ្រាប់​បាល់​បាន ៣​គ្រាប់​។

នៅ​វគ្គ​ទី​២ បន្ទាប់ពី​ផ្លាស់ប្ដូរ​សមាសភាព​ស្ទើរតែ​ទាំងស្រុង ក្រុមបាល់ទាត់​ជម្រើស​ជាតិចិន​អាយុ​ក្រោម​១៥​ឆ្នាំ បាន​បន្ថែម​គ្រាប់​បាល់ ៤​គ្រាប់​បន្ថែម​ទៀត​នាំ​ឲ្យ​យកឈ្នះ​កម្ពុជា ដោយ​លទ្ធផល ០​ទល់​៧ ក្នុងជំនួប​ដំបូង​។

​យ៉ាងណាមិញ​ក្រុម​ទាំងពីរ​នឹង​ត្រូវ​ជួបគ្នា​ម្ដងទៀត នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ នា​វេលា​ម៉ោង ៥​និង​០០​នាទី​ល្ងាច​ដដែល នឹងមិន​មានការ​លក់​សំបុត្រ​ចូល​ទស្សនា​ឡើយ ពោលគឺ​នឹង​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី និង​មិនមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ណាមួយ​ដូចគ្នា។

សូម​បញ្ជាក់​ថា ការប្រកួត​នេះ​ក៏​ជាការ​អន្តរជាតិ​លើក​ដំ​បូ សម្រាប់​ក្រុម​យុវជន​បាទី ដែល​ទើបតែ​ជ្រើសរើស​ឈុត​អាយុ​ក្រោម​១៥​ឆ្នាំ​បាន កាល​ពី​ពេល​ថ្មី​កន្លងទៅនេះ ក៏ដូចជា​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ ដើម្បី​ចូលរួម​ប្រកួត​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (AFF U-16 Championship 2019) ដែល​ធ្វើ​នៅលើ​ទឹកដី​របស់​ប្រទេស​ថៃ នា​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩ ក្រោម​ការដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន លោក Inoue Kazunori ដែល​ធ្លាប់​កាន់​យុវជន​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ពី​អំឡុង​ឆ្នាំ​២០១៦ ដល់​២០១៨​។

សម្រាប់ ពាន​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ U-15 កម្ពុជា ស្ថិតនៅ​ពូ​ល B ជាមួយ ម្ចាស់ផ្ទះ​ថៃ​, ម៉ាឡេស៊ី​, ឡាវ​, ព្រុយ​ណេ និង​អូស្ត្រាលី ខណៈ​ពូ​ល A រួមមាន វៀតណាម​, ឥណ្ឌូនេស៊ី​, ហ្វីលីពីន​, សិង្ហ​បុរី​, ទី​ម័​រ​ខាងកើត និង​មី​យ៉ាន់​ម៉ា៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114