ព័ត៍មានទាន់​ហេតុការណ៏
Search

ទិវា​ប្រជាជន​ពិភពលោក លើក​ទី​៣០ ក្រោម​ប្រធានបទ «​ខួប​២៥​ឆ្នាំ នៃ​សន្និសីទ​អន្ដរជាតិ ស្ដីពី​ប្រជាជន និង​ការ​អភិវឌ្ឍ»

ភ្នំពេញ ​៖ ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ទិវា​ប្រជាជន​ពិភពលោក លើក​ទី​៣០ ក្រោម​ប្រធានបទ «​ខួប​២៥​ឆ្នាំ នៃ​សន្និសីទ​អន្តរជាតិ ស្ដីពី​ប្រជាជន និង​ការ​អភិវឌ្ឍ»។

ក្នុង​ពិធី​នេះ ​ក៏​មាន​ការចូលរួម​ពី ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ មកពី​បណ្ដា​ស្ថាប័ន ក្រសួង​ដែលមាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀតផង​ដែរ។ ពិធី​នេះ ធ្វើ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន CJCC។

កម្ពុជា​ប្រារព្ធ​ពិធី​នេះ​ឡើង ក្នុង​គោលបំណង​រួមចំណែក​ក្នុងឋានៈ​ជា​ប្រទេស​មួយ ដែល​រួម​ជាមួយ​ប្រទេស​ទាំងអស់​លើ​ពិភពលោក បន្ដ​ផ្ដោត​ការយកចិត្តទុកដាក់ ទៅលើ​ដំណោះស្រាយ បញ្ហា​ប្រជាជន​ ដែល​កំពុង​កើតមាន និង​ដែល​អាច​កើតមាន នា​ថ្ងៃ​ខាងមុខ​របស់​ប្រទេស​នីមួយៗ និង​ចាត់ទុក​ប្រជាជន ជា​កត្តា​គន្លឹះ​សម្រាប់​ការអភិវឌ្ឍ និង​ជា​គោលដៅ​ចុងក្រោយ សម្រាប់​ការ​អភិវឌ្ឍ។

សម្ដេច​ក្រឡាហោម​ បាន​មានប្រសាសន៍​ទៀត​ថា ​ឆ្នាំនេះ​គឺជា​ការ​ប្រារព្ធ​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី​30 ហើយ​ទិវា​ប្រជាជន​ពិភពលោក នា​ឆ្នាំនេះ​ មាន​លក្ខណៈ​ពិសេស​ជាង​ឆ្នាំមុន​ ដោយសារ​ឆ្នាំ 2019 គឺជា​ខួប​លើក​ទី​25 នៃ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ប្រជាជន​ និង​ការ​អភិវឌ្ឍ​ផង​ និង​ជា​ខួប 25​ឆ្នាំ​ផង unfpaមាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ផង។

សម្ដេច​ក្រឡាហោម​ បាន​បន្ត​ទៀត​ថា​ កាលពី​ឆ្នាំ​1998 ជា​លើក​ទី​1 ហើយ​ ដែល​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ជំរឿន​ទូទាំង​ប្រទេស បន្ទាប់ពី​បាន​អាក់ខាន​ជាង​30 ឆ្នាំ​ ដោយសារតែ​ប្រទេសជាតិ​ជួប​ប្រទះ​នូវ​សង្គ្រាម ​និង​ជម្លោះផ្ទៃក្នុង​រ៉ាំរ៉ៃ​ជាច្រើន​ជំនាន់។ ខ្ញុំ​សូម​រំលឹក​ឡើងវិញ​ថា​ នៅ​ពេល​នោះ​ហើយ ​ដែល​ខ្ញុំ​មាន​ឱកាស​ បាន​​​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង unfpa ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ការងា​រ​ជំរឿន​ដែល​ពេលនេះ​លោក ជា​ចាន់តូ​ជា​រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ការងារ​ជំរឿន។ យើង​ពិតជា ត្រូវការ​ទិន្នន័យ​អំពី​ប្រជាជន​ដើម្បី​រៀបចំ​គោលនយោបាយ​ដែលជា​យុទ្ធសាស្ត្រ​និង​លើក​គម្រោង​និង​កម្មវិធី​អភិវឌ្ឍន៍​នានា។

សម្ដេច​ក្រឡាហោម​ បាន​លើក​ឡើង​ទៀត​ថា ​ទាំង​នេះ​ សុទ្ធតែ​​​ជា​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អនុវត្ត កម្មវិធី​សកម្មភាព​នៃ​សន្និសីទ​ស្ដីពី​ប្រជាជន​និង​ការអភិវឌ្ឍ​តាម​អ្វីដែល​បាន​សន្យា​ពី 25 ឆ្នាំមុន​នៅ​​ឯ​ទីក្រុង។

​សម្ដេច​បានលើកឡើង​ទៀតថា កម្ពុជា​គឺជា​ប្រទេស​ហត្ថលេខី​មួយ​ក្នុងចំណោម​ប្រទេស​ចំនួន 179 ដែល​បាន​ចុះហត្ថលេខា​ទទួលយក​កម្មវិធី​សកម្មភាព​នៃ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ប្រជាជន​និង​ការអភិវឌ្ឍ​ មក​អនុវត្ត​ដោយ​កម្ពុជា​បាន​ដាក់​បញ្ចូល​បញ្ហា​ប្រជាជន​និង​កត្តា ឌី​ណា​មិ​ក​ប្រជាជន​ឌីណាមិក​ប្រជាសាស្ត្រ​ទៅក្នុង​ដំណើរការ​នៃ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ជាតិ​សំខាន់ៗ​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ការផ្ដល់​សិទ្ធិ​ដល់​ស្ត្រី​និង​យុវជន​កម្ពុជា​ឲ្យ​មានការ​ទទួលខុសត្រូវ​ពេញលេញ៕

ដោយ ៖​ ឌី​រៀ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114