ព័ត៍មានទាន់​ហេតុការណ៏
Search

លម្អិត​អំពី​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២ តំបន់​អាស៊ី ពានរង្វាន់ FIFA World Cup 2022

ក្រោយ​រក​ឃើញ​ក្រុម​ឈ្នះ​ទាំង ៦ នៃ​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​១ ក្នុង​តំបន់​អាស៊ី នៅ​ពានរង្វាន់ FIFA World Cup 2022 ក្នុង​នោះ​មានដូចជា កម្ពុជា​, ម៉ុង​ហ្គោ​លី​, ស្រីលង្កា​, បង់​ក្លា​ដែ​ស​, ម៉ាឡេស៊ី និង​ហ្គា​ម ដូចនេះ​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២ នឹង​ឈានដល់​វគ្គ​ចាប់​ពូ​ល​រវាង​ក្រុម​ទាំង ៤០ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩​ខាងមុខនេះ។

សម្រាប់​ក្រុម​ទាំង ៤០ ត្រូវបាន​ជ្រើសរើស​ឲ្យ​ស្ថិត​នៅ​តាម POT ចំនួន ៥ ដោយ​បែងចែក​ផ្អែកលើ​លំដាប់​ពិន្ទុ​ក្នុង FIFA World Ranking របស់​ពួកគេ។ តាម​រូបមន្ត ពួកគេ​នឹងត្រូវ​ចាប់ឆ្នោត​ចូល​ពូ​ល A ដល់​ពូ​ល H ដោយ​ក្នុង​ពូ​ល​នីមួយៗ​មាន ៥​ក្រុម នឹង​ត្រូវ​ធ្វើការ​ប្រកួត​៥​លើក​ក្នុង​ដី និង ៥​លើក​ក្រៅ​ទឹកដី​។

ក្រុម​ឈ្នះ​តាម​ពូ​ល​ទាំង ៨ រួម​ជា​មួយ​នឹង​ក្រុម​លេខ​ពីរ​ចំនួន ៤ នឹងត្រូវ​ឡើង​ទៅ​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​៣។ ក្នុង​ការ​ប្រកួត​ជម្រុះ​ចាប់ពី​ដំណាក់កាល​ទី​២​នេះ ក៏​នឹងត្រូវ​គណនា​អំពី​កៅអី​របស់​ក្រុម​ទាំងអស់ ក្នុង​ពានរង្វាន់ AFC Asian Cup 2023 ផងដែរ។

គួរ​រំលឹក​ផង​ដែរ​ថា ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ Keisuke Honda បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​១ ដោយ​យកឈ្នះ ប៉ា​គី​ស្ថាន ២-០ ក្នុង​ទឹកដី និង​ឈ្នះ ២-១ នៅក្រៅ​ទឹកដី កាលពីដើម​ខែមិថុនា កន្លងទៅ​ថ្មីៗ​នេះ។

រង់ចាំ​តាមដាន​ថា តើ​កម្ពុជា នឹង​ត្រូវ​ជ្រើសរើស​ចូល​ទៅ​ក្នុង​ពូ​ល​ណាមួយ និង​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​របស់​ប្រទេស​ណាខ្លះ ខណៈ​ដែល​កាលពី​វគ្គ​ជម្រុះ World Cup 2018 ដំណាក់កាល​ទី​២ កម្ពុជា ជួប​ជាមួយនឹង ជប៉ុន​, ស៊ី​រី​, សិង្ហ​បុរី និង​អា​ហ្វ​ហ្គា​នី​ស្ថាន ដែលនាំ​ឲ្យ​កម្ពុជា​ទទួលបាន​លទ្ធផល​មិន​ជោគជ័យ​ឡើយ ពោលគឺ​ចាញ់​ទាំង ៨​ប្រកួត ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១គ្រាប់​ប៉ុណ្ណោះ តែរបូត​ ដល់​ទៅ​២៧គ្រាប់៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114