ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ មិន​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ​នៅ​ចន្លោះ​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី ចាស់​ទៀតឡើយ

ភ្នំ​ពេ​ញ ៖ អាជ្ញាធរ​ខណ្ឌមានជ័យ​បាន​សហ​ការ​ជាមួយ​អាជ្ញាធរ​សង្កាត់​ច្បារអំពៅ​ទី​១​និង​ទី​២ ​ឲ្យ​ចុះទៅ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​យក​ឥ​វ៉ាន់​មក​ដាក់​លក់​នៅ​ចន្លោះ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ចាស់​ត្រើយ​ខាងកើត​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ច្បារអំពៅ​ទី​១​ និង ​ទី​២​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ពី​លោក​ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ​នៅ​រសៀល​ថ្ងៃទី​១១​ខែកក្កដា​នេះ​ អាជ្ញាធរ​ទាំង​២​សង្កាត់​បាន​ចុះ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ជិត​១០​នាក់​ដែល​កំពុង​លក់ដូរ​នៅ​លើ​ដី​វាល​ចន្លោះ​គល់​ស្ពាន​ព្រះមុនីវង្ស​ចាស់ ថ្មី ដែល​ការ​ដាក់​លក់​លើ​ដី​វាល​នេះ​ប៉ះពាល់​ដល់​ដី​របស់​រដ្ឋ​។

លោក​ពៅ ហួត បាន​បន្ត​ថា ​ចំពោះ​អ្នក​លក់ដូរ​លើ​ដី​រដ្ឋ​នេះ ​គឺ​ពុំ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ​។ប៉ុន្តែ​បើ​សុំ​ក៏​ពុំ​បាន​ឡើយ​ ព្រោះ​ជា​សម្បត្តិ​រដ្ឋ​។ ហើយ​ម្យ៉ាងទៀត​ដី​ចន្លោះ​ស្ពាន​ភ្លោះ​នេះ​ គឺ​រក្សាទុក​ឲ្យ​នៅ​ទំនេរ​ និង ​ថែមទាំង​ដាំ​ស្មៅ​ធ្វើ​សួន​សម្រាប់​កែលំអ​ទីតាំង​នេះ​ទៀតផង។

ទាក់ទិន​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ ​លោក​យ៊ុន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ឲ្យ​ដឹងថា ​ចំពោះ​ការ​ដាក់​លក់​នៅ​តំបន់​ហាមឃាត់​នេះ​ គឺ​អាជ្ញាធរ​បាន​ចុះ​មក​ណែនាំ​រាប់​ភ្លេច ​ប៉ុន្តែ​ពេលនេះ​អាជ្ញាធរ​បាន​ឲ្យ​អ្នក​បង្ក​ការ​ដាក់​លក់​នេះ​ ឲ្យ​ធ្វើ​កិច្ចសន្យា​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ត្រឹមត្រូវ​ហើយ​បើ​រឹងទទឹង​គឺ​អាជ្ញាធរ​និង​ប្រើ​វិធានការណ៍​ទៅតាម​ផ្លូវច្បាប់​ហើយ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114