ព័ត៍មានទាន់​ហេតុការណ៏
Search

ការងារ​ដាក់លូ នៃ​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​៤​របស់​ចៃ​កា នៅ​ផ្លូវ​លេខ​៣១៥ ខណ្ឌទួលគោក​គ្រោង​នឹង​បញ្ចប់ នៅ​ខែតុលា ឆ្នាំ​២០២០

ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA ខណៈ​នេះ​បាននឹងកំពុង​ធ្វើ​សកម្មភាព​ដាក់​បំពង់​លូ​នៅ​ផ្លូវ​លេខ​៣១៥ ក្នុង​អាណាចក្រ​ខណ្ឌ​ទួលគោក ហើយ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់ នៅ​ខែតុលា ឆ្នាំ​២០២០​ខាងមុខនេះ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​ក្នុងភូមិ​សាស្ត្រ​សង្កាត់ បឹងកក់​ទី​២ ខណ្ឌទួលគោក​។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការងារ​ដាក់​លូ​ផ្លូវ​លេខ​៣១៥​ ដែល​ជា​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​៤​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA គិត​មកដល់​ថ្ងៃ​ទី​១១ កក្កដា ២០​១៩​នេះ​ បាន​សម្រេច​ការងារ​មួយ​ចំនួន​ដូចខាងក្រោម ដាក់​លូ​ប្រអប់​ទំហំ​២​ម៉ែត្រ​×២​ម៉ែត្រ ប្រវែង​៦០​ម៉ែត្រ ចាប់ពី​ផ្លូវ​លេខ​៣១៥ ដល់​អាង​ស្តុក​ទួលគោក​១ (​ត្រឡោកបែក​)​។ ដាក់​លូ​មូល​មុខកាត់​ទំហំ​២​ម៉ែត្រ​ប្រវែង ១៨២៤​ម៉ែត្រ ចាប់ពី​ផ្លូវ​លេខ​៥១៦ ដល់​ផ្លូវ​លេខ​៦០៨​។

លោក​បញ្ជាក់​ថា ការងារ​នេះ​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី​១៥ ​ឧសភា ​ឆ្នាំ​២០១៩ គ្រោង​នឹង​បញ្ចប់ នៅ​ខែតុលា ឆ្នាំ​២០២០​។ ក្រោយ​បញ្ចប់​ការដ្ឋាន​នេះ វា​និង​អាច​ដោះស្រាយ​បញ្ហា​ទឹក​លិច​បាន​នៅ​ផ្លូវ​លេខ ៣១៥ ផ្លូវ​លេខ ៥៩២ ផ្សារ​មាន់​អាំង វិទ្យាល័យ​ឥន្ទ្រ​ទេវី ក្នុងភូមិ​សាស្ត្រ​សង្កាត់ បឹងកក់​ទី​២ ខណ្ឌទួលគោក​។

គួរ​បញ្ជាក់​ថា គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នេះ មាន​ទឹកប្រាក់​សរុប​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ដែល​ជា​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA ។ គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ការដ្ឋាន ដូចខាងក្រោម ក្នុង​នោះ​រួមមាន ១-​ដាក់​បណ្តាញ​លូ​មេ នៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក ប្រវែង ៨.២​គីឡូម៉ែត្រ​។ ២-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ប្រវែង ៤.៤​គីឡូម៉ែត្រ​។ ៣-​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC​។

៤-​តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ​បូមទឹក​ចតុមុខ ព្រះ​គ​ន្ល​ង់​១ ព្រះ​គ​ន្ល​ង់​២ និង​ផ្សារ​ចាស់​។ ៥-​ផ្តល់​រថយន្ត​បូម​ទឹក​ចល័ត ចំនួន ២​គ្រឿង​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114