ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​សាស្ត្រាចារ្យ ធា​គ្រុយ​បាន​ចូលរួម​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ វេជ​សាស្ត្រ​បន្ត​លើក​ទី​១១​ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ពេញ​១​ថ្ងៃៗ​ទី​១១ ខែកក្កដា ឆ្នាំ ២០១៩​នេះ​ នៅ​សាល​ប្រជុំ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ​សាស្ត្រ​បន្ត​លើក​ទី​១១​របស់​ខេត្តបន្ទាយមានជ័យ​។

កិច្ចប្រជុំ​នេះ ​មានការ​ចូលរួម​លោក​សាស្ត្រាចារ្យ​ធា​គ្រុយ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ត្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត​និង​លោកគ្រូ​ពេទ្យ​មកពី​ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​មានជ័យ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តពោធិ៍សាត់ សរុប​អ្នកចូលរួម​ជាច្រើន​រយ​នាក់​។

ក្នុង​កិច្ចប្រជុំ​នោះ​លោក​វេជ្ជបណ្ឌិត​កែវ​ សុ​ភ័​ត្ត្រា ​បាន​មានប្រសាសន៍​ទៅកាន់​លោក​វេជ្ជបណ្ឌិត​និង​គ្រូពេទ្យ​ថា​ កិច្ចប្រជុំ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ វេជ​សាស្ត្រ​បន្ត​លើក​ទី​១១​នេះ​របស់​ខេត្ត​បន្ទាយមានជ័យ​ក្នុង​គោលបំណង​អភិវឌ្ឍន៍​ចំណេះ​ដឹង​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ក្នុង​ការ​អនុវត្ត​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល​។

លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ត្រា​បាន​បញ្ជាក់​ទៀត​ថា ​កិច្ចប្រជុំ​នេះ​ដែរ ​គឺ​ដើម្បី​កែលំអ​រាល់​ចំណុច​ខ្វះខាត​របស់​លោក​វេជ្ជបណ្ឌិត និង​លោកគ្រូ​ពេទ្យ​ទាំងអស់​ក្នុង​ការផ្តល់សេវា​វិជ្ជាជីវៈ​សុខាភិបាល​ឲ្យ​កាន់តែ​មានគុណ​ភាព​និង​ប្រសិទ្ធភាព​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

លោក​កែវ ​សុ​ភ័​ត្ត្រា ​បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ វេជ្ជសាស្ត្រ​បន្ត​លើក​ទី​១១​នេះ​ដែរ​ដើម្បី​ធ្វើការ​ពិនិត្យមើល​ឡើងវិញ​រួមគ្នា​ពី​សមិទ្ធផល​លើ​ការងារ​ដែល​មន្ទីរ​សុខាភិបាល​រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការ​ផ្តល់​សេវាសាធារណៈ​ដល់​ប្រជាពលរដ្ឋ ​និង ​ជា​ឱកាស​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណៈ ប្រជាជន សហគមន៍​ដើម្បី​ស្វែងយល់​ឲ្យ​កាន់​តែ​ច្បាស់​អំពី​ផែនការ​យុទ្ធសាស្ត្រ​លើ​វិស័យ​សុខាភិបាល ដែល​ត្រូវ​យក​ទៅ​អនុវត្ត​ដោយ​ឈរលើ​គោលការណ៍​ទទួលខុសត្រូវ​ឲ្យ​មាន​ប្រសិទ្ធភាព គុណភាព និង​សមធម៌​ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​និង​ចូលរួម​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច សង្គមកិច្ច​ឲ្យ​កាន់តែ​រីកចម្រើន​ទៀត​ផង​។

ក្នុង​នោះ​ដែរ​ លោក​សាស្ត្រាចារ្យ​ធា​គ្រុយ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​លោក​វេជ្ជបណ្ឌិត​និង​លោកគ្រូ​ពេទ្យ​ទាំងអស់​ត្រូវ​បំពេញ​កិច្ចការ​ក្រម​សីល​ធ​ម៌ វិជ្ជាជីវៈ ​និង​អាកប្បកិរិយា​ឲ្យ​បាន​សមរម្យ​ចំពោះ​អ្នក​ជំងឺ​មិន​ត្រូវ​ប្រើ​អាក​ប្ប​កិរិយា ​អសុរោះ​ដល់​អ្នក​ជំងឺ​ឡើយ​ជាហេតុ​ធ្វើ​ឲ្យ​ជះឥទ្ធិពល​មិនល្អ​ដល់​សេវា​សាធារណៈ​ ហើយ​លោក​បាន​ធ្វើ​ការ​កោតសរសើរ​ដល់​លោក​វេជ្ជបណ្ឌិត​ និង​ លោកគ្រូ​ពេទ្យ​ទាំងអស់​ដែល​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​បំពេញភារកិច្ច​សម្រេច​បាន​ជោគជ័យ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​។

កត្តា​ជោគជ័យ​ទាំងអស់​នេះ​ហើយ​ បាន​ឆ្លុះបញ្ចាំង​នូវ​សាមគ្គីភាព​យ៉ាង​ល្អ​ប្រសើរ​រឹងមាំ​ក្នុង​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​សុខាភិបាល​ទៀត​ផង​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114