ព័ត៍មានទាន់​ហេតុការណ៏
Search

នារី​ម្នាក់​ ​អះអាង​ថា ​សមត្ថកិច្ច​ប៉ូលិស ​និង​ប៉េអឹម ​មិន​ទទួល​ពាក្យបណ្ដឹង​ខ្លួន​ ព្រោះ​ខ្លាច​អំណាច​​ជនល្មើស ​ដែល​សង្ស័យ​ជា​អង្គរក្ស​អ្នក​មាន​អំណាច

តាកែវ ​៖ ​នារី​ម្នាក់​ ដែល​អះអាង​ថា ខ្លួន​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ប៉ុនប៉ង​មនុស្សឃាត ​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​សំណាក់​មន្ត្រី​ប៉េអឹម​ម្នាក់ បាន​សម្ដែង​ការ​ខកចិត្ត​ និង​ចោទ​សមត្ថកិច្ច​ថា មិន​បាន​ទទួល​ពាក្យបណ្ដឹង​ខ្លួន​ ដោយ​ខ្លាច​អំណាច​ជនសង្ស័យ។

ទាក់ទង​នឹង​បញ្ហា​​នេះ​ដែរ ​នារី​រងគ្រោះ​ខាងលើ​​​ បាន​សរសេរ​ពាក្យ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក ដោយ​ចោទ​មន្ត្រី​ប៉េអឹម​ម្នាក់​ថា​ បាន​ប៉ុនប៉ង​សម្លាប់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ខ្លួន ហើយ​អ្វីដែល​ហួសចិត្ត​ ពេល​នាង​សរសេរ​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច បែរជា​រុញ​ដាក់គ្នា​ និង​បាន​ហែក​ចោល​ ព្រោះ​មិន​ហ៊ាន​ប៉ះពាល់​ជនសង្ស័យ។ ក្រោយពី​ឃើញ​ភាព​មិន​ប្រក្រតី​ នៃ​សមត្ថកិច្ច​ នារី​រង​គ្រោះ​បាន​សរសេរ​រៀបរាប់​ពី​ការប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​លើ​រូប​គាត់​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​ជា​សាធារណៈ ​ដោយ​សង្កត់ធ្ងន់​ថា សូម​ឲ្យ​លោកស្នងការ​ខេត្ត​ និង​លោក​មេបញ្ជាការ​ប៉េអឹម​ខេត្ត​តាកែវ​ ជួយ​រក​យុត្តិធម៌​ដល់​នាង​ផង​។ ក្នុង​អត្ថបទ​ដែល​នារី​រងគ្រោះ​សរសេរ​បាន​បង្ហាញ​ថា កាលពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​ មាន​ករណី​ប៉ុនប៉ង​មនុស្សឃាត​ប្លន់​យក​ទ្រព្យសម្បត្តិ​(​គ្រឿងអលង្ការ​) ត្រង់​ចំណុច​បន្ទប់​ជួល​ភូមិ​ឡូរី សង្កាត់​រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ លើ​នារី​រងគ្រោះ​ឈ្មោះ​ កែវ តាំង​ឡុង អាយុ​២៤​ឆ្នាំ មុខរបរ​អ៊ុតសក់ ស្នាក់នៅ​កន្លែង​កើតហេតុ។

នារី​រងគ្រោះ​សរសេរ​បន្ត​ថា ខ្លួន​ និង​មិត្តភ័ក្ដិ​ឈ្មោះ ស្រី​លាប បាន​ចេញ​ម៉ូតូ​ទៅ​ផ្សារ​រក​ទិញ​អី​ហូប​ស្រាប់តែ​ឈ្មោះ ម៉ម ថា​វីរៈ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ មុខរបរ​កងរាជអាវុធហត្ថ ​បាន​ដើរចូល​បន្ទប់​នាង​ហើយ​ធ្វើ​សកម្មភាព​ចាប់​បោក​ផ្តួល​នឹង​ឥដ្ឋ​ និង​យក​ខ្នើយ​ខ្ទប់​មុខ​បំណង​ឲ្យ​ស្លាប់ ​ដើម្បី​ប្លន់​យក​ទ្រព្យ​សម្បត្តិ តែ​ពេលនោះ​ឈ្មោះ ស្រី​លាប និង​ប្រពន្ធ​ជនសង្ស័យ​ បានមក​ជួយ​ និង​ធាក់​ទ្វារ​បន្ទប់​។ ភ្លាមៗ​នោះ ​ឈ្មោះ ម៉ម ថា​វីរៈ ស្ទុះ​ចេញមកក្រៅ ​ហើយ​យក​ម៉ូតូ​អ្នកជិតខាង​ជិះ​គេចខ្លួនបាត់​។ ក្រោយ​កើតហេតុ​ នារី​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​នគរបាល​ក្រុង​ដូន​កែវ តែ​ត្រូវ​បាន​ប៉ូលិស​រុញ​នាង​ឲ្យ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ​។ ចំណែក​ប៉េអឹម​វិញ​ បាន​ហែក​ក្រដាស​ពាក្យបណ្ដឹង​ខ្លួន​ចោល​ ដោយ​ប្រាប់ថា​ អត់​ហ៊ាន​ទទួល​បណ្តឹង​ទេ វា​ហ្នឹង​ធ្វើ​អង្គរក្ស​។​

នារី​រងគ្រោះ​បាន​សរសេរ​អះអាង​ថា ខ្លួន​មិនដែល​ស្គាល់​ជនល្មើស​នោះទេ សូម្បីតែ​ឈ្មោះ​ និង​មុខរបរ​តែ​អ្នកជិតខាង​ប្រាប់​ថា ឈ្មោះ ម៉ម ថា​វីរៈ ធ្វើ​ប៉េអឹម ​និង​អង្គរក្ស​គ្មាន​នរណា​ហ៊ាន​ចាប់ចង​ទេ​។ អ្វីដែល​ហួសចិត្ត​ ពេល​កើតហេតុ​ភ្លាម​ ប្តឹង​ភ្លែត​ តែ​មិនមាន​ចំណាត់​ការ ថែមទាំង​មន្ត្រី​ប៉េអឹម​បាន​ហែក​ពាក្យបណ្ដឹង​ចោល​ទៀត ទើប​នាង​សរសេរ​បង្ហោះ​តាម​នឹង​ទៅ​។

នារី​រងគ្រោះ​បន្តថា ក្រោយពី​នាង​សរសេរ​​បង្ហោះ​ពាក្យបណ្ដឹង នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៩ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​​តាកែវ​ បាន​ទូរស័ព្ទ​ហៅ​នាង​មកកាន់​ទីបញ្ជាការ ​ដោយ​ប្រាប់​ថា​ ឈ្មោះ ម៉ម ថា​វីរៈ មិន​មែន​ជា​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ​ទេ។ ចំណុច​មួយ​ទៀត​ ពេល​កើតហេតុ​ភ្លាម​ ប្តឹង​ប៉េអឹម​ភ្លែត​ ក៏​អត់​មាន​ដែរ និង​ថា​មន្ត្រី​ប៉េអឹម​ហែក​ពាក្យបណ្ដឹង​ចោល​ក៏​អត់​ដែរ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​ករណី​នេះ ​ជា​ការ​ពិតមែន​នោះ លោក​មិន​អនុគ្រោះ​ចំពោះ​មន្ត្រី​នគរបាល​យុត្តិធម៌​ណាមួយ​ ដែល​ធ្វើ​បែបនេះ​ទេ ហើយ​លោក​នឹង​ឲ្យ​គេ​ជូន​នារី​រងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​អយ្យការ​អម​សាលាដំបូង​តែម្ដង៕

ដោយ ៖ វីរៈ​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114