ព័ត៍មានទាន់​ហេតុការណ៏
Search

ចោរ​ប្លន់​ស្ត្រី​២​នាក់ យកលុយ​ទូរស័ព្ទដៃ ​និង​វាយ​ឲ្យ​របួស​ធ្ងន់ធ្ងរ នៅ​ស្រុក​អណ្តូង​មាស​

រតនគិរី ៖ ស្ត្រី​២​នាក់ ​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ធ្វើ​សកម្មភាព​ប្លន់​យក​លុយ ​និង​ទូរស័ព្ទ​ដៃ​ហើយ​គេច​ខ្លួន​បាត់ស្រមោល។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៩ ត្រង់​ចម្ការ​ស្វាយចន្ទី​ឈ្មោះ សល់ ប៊ុន ស្ថិតនៅ​ក្នុងភូមិ​ម៉ា​លិ​ក ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទាំង​២​នាក់ ៖​

១-​ឈ្មោះ អ៊ិត ស៊ា​ង​លីម ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ត្រូវ​ជនល្មើស​វាយ​ចំ​ថ្ងាស​រង​របួស​ធ្ងន់ ហើយ​យក​កាបូប​លុយ​ចំនួន​៣០​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​។​

២-​ឈ្មោះ យី​ម អឿន ភេទ​ស្រី អាយុ​៧៣​ឆ្នាំ ជនជាតិខ្មែរ អ្នក​រួមដំណើរ ត្រូវ​ជនល្មើស​វាយ​ចំ​ថ្ងាស​ដូច​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី​1C-8623​។​

សមត្ថកិច្ច​បាន​បន្តថា មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​ទាំង​២​នាក់​ បាន​មកពី​ចម្ការ អូរ​អង្កាញ់​ពេល​ជិះ​ម៉ូតូ​មកដល់​ចម្ការ​ឈ្មោះ​សល់ ប៊ុន ខណៈ​នោះ​លេច​មុខ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ១​គ្រឿង មិន​ចាំ​ពណ៌ បាន​ជិះ​តាម​ពីក្រោយ​ដល់​កន្លែងកើតហេតុ​ខាងលើ បាន​ហៅ​ឲ្យ​ឈប់ ​រួច​យក​អាវុធ​កែច្នៃ​វាយ​ជនរងគ្រោះ​ទាំង​២​នាក់ ហើយ​ឆក់​យក​កាបូប​លុយ​ស្ពាយ​គេចខ្លួនបាត់​តែម្តង​។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​កន្លែងកើតហេតុ បាន​រកឃើញ​អាវុធ​កែច្នៃ​នៅ​នឹង​កន្លែង​កើតហេតុ។

ដោយឡែក​ជនរងគ្រោះ​ កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស​ផងដែរ​។​

បច្ចុប្បន្ន​ សមត្ថកិច្ច​ កំពុង​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចោរ​ប្លន់​ទាំងនោះ​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវ​ច្បាប់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114