ព័ត៍មានទាន់​ហេតុការណ៏
Search

លួច​រថយន្ត​បាន​ហើយ ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​យក​មក​វិញ

កំពង់ចាម​ ៖ ​កម្លាំង​សមត្ថកិច្ច​នគរបាល បាន​សហការ​ស្រាវជ្រាវ ពួនស្ទាក់​ និង​តាម​ប្រមាញ់​ជន​សង្ស័យ ​ដែល​បាន​គាស់​ទម្លុះ​ទម្លាយ​លួច​យក​រថយន្ត​របស់​ជន​រងគ្រោះ​ ហើយ​បើក​គេច​ចេញ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​រត់​ចូល​ព្រៃ​ចោល​រថយន្ត។

ប៉ូលិស​បានឲ្យ​ដឹងថា​ នៅវេលា​ម៉ោង​02​និង​ង​22​នាទី​ទៀបភ្លឺ ​ឈានចូល​ថ្ងៃទី​12 ​ខែ​កក្កដា ​ឆ្នាំ​2019 ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ បានទទួល​បណ្តឹង​ផ្ទាល់មាត់ ពី​ ឈ្មោះ​ម៉ី ថា​ ភេទ​ប្រុស អាយុ 42​ឆ្នាំ​ រស់នៅ​ភូមិ​ដៃ​បួន​ ឃុំ​ជ្រៃវៀន ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ​ថា នៅ​ម៉ោង​02​និង​15​នាទី​ទៀបភ្លឺ​ថ្ងៃខែ​ឆ្នាំ​ដដែល មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ធ្វើ​សកម្មភាព លួច​កាច់​បំបែក​សោ.ក ចង្កូត​រថយន្ត​ យក​រថយន្ត​របស់​គាត់​ម៉ាក​សាំ​យ៉ុង​ ពណ៌​ស​12​កៅអី​ ស៊េរី​2000​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2F8697​ ដែល​ទុក​នៅ​នឹង​សំយាប​ផ្ទះ​នៅ​ជាប់​ផ្លូវ​ខេត្ត​លេខ​70។

ប៉ូលិស​បាន​បន្ត​ថា​ ក្រោយពី​ទទួល​ព័ត៌មាន​បាន​ លោក​វរសេនីយ៍​ឯក កែវ ស៊ា​ង​ហ៊ាន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​​ដឹកនាំ​កម្លាំង​ និង​ជូន​ព័ត៌មាន ទៅ​អធិការ​នគរបាល​ស្រុក​បាធាយ ជួយ​អន្តរាគមន៍​។

ប៉ូលិស​បាន​បន្ត​ថា​ នៅ​វេលា​ម៉ោង​2​និង​37​នាទី ​លោក​វរសេនីយ៍ឯក សំ ណា​ល់ អធិការ​ស្រុក​បាធាយ​បាន​ដឹកនាំ​កម្លាំង​ចុះ​ពួនស្ទាក់ រហូតដល់​ម៉ោង​2​និង​37​នាទី​ថ្ងៃ​ដដែល លោក​អធិការ​បាន​ចាប់​រថយន្ត​ខាង​លើ​បាន នៅ​​ចំណុច​ថ្នល់ជាតិ លេខ 6A ​ស្ថិតនៅ​ក្នុងភូមិ​ស្វាយ​ពក​ ឃុំ​បាធាយ​ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។ រីឯ​ជនសង្ស័យ បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេចខ្លួន កាត់​ស្រែ ទៅ​ទិស​ខាងត្បូង​បាត់​ដោយ​បាន​បន្សល់​នៅ​វត្ថុតាង​រថយន្ត​01​គ្រឿង ដែល​ជនសង្ស័យ​លួច​ ជាមួយ​នឹង​ឧបករណ៍​ដែក​កន្ទុយ​អន្ទង់​ចំនួន​02​ ខ្សៀ​ចំនួន​01​ ដង្កាប់​ចំនួន 01​ សម្រាប់​ធ្វើ​សកម្មភាព​លួច​។

ចំពោះ​វត្ថុតាង​ខាងលើនេះ ​លោក​អធិការ​ស្រុក​បាធាយ បាន​ប្រគល់​ជូន​ឲ្យ​សមត្ថកិច្ច ស្រុក​ព្រៃឈរ​ចាត់​ការ​បន្ត​នីតិវិធី​។

ប៉ូលិស​បានបញ្ជាក់​ថា ករណី​ខាងលើនេះ​ កម្លាំង​នៅ​បន្ត​សហការ​ជាមួយ​កម្លាំង​​ស្រុក​បាធាយ​តាម​ស្រាវជ្រាវ​រក​ជនសង្ស័យ​ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

ដោយ ៖ អ​.សុផល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114