ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​យោធា​ជើង​ទឹក​ម្នាក់ ​ដើរ​ឆ្លង​ផ្លូវ ត្រូវ​ម៉ូតូ​បុក​ស្លាប់

ភ្នំពេញ​ ៖​ បុរស​ជា​កងទ័ពជើងទឹក​ម្នាក់ បាន​ស្លាប់​បាត់​បង់ជីវិត បន្ទាប់ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ដើរ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន​ ត្រូវ​បាន​ម៉ូតូ​បុក​ពេញទំហឹង។ ចំណែក​អ្នក​បើក​ម៉ូតូ​ និង​អ្នក​រួម​ដំណើរ​ ក៏​រង​របួស​ធ្ងន់​ ដែល​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ត្រង់​ចំណុច​ជាប់​របង​កំពង់ផែ​ភ្នំ​ពេញ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១២​ ខែ​កក្កដា ​ឆ្នាំ​២០១៩។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ហែម នៅ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​ជា​កងទ័ព​ជើង​ទឹក​ អគ្គបញ្ជាការដ្ឋាន ឋានន្តរសក្ដិ វរសេនីយ៍ទោ​សក្ដិ​៤​កន្លះ​ សព្វថ្ងៃ​រស់នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល ​កើតហេតុ​ គេ​ឃើញ​បុរស​ជា​ជនរងគ្រោះ​នេះ បាន​ដើរ​ឆ្លង​ផ្លូវ តាម​បណ្ដោយ​ផ្លូវ​លេខ​៨៤ (​វិថី​នារីក្លាហាន​) ទិសដៅ​ពី​លិច​ទៅ​កើត ខណៈ​កំពុងតែ​ដើរ​ឆ្លង​ផ្លូវ ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ភូសា​ពណ៌​ខ្មៅ លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​1CT.9933 បើក​ដោយ​បុរស​ម្នាក់​យ៉ាង​លឿន តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ទិសដៅ​ពី​ត្បូង​ទៅ​ជើង បុក​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកដើរ និង​អ្នក​ជិះ​ម៉ូតូ​និង​រួម​ដំណើរ​រង​របួស​ធ្ងន់​ស្រាល​បី​នាក់​។​

ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា ​ភ្លាមៗ​ ក៏​មាន​រថយន្ត​សង្គ្រោះ​ មក​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ពេល​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ ជា​អកុសល ​អ្នកដើរ​ថ្មើរជើង បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​។ ​បន្ទាប់​មក​ សមត្ថកិច្ច​មូលដ្ឋាន បានមក​ដល់ ​រួច​ក៏​ទាក់ទង​ជំនាញ​ចរាចរណ៍​ក្រុង ចុះមក​វាស់វែង​យក​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ជើងគោក ចរាចរណ៍​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា នៅ​ពេល​ក្រោយ​។ ចំណែក​សព​ សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

ដោយ ៖ រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114