ព័ត៍មានទាន់​ហេតុការណ៏
Search

រិ​ន សារ​ដ្ឋ សងសឹក លំ ឡេង ឯ សឹក គឹម​រួន ជួប ឃុន សឹក​ឡេ​ក នៅ​សង្វៀនWurkz-SEATV

រិ​ន សារ​ដ្ឋ អ្នក​ប្រដាល់​ស្រករ​ក្រោយ​កម្ពុជា ក្លិប​កងទ័ពជើងគោក ត្រូវគេ​ផ្តល​ឱកាស​ឲ្យ​ជួប​ប្រកួត​សងសឹក​អ្នក​ប្រដាល់​ថៃ​ជើងចាស់ លំ ឡេង (Loom Leng) ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០ គ​.​ក្រ នា​រសៀល​ថ្ងៃទី​១៤​ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន Wurkz-SEATV។

​ពីរ​នាក់​នេះ​ធ្លាប់​ប៉ះគ្នា​ម្តង​ហើយ​កន្លងមក​(១៩​កុម្ភៈ​២០១៩) ដែល​ក្នុងការ​ជួបគ្នា​ពេលនោះ រិ​ន សារ​ដ្ឋ វាយ​ចាញ់​លំ ឡេង ដោយ​ពិន្ទុ។​

​សារ​ដ្ឋ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នៅ​សង្វៀន​SEATV​នេះ ទើបតែ​បាន​៧​លើក​ប៉ុណ្ណោះ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី​០៨ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ​។ ក្នុង​ការជួប​ប្រកួត​ជាមួយ​ថៃ​៧ នោះ រិ​ន សារ​ដ្ឋ វាយ​ឈ្នះ​៤​លើក​និង​ចាញ់​៣​លើក​។ ការប្រកួត​លើកចុងក្រោយ​របស់​ សា​រ័ត្ន គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ស៊ី​ង ថុង (Sing Thong) ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​៣០​មិថុនា​កន្លងមកនេះ​។​

​អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងគោក​នេះ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​៥៦​លើក ក្នុងនោះ​វាយ​ឈ្នះ​៤២​លើក ចាញ់​១១លើក និង​ស្មើ០៣​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា រិ​ន សារ​ដ្ឋ អាច​សង​សឹក លំ ឡេង បានសម្រេច​ឬ​អត់​នោះទេ​?។​

​លំ ឡេង ជា​ជើង​ខ្លាំង និង​ជា​ម្ចាស់​ខ្សែក្រវាត់​ថែមទៀត។ គេ​មាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ។ ដូច្នេះ​កា​រ​ស​ង​សឹក​រ​បស់ ​រិ​ន សារ​ដ្ឋ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង។ តែបើ​អាច​ឈ្នះ​បាន គឺមាន​តែ​ការ​វាយ​ប្តូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជាមួយនឹង​ជ័យជំនះ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨០​លើក ឈ្នះ​៦៦​លើក ចាញ់​១៣​លើក និង ស្មើ​០១​លើក។ ចាំមើល រវាង​រិ​ន សា​រ័ត្ន និង លំ ឡេង តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការ​ជួបគ្នា​លើក​នេះ?។​

​ចំពោះ សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ឃុន សឹក​ឡេ​ក (Khun Soeklek)​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គីឡូ​ក្រាម​ដែរ។

ឃុន សឹក​ឡេ​ក នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​ហើយ កាលពី​ថ្ងៃទី​២៦​ ខែ​ឧសភា​ ឆ្នាំ​២០១៩ កន្លង​ទៅ ដោយ​វាយ​ឈ្នះ រិ​ន សារ​ដ្ឋ ដោយ​ពិន្ទុ នៅ​លើ​សង្វៀន​SEATV​នេះ​។ នេះ​បើតាម​លោក ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV ឲ្យ​ដឹង។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ថ្វីដៃ​ល្អ និង​វាយ​ខ្លាំង​គួរសម​ដែរ ដោយសារ​គេ​ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ។ លោក​ញាណ សុធី ថា យើង​ផ្គូ​យក​ឃុន សឹក​ឡេ​ក​ជាមួយ​សេក​គឹម​រួន​នេះ គឺ​យោង​ទៅលើ​សមត្ថភាព​ថៃ​មិនជា​ខ្លាំងពេក ឬ​ខ្សោយ​ពេក​ទេ គឺ​សមត្ថភាព​ប្រដំប្រសង​គ្នា ដើម្បី​ឲ្យ​ការប្រកួត​វាយ​ល្អ​និង​ជក់ចិត្ត។​

​បើតាម​លោក​ញាណ សុធី ឃុន សឹក​ឡេ​ក មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​៨៥​លើក ហើយ​វាយ​ឈ្នះ​៦៧​លើក ចាញ់​១៦​លើក និង​ស្មើ​០២​លើក។ អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​ម្ចាស់​ខ្សែក្រវាត់ ដែល​មាន​សមត្ថ​ភាព​បច្ចេកទេស​ប្រដាល់​កម្រិត​ខ្ពស់ ដែល​ សេក គឹម​រួន មិនអាច​មើលស្រាល​បានឡើយ។

​តាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ​ថា កាលដែល​នាំ​យក ឃុន សឹក​ឡេ​ក ​ឲ្យ​មក​ប្រកួត​លើក​នេះ គឺ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ ​សេក គឹម​រួន ស្តារ​កេរ្តិ៍ឈ្មោះ​ឡើងវិញ​ បន្ទាប់ពី​ឡើង​ប្រកួត​ជាមួយ​ថៃ​ប៉ុន្មាន​ប្រកួត​កន្លង​មក​នេះ គឹម ​រួន​ វាយ​ចាញ់​រហូត​នោះ។ ​ប៉ុន្តែ​ការប្រកួត​លើកចុងក្រោយ​របស់​គឹម ​រួន (២៣​មិថុនា​២០១៩) ​គេ​វាយ​ឈ្នះ​ភុ​ត ភេត​ណ​យ​ (Phut Phat Noy) ​ក្នុង​ទឹក​ទី​៤។

សេក គឹម​រួន ជា​លើក​ទី​៣២​សម្រាប់​គេ​ហើយ ដែល​ត្រូវបាន​គេ​ផ្គូផ្គងឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ។ ក្នុង​ការជួប​ថៃ​ឡាវ​ប្រមាណ​៣៣​លើក​កន្លងមកនេះ គេ​វាយ​ឈ្នះ​១៧​លើក និង​ចាញ់​១៤​លើក និង​ស្មើ​០១​លើក​។ អ្នក​ប្រដាល់​របស់​កម្ពុជា​យើង​រូបនេះ គេ​វាយ​ខ្លាំង​ និង​ល្អ ពិសេស​ស្នៀត​ទាត់ និង កណ្ដាប់ដៃ។

​គឹម​រួន គេ​មានចិត្ត​ប្រដាល់​ធំ ហើយ​តិចនិក​ប្រកួត ក៏​សំបូរ​បែប​ដែរ​។ ​គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៨៧​លើក ឈ្នះ​៦៩​លើក ចាញ់​១៦​លើក និង​ស្មើ​០២​លើក​។ ​ដូច្នេះ​ចាំ​មើល ​សេក គឹម​រួន ជួប​អ្នក​ប្រដាល់​ថៃ​ឃុន សឹក​ឡេ​ក លើក​នេះ តើ​គេ​អាច​យកឈ្នះ​បាន​ទៀត​ដែរ​ឬ​អត់?​។​

​ចំពោះ ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ព្រឿង សុជាតិ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ ដោយ​ជួប​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ សុជាតិ ពីមុន​គេ​វាយ​ល្អ ​និង​ខ្លាំង ដោយ​ត្រូវ​បាន​គេ​ផ្គូ​ឲ្យ​ប្រកួត​តែ​ជាមួយ​បរទេស តែ​មួយរយៈ​ក្រោយមក​គេ​ចុះ​ខ្សោយ ​និង​បាត់​មុខ​មួយរយៈ​យូរ ហើ​លេចមុខ​មក​វិញ​នេះ ក៏ត្រូវ​គេ​ផ្គូ​ឲ្យ​​ជួប​ប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង​វិញ។

សុជាតិ ទើប​លេច​មុខ​មកវិញ​ កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​បាន​វាយ​ចាញ់​អ្នក​ប្រដាល់​រួម​ជាតិ​ពុទ្ធ​សំបូរ​ក្លិប​ពុទ្ធ​សេរី​វង្ស​ដោយ​ពិន្ទុ បន្ទាប់មក​វាយ​បាន​ត្រឹម​ស្មើ​ជាមួយ​ជើង​ថ្មី​សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក។​ ចាំមើល ជួប​ថន ភឿ​ត លើក​នេះ តើ​ ព្រឿង សុជាតិ អាច​យកឈ្នះ​បាន​ ឬ​អត់​នោះ?។​

អ្នក​ប្រដាល់ ផុន សុខ​វិបុល ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឈុន ប្រាក់​កាក់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្ត​ព្រៃវែង ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​៕​

ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114