ព័ត៍មានទាន់​ហេតុការណ៏
Search

លោក តែម ម៉ឺន ព្រមាន​មន្ត្រី​បច្ចេកទេស កុំ​ឲ្យ​ឃុបឃិត​ជាមួយ​អ្នក​ភ្នាល់​លុយ​

​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ព្រមាន​ធ្ងន់ៗ​ដល់​មន្ត្រី​បច្ចេកទេស ចៅក្រម អាជ្ញា​កណ្ដាល ថា បើ​មាន​កំហុស ទោះបីជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ អ្នកមាន​ស្នាដៃ ចាស់​ព្រឹទ្ធាចារ្យ ក៏​លោក​ត្រូវតែ​ដាក់ពិន័យ​តាមច្បាប់​ដែល​បានចែង​របស់​សហព័ន្ធ​ដែរ។​

លោក​ព្រមាន​ទៀតថា កុំ​ថា​លោក​មិនដឹង​ត្រូវ​រៀបចំ​ឥរិយាបថ​ឡើងវិញ ប្រយ័ត្ន​ជាប់​ទណ្ឌកម្ម ពេល​វេលា​បោសសំអាត​បានមក​ដល់​ហើយ បើ​លោក​បន្ត​យោគយល់​នោះ​សហព័ន្ធ​នឹង​កើត​ភាព​ច្របូក​ច្របល់​គ្មាន​សណ្ដាប់ធ្នាប់​ឡើយ។​

​លោក​ឧត្ដមសេនីយ៍​ឯក តែម ម៉ី​ន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ព្រមាន​បែបនេះ ក្នុង​ពេល​ប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រីមាស​ទី​២​ និង​ភារកិច្ច​អនុវត្ត​ក្នុង​ត្រីមាស​ទី​៣ កាលពី​ថ្ង​ទី​១១ ខែ​​កក្កដា​ឆ្នាំ​២០១៩​ នៅ​ស្នាក់ការ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

​លោក​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​បញ្ជាក់ថា កំហុស​លើក​ទី​១ ​ពិន័យ​ត្រឹមតែ​៦​សប្ដាហ៍​ ស្មើ​៩០​ថ្ងៃ លើក​ទី​២ ​ដាក់ពិន័យ​៦​ខែ លើក​ទី​៣ ​នឹង​កាន់តែ​ធ្ងន់​ជាង​នេះ ហើយ​គ្មាន​លើក​ទី​៤​ទេ បើ​មាន​មាន​កំហុស​លើក​ទី​៤។

​លោក​ឧត្ដមសេនីយ៍​តែម ម៉ឺន បានបញ្ជាក់​ទៀតថា លោក​បានទទួល​ពត៌មាន​កាន់តែ​ច្រើនឡើងៗ ពី​ករណី​ចៅក្រម​ផ្ដល់​សញ្ញា​ពី​ការ​ចាញ់​-​ឈ្នះ ដល់​ក្រុមអ្នកលេង​លុយ​មុនពេល​ប្រកាស​លទ្ធផល ចៅ​ក្រម​ខ្លះ​ធ្វើជា​ទៅ​បន្ទប់ទឹក ឬ​ទៅ​ជក់បារី តែ​តាម​ការពិត​ គឺ​ទៅ​ទូរស័ព្ទ​ទាក់ទង​ជាមួយ​អ្នក​ភ្នាល់​លុយ​តែប៉ុណ្ណោះ​។

​លោក​តែម ម៉ឺន ក៏បាន​ព្រមាន​ដល់​មន្ត្រី​ផ្គូផ្គង​សូម​ចាប់​គូ​ឲ្យ​មាន​តម្លាភាព មានគុណ​ភាព និង​ផ្ដល់​ឱកាស​ដល់​បណ្ដា​ក្លិប​តូចៗ ឬ ក្លិប​ថ្មីៗ ដើម្បី​ឲ្យ​សិស្ស​របស់គេ​មានឱកាស​ប្រកួត​ផង។​ កុំ​ចាប់​តែ​សិស្ស​របស់​ខ្លួនឯង វា​មិន​យុត្តិធម៌​ចំពោះ​ក្លិប​ដទៃ​ឡើយ។​

​ចំណែក លោក ហេង សុឃន ដែលជា​អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដែរនោះ ក៏បាន​បន្ទោស​ចំពោះ​មន្ត្រី​សហព័ន្ធ​ដែរ ដែល​ខ្លះ​ជា​មន្ត្រីរាជការ​ទៀត បែរជា​លេង​ភ្នាល់​ដាក់​អង្ករ​ត្រឹម​២​បាវ ។ លោក​ចាត់ទុកថា នេះ​ជាការ​ប្រមាថ​ដល់​កីឡាប្រដាល់។ ហេតុនេះ​លោក​សំណូមពរ​កុំ​ឲ្យ​មាន​ករណី​បែបនេះ បន្ត​កើតមាន​ទៀត​ឲ្យ​សោះ។​

សូមបញ្ជាក់ថា នៅក្នុង​ការជួបជុំ​នេះ​ប្រមុខ​សហព័ន្ធ​ប្រដាល់​រូបនេះ បាន​ពង្រឹង​ខ្លាំង​ចំពោះ​មន្ត្រី​ផ្គូផ្គង ស្នងការ​ប្រកួត ប្រធាន​វិនិច្ឆ័យ ចៅក្រម​អាជ្ញាកណ្ដាល​គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំង​៥ ដែល​មាន​កម្មវិធី​ប្រដាល់​ គឺ ​ស្ថានីយ PNN ស្ថានីយ​អាស៊ីអាគ្នេយ៍ ស្ថានីយ​CBS(CNC-CTN និង MYTV) បាយ័ន ប៉ុស្តិ៍​លេខ​៥។ ការ​បង្ហោះ​តាម​បណ្ដាញ​សង្គម​(​ហ្វេ​ស​ប៊ុ​ក​)​បន្ទាប់ពី​ប្រកួត​ចាញ់​នោះ វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​កាន់តែ​អាម៉ាស់​ទៅវិញ​ទេ ព្រោះ​នេះ ​មិន​ត្រឹមតែ​ជា​ការ​មិន​ទទួល​ស្គាល់​លទ្ធផល​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​មិនទទួលស្គាល់​ពី​ភាព​អសមត្ថភាព​របស់​ខ្លួន​ផង​ដែរ៕​

ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114