ព័ត៍មានទាន់​ហេតុការណ៏
Search

អេ អា​លី ជួប សន ខាវ , ចាន់ ស៊ី​ណាត ជួប បាន​ដា​សាក់ នៅ​សង្វៀន​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹងមានជ័យ​

​អេ អា​លី អ្នក​ប្រដាល់​កម្ពុជា​សញ្ជាតិ​តាជី​គី​ស្ថាន នៃ​ក្លិប​អេ​ភូ​ថង​កីឡា ត្រូវគេ​ផ្គូផ្គង ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​ឈ្មោះ​សន​ខាវ ស៊ិត​ខាំ​ណាត់​លឺ​(Sornkao Site Khamnanlue) នៅលើ​សង្វៀន​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ​ ទី​១៤​ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ។ អេ អា​លី និង សន ខាវ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧៣​គីឡូក្រាម។​

​នេះ​ជា​គូប្រកួត​ដ៏​​អស្ចារ្យ​មួយ ដែល​គេ​ជឿថា អ្នក​ប្រដាល់​ទាំងពីរ នឹង​វាយប្រហារ​គ្នា ដោយ​គ្មាន​បន្ធូរ​ដៃ​នោះទេ ព្រោះ​ម្នាក់ៗ​សុទ្ធតែ​ចង់​ឈ្នះ​រៀងៗ​ខ្លួន ពិសេស​អេ អា​លី ដែល​តំណាងឲ្យ​កម្ពុជា ត្រូវតែ​យក​ឈ្នះ សន ខាវ ឲ្យ​បាន។​

​សន ខាវ គេ​ខ្លាំង​មិនធម្មតា​នោះទេ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ហើយ ដែល​បាន​យកឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុជា​កែវ រំ​ចង់ ក្នុង​ទឹក​ទី​៥ កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា​ ឆ្នាំ​២០១៩​កន្លងមក ដោយ​វាយ​ រំ​ចង់ ​បែក​ឈាម​ខ្លាំង​ ហើយ​ត្រូវ​គ្រូពេទ្យ​បញ្ឈប់​លែង​ឲ្យ​ប្រកួត​នោះ។​

អ្នក​ប្រដាល់​ថៃ​នេះ បើ​ប្រៀប​ជាមួយ​អេ អា​លី គឺ​អា​លី​ ប្រហែលជា​មិន​ឈ្នះ​គេ​នោះ​ទេ ព្រោះ​អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ជាង បទពិសោធន៍​ និង​ល្បិចកល ព្រមទាំង​កម្ពស់។ ប៉ុន្តែ​អ្នក​ប្រដាល់​ថៃ​អាច​ចាញ់​កម្លាំង​កាយសម្បទា​របស់​អេ អា​លី។

​អេ អា​លី គេ​ទើប​ប្រកួត​លើក​ទី​២​ប៉ុណ្ណោះ ហេតុនេះ​បទពិសោធន៍​ និង​ល្បិចកល​ប្រកួត​របស់​គេ គឺ​មិន​ដល់​ថៃ​នោះទេ ប៉ុន្តែ​អេ អា​លី មាន​កណ្ដាប់ដៃ​ខ្លាំង ចេះ​កែង ជង្គង់​។​ បើ​តាម​ លោក​អេ ភូ​ថង ដែល​ជា​គ្រូ​បង្វឹក​របស់គេ​និយាយ​ឲ្យ​ដឹង​នោះ​ថា អេ អា​លី គេ​ចង់​ហាត់​ប្រដាល់​ខ្លាំង ហើយ​លោក​ក៏​អនុញ្ញាត​ឲ្យ​លំហាត់ បាន​ប្រហែល​ជិត​២​ខែ​ប៉ុណ្ណោះ តែ​គេ​គេ​វាយ​ល្អ និង​ខ្លាំង​គួរសម​ដែរ។​

​អេ អា​លី កាលពី​ថ្ងៃទី​០១ ​ខែ​មិថុនា ឆ្នាំ​​២០១៩ ត្រូវ​ លោក​ អេ ភូ​ថង ចាប់​គូ​ឲ្យ​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ ទេស សំខាន់ ហើយ​គេ​បាន​វាយ​ឈ្នះ​សំខាន់​ដោយ​ពិន្ទុ។​

​តែ​ទោះជា​យ៉ាងណា អេ អា​លី​ ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ ព្រោះ​អ្នក​ប្រដាល់​ថៃ​សន ខាវ រូប​នេះ​គេ​ខ្លាំង​មិនមែន​ខ្សោយ​ដូច​ទេស សំខាន់​នោះទេ ។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង អេ អា​លី និង សន ខាវ នេះ ? ។ សូមបញ្ជាក់​ឲ្យ​ដឹងថា សន ខាវ គេ​មាន​កម្ពស់​១,៧៨​ម៉ែត្រ ដូច្នេះ​មិន​ទាប​ចាញ់ អេ អា​លី ប៉ុន្មាន​ទេ។​

​ចំពោះ ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ គេ​នឹងត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​បាន​ដា​សាក់ (BandasakSor.Takunpetch )​ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូបនេះ គឺ​ធ្លាប់​មក​កម្ពុជា​ដែរ​កន្លងមក។

​ចាន់ ស៊ី​ណាត ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នា​ក់នៅ​កម្ពុជា។ គេ​មាន​កណ្ដាប់ដៃ និង​ជង្គង់​ល្អ វាយ​ចេញ​ចូល​រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត។ តែ​អ្នក​ប្រដាល់​រូបនេះ វាយ​រាង​ឆាប់​អស់កម្លាំង​ស៊ុ​ហ្វ តែ​ស៊ូ​ចំពោះ​ការប្រកួត។ ស៊ី​ណាត មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​១១៤​លើក ក្នុងនោះ​វាយ​ឈ្នះ​៩៣​លើក​ចាញ់​១៤​លើក និង​ស្មើ​០៧​លើក និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​៣២​លើក​។ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធំ វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា ចាន់ ស៊ី​ណាត មិនអាច​មើលស្រាល​បាន ដា​សាក់ បានទេ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ក៏មាន​ផ្លែ​ល្អ និង​កលល្បិច​ខ្ពស់​ផងដែរ​។​

​បាន​ដា​សាក់ ជា​ជើង​ខ្លាំង​មួយរូប​ដែរ​នៅ​ស្រុកថៃ។ បើតាម​ដំណឹង​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ប្រកួត​បាន​៨០​លើក ឈ្នះ​៦៧​លើក ចាញ់​១២​លើក និង​ស្មើ​០១​លើក។ ចាំមើល តើ​ចាន់ ស៊ី​ណាត គេ​អាច​យកឈ្នះ បាន ដា​សាក់ បានដែរ​ឬ​អត់?។​

​ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឈុំ ស្រស់ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ត្រូវគេ​ផ្តល់​ឪ​កាស​ឲ្យ​ជួប​ប្រកួត​ជាមួយ បាង បិត អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម។ យ៉ាងណា រវាង​ពួកគេ​ពីរ​នាក់​នេះ ពុំមាន​នរណា​ហ៊ាន​ទស្សន៍ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ។

​វុត្ថា និរោធ​ន៍ អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​អង្គរ​ធំគុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ បាង កា​និ​ត អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​អាណាចក្រ​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម៕

ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114