ព័ត៍មានទាន់​ហេតុការណ៏
Search

សិប្បកម្ម​ផលិត​ទឹកក្រូច​របស់​លោក​លឹម ភ័​ណ្ឌ ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន

កំពង់ធំ​ ៖​ ​កម្លាំង​នគរបាល​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួង​ដឹកនាំ​កម្លាំង​ និង​សម្របសម្រួល​ដោយ​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ កាលពី​ថ្ងៃ​ទី​១០​ខែ​កក្កដា ​ឆ្នាំ​២០១៩​កន្លង​ទៅ​​ បាន​បើក​ប្រតិបត្តិ​ការ​ចុះ​ឆែកឆេរ ​និង​បង្ក្រាប​ទីតាំង​ផលិត​ទឹកក្រូច​​​មួយ​កន្លែង ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​កម្មសិទ្ធិ​របស់​លោក​លឹម ភ័ណ្ឌ អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​កំពង់ធំ។

ចំពោះ​ទីតាំង​ផលិត​ទឹកក្រូច​ក្លែងក្លាយ​របស់​លោក លឹម ភ័​ណ្ឌ អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តកំពង់ធំ​ គឺ​ស្ថិតនៅក្នុង​សង្កាត់ អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​ ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ ​គឺ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រក​ឃើញ​ទឹកក្រូច​ជាច្រើន​មុខ​ ដែល​មាន​ស្លាក​សញ្ញា LP ផលិត​ខុស​បច្ចេកទេស​ និង​គ្មាន​អនាម័យ​ដាក់​លក់​ទូទាំង​ប្រទេស ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ធ្ងន់ធ្ងរ។

សេចក្ដី​រាយការណ៍ ​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​នោះ​ដែរ​ សមត្ថកិច្ច​ក៏បាន​រក​ឃើញ​នូវ​ផលិតផល​ ដែល​មាន​សារធាតុ​គីមី​លាយ​ផ្សំ​ក្នុង​ទឹកក្រូច​ និង​ចំណុច​ខ្វះខាត​ចំនួន​៦​ចំណុច​គឺ​៖១,​មិនបាន​សុំច្បាប់​ចុះបញ្ជី​ផលិតផល​នៅ​លើ​សំបក​វេច​ខ្ចប់ មិន​មាន ច​.​ប​.​ផ​។​ ២,​នៅលើ​សំបក​វេច​ខ្ចប់​ដាក់​អាសយដ្ឋាន​មិន​ពិតប្រាកដ​។​ ៣,​មិន​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​។​ ៤,​ប្រើប្រាស់​សារធាតុ​គីមី ( សម្រាប់​ផលិត​ទឹកក្រូច)។ ៥, ទំនិញ​នាំចូល​គ្មាន​ប្រភព​ច្បាស់លាស់។ ៦,​រក្សាទុក​ទំនិញ​ខូចគុណភាព និង ហួស​កាលបរិច្ឆេទ ​និង​៧,​នៅ​លើ​សំបក​វេច​ខ្ចប់​ទឹក​សុទ្ធ​មិន​មាន​ចុះបញ្ជី​( CS)។ ម្យ៉ាងទៀត​រាល់​ការផលិត​ទឹកក្រូច​ក្លែងក្លាយ​ដែល​មាន​ស្លាក​សញ្ញា​LP របស់ សិប្បកម្ម​ផលិត​ទឹកក្រូច លឹម ភ័​ណ្ឌ គ្រប់​ដប​នីមួយៗ​មាន​ដាក់​មេ​ និង​ពណ៌​បង្ហូរ​ចេញពី​ធុង​ស៊ីទែន បញ្ចូល​ទៅ​ក្នុង​ដប ហើយ​យក​ដប​ដែល​ដាក់​មេទឹក​ក្រូច​ផង​ដែរ។

ទាក់ទង​នឹង​ព័ត៌មាន​នៃ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​យ៉ាង​ក្តៅ​គគុក​ និង​រសើប​របស់​សមត្ថកិច្ច​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​នេះ​ដែរ​ កម្ពុជា​ថ្មី​នៅព្រឹកថ្ងៃទី១២ ខែកក្កដា នៅ​មិនទាន់​អាច​ធ្វើ​ការ​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បកស្រាយ​ឬ​បញ្ជាក់​ពី​លោក លឹម ភ័​ណ្ឌ អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​កំពង់ធំ​បាន​នៅឡើយ។

ទោះ​យ៉ាង​ណា​​ កាលពី​​ថ្ងៃ១១ ​ខែ​កក្កដា ម្សិលមិញ​នេះ ​​​លោក​លឹម ភ័​ណ្ឌ ដែល​ជា​ម្ចាស់​សហគ្រាស លឹម ភ័​ណ្ឌ ផលិត​ទឹក​សុទ្ធ ទឹកក្រូច បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា​ សហគ្រាស​របស់​លោក​ គឺ​ធ្វើ ឡើង​ដោយមាន​ច្បាប់​អនុញ្ញាត​​ត្រឹមត្រូវ​ និង​ចាត់​ទុក​ការ​ចុះ​បង្ក្រាប​របស់​មន្ត្រី​នគរបាល​ខាង​លើ​នេះ​ ធ្វើឡើង​ដោយ​បំពាន​ច្បាប់​ មាន​ចេតនា​ទុច្ចរិត​ ហើយ​លោក​គឺ​មិនអាច​ទទួលយក​បានទេ​ចំពោះ​ការ​បង្ខូច​កិត្តិយស​អាជីវកម្ម​ខ្លួន​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សហគ្រាស​ដែល​មាន​ច្បាប់​ត្រឹមត្រូវ។

ថ្វីត្បិតតែ​មាន​ការ​អះអាង​ពី​លោក លឹម ភ័​ណ្ឌ អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​កំពង់ធំ​បែប​នេះ ពិត​មែន ប៉ុន្តែ​​​មហាជន​ជាច្រើន ​មិន​អស់ចិត្ត​ និង​ទទួល​យក​បាន ​ចំពោះ​ការ​អះអាង​ខាងលើ​នេះ​ឡើយ​ដោយហេតុថា​តាមរយៈ​រូបភាព​នោះ​គឺ​ហាក់ ​ពុំ​មាន​ស្តង់ដារ ​និង​អនាម័យ​នៃ​ការផលិត​នោះ​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114