ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ បាននិងកំពុង​បន្ត​ការងារ​ថែទាំ​កំណាត់​ផ្លូវ​លេខ​៦៤ ​ជាង​៥០​គីឡូ​ម៉ែត្រ ​និង​កំពុង​កៀរ​សម្រួល​ថែម​ក្រួស​ក្រហម លើ​កំណាត់​ផ្លូវជាតិ​លេខ​៩៥​ជាង​២០​គីឡូម៉ែត្រ​

ព្រះវិហារ ​៖ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ​បាន​ស្រួល មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​បន្ត​ការងារ​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​៦៤ ​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ និង​មួយក្រុម​ទៀត​ បាននិងកំពុង​កៀរ​សម្រួល ថែម​ក្រួស​ក្រហម លើ​កំណាត់​ផ្លូវជាតិ​លេខ ៩៥ ដែល​សល់​ប្រវែង​ជាង​២០​គីឡូម៉ែត្រ​មិនទាន់​ក្រាល​កៅស៊ូ​។​

លោក​សំ លាង​ទ្រី​ ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១១​ខែ​កក្កដា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ថែទាំ​ផ្លូវថ្នល់​ចំនួន​ពីរ​ក្រុម​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះវិហារ បាននិងកំពុង​តែ​មមាញឹក ក្នុង​ការ​ថែទាំ​ជាតិ​លេខ​៦៤​ ប្រវែង​៥២,១៥​គីឡូម៉ែត្រ (PK60+000 ដល់ PK112+150) ដោយ​បាញ់​កៅស៊ូ​សៀ​ល ស្នាម​ប្រេះ និង​ស្រុត ចន្លោះ​ពី គីឡូម៉ែត្រ ៧៥+០០០ ដល់​គីឡូម៉ែត្រ ៩៦+៥០០ = ២២៤​ម៉ែត្រការ៉េ និង​មួយក្រុម​ទៀត ​បាន​កំពុង​កៀរ​សម្រួល ថែម​ក្រួស​ក្រហម លើ​កំណាត់​ផ្លូវជាតិ​លេខ​៩៥ ដែល​សល់​ប្រវែង​២០,៤​គីឡូម៉ែត្រ ​មិនទាន់​បាន​ក្រាល​កៅស៊ូ គឺ​ចាប់ពី​ទីរួមស្រុក​ឆែប ដល់​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​។​

លោក​សំ លាង​ទ្រី បានបញ្ជាក់​ផងដែរ​ថា ខាងលើនេះ ​ជា​សកម្មភាព​ថែទាំ​ផ្លូវ​ប្រចាំ​ឆ្នាំ​២០១៩ ក្រោម​ការណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ និង​លោក​អភិបាលខេត្ត​ព្រះវិហារ ដើម្បី​ធ្វើយ៉ាងណា​កុំឲ្យ​​ផ្លូវ​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ ចំណាយ​លុយ​ច្រើន និង​ម្យ៉ាងទៀត ក៏​ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​បាន​ស្រួល​ផងដែរ​៕

ដោយ ៖ ​ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114