ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ម៉ែន ច័ន្ទ​រិទ្ធី​ ត្រៀម​ប្តឹង​ បក​ទៅ​តុលាការ​វិញ​ បើ​សិន​ជា​មាន​ជន​ណា​ម្នាក់ ​នៅតែ​បង្ខូច​កិត្តិយស​លោក​

ភ្នំពេញ​ ៖ បន្ទាប់ពី​សារព័ត៌មាន ​និង​បុគ្គល​មួយ​ចំនួន​តូច​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចុះផ្សាយ​លាប​ពណ៌​នូវ​ព័ត៌មាន​មិន​ពិត​ ជុំវិញ​ករណី​​ជ្រើសរើស​ទ័ព​ដោយ​ខុសច្បាប់​កាលពី​ថ្មីៗ​នេះ​រួចមក​ លោក​លោក​ម៉ែន ច័ន្ទ​រិទ្ធី បាន​​ធ្វើ​សន្និសីទ​កាសែត​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​​កក្កដា ​ឆ្នាំ​២០១៩ ដោយ​បាន​ស្រាយ​បំភ្លឺ​បញ្ហា​៣​ចំណុច​សំខាន់ៗ​ដែលជា​ហេតុ​ធ្វើ​អោយ​ប៉ះពាល់​កិត្តិយស​ធ្ងន់ធ្ងរ​របស់​លោក​ពិសេស​ក្រសួងការពារជាតិ។

លោក​ម៉ែន ច័ន្ទ​រិទ្ធី បាន​បញ្ជាក់​ថា ចំណុច​ទីមួយ​លោក​សូម​ឱន​កាយ​គោរព​ដល់​ថ្នាក់ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជុំវិញ​ការ​លាប​ពណ៌​និង​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​ការងារ​កងទ័ព ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រូបលោក​ពិសេស​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ។

លោក​ម៉ែន ច័ន្ទ​រិទ្ធី បាន​បន្តថា កាលពី​ម្សិលមិញ​លោក​បាន​ទទួល​ព័ត៌មាន​ថា មាន​ជនខិលខូច​បាន​ផ្សាយ​លាប​ពណ៌​ជុំវិញ​ការ​រើសទ័ព តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​គេហទំព័រ​មួយចំនួន​តូច​។ លោក​សូម​បដិសេធ​និង​ច្រាល​ចោល​ទាំងស្រុង ព្រោះ​វា​ជា​ព័ត៌មាន​មិន​ពិត​។ លោក​មិន​ទទួលយក​ការ​លាប​ពណ៌​ដែល​ធ្វើ​ឱ្យ​ខូច​ដល់​កិត្តិយស​ដល់​រូបលោក​ផ្ទាល់​និង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​នោះឡើយ​។ ប្រសិន​រូបលោក​បាន​ប្រព្រឹត្ត​ប្រាកដ​មែន លោក​សូម​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់។

ចំពោះ​ចំណុច​ទី​២​លោក​ម៉ែន ច័ន្ទ​រិទ្ធី បាន​បញ្ជាក់​ថា ជុំវិញ​ការ​សរសេរ​ថា​ រូបលោក​ជា​កូន​របស់​លោក​ឧកញ៉ា​ម៉ែន សារុន​នោះ​ លោក​សូម​បដិសេធ​ទាំងស្រុង​។ លោក​មិនមាន​ជាប់​សាច់​សារ​លោហិត​ជាមួយ​លោក​ឧកញ៉ា​ម៉ែន សារុន​ នោះទេ គ្រាន់តែ​មានត្រកូល​ដូច​ប៉ុណ្ណោះ ​ហើយយ​អ្នកសរសេរ​មួយចំនួន​គិត​ខ្លួនឯង ខុសពី​ការពិត។ លោក​ក៏​សូម​ខន្តី​អភ័យទោស​ដល់​ក្រុមគ្រួសារ​លោក​ឧកញ៉ា​ម៉ែន សារុន​ ប្រសិន​មិន​ពេញចិត្ត​ឬ​ប្រតិកម្ម​​លើ​​រឿងនេះ សូម​ទំនាក់ទំនង​ទៅ​អ្នក​សរសេរ​ផ្ទាល់​​ដើម្បី​សួរ​ពី​ការពិត លោក​មិន​ទទួលខុសត្រូវ​​ឡើយ។

លោក​ម៉ែន ច័ន្ទ​រិទ្ធី បានបញ្ជាក់​នៅ​ចំណុច​ទី​៣​ថា ចាប់ពី​ថ្ងៃនេះ​ទៅ​ប្រសិន​មាន​បុគ្គល​ណា​ឬ​សារព័ត៌មាន​ណា​ចុះផ្សាយ​ខុស​ពី​ការពិត អំពី​ករណី​ខាង​លើ​នេះ លោក​នឹង​ចាត់វិធានការ​តាមរយៈ​ប្រព័ន្ធ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែម្តង៕

ដោយ ៖ វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114