ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះ​តេជគុណ តាក់ស៊ី ​ធ្វើ​កិច្ចសន្យា​ឈប់​ឡើង​គ្រែ​ទេសនា​មួយ​រយៈ​ ក្រោយ​មាន​ការ​រិះគន់

ភ្នំពេញ​ ៖ ​អតីត​តារា​កំប្លែង ​ស្ថិតក្នុង​ក្រុម​នាយ ពែ​កមី ដែល​បាន​សម្រេចចិត្ត​កោរសក់​ចូល​សាងផ្នួស​បួស​ជា​សង្ឃ​បម្រើ​តាម​គន្លង​ផ្លូវ​ព្រះពុទ្ធសាសនា ​គឺ​ ភិក្ខុ ប៉ុល សា​រឿង ហៅ តាក់ស៊ី ខណៈ​មានការ​រិះគន់​មិន​ពេញចិត្ត​មួយ​ចំនួន​ពី​សំណាក់​មហាជន​ក្រោយ​ពេល​ចេញ​សម្តែងធម៌​សាសនា​បាន​ប្រមាណ​២​ឬ​៥​ដងនោះ ​ពេលនេះ​បានសម្រេច​ធ្វើ​កិច្ចសន្យា​ឈប់​ឡើង​គ្រែ​ទេសនា​មួយរយៈ​។​

​ការសម្រេចចិត្ត​ធ្វើ​កិច្ចសន្យា​របស់​ព្រះ​តេជគុណ តាក់ស៊ី នាពេលនេះ ​បានធ្វើ​ឡើង​ស្របពេល​ដែលមាន​ការរិះគន់​និង​ដើម្បី​គោរព​តាម​ការ​ហាម​ប្រាណ​ពី​សំណាក់​មន្ត្រី​សង្ឃ​ដោយហេតុថា​អំឡុង​ពេលនេះ​ភិក្ខុ ប៉ុល សា​រឿង ហៅ តាក់ស៊ី ហាក់​នៅ​មាន​ចំណុច​ខ្វះខាត​និង​មិនទាន់​យល់​បាន​ច្រើន​នូវ​ច្បាប់ក្រម​នៃ​ការ​សម្តែង​ធម៌​ទេសនា​ដែល​នាំ​ឲ្យ​មាន​កង្វះខាត​ឬ​ខុសឆ្គង​មួយចំនួន​។​

នៅ​ក្នុង​កិច្ចសន្យា​នោះ ​ព្រះ​តេជគុណ តាក់ស៊ី បាន​រៀបរាប់​ថា ​ខ្ញុំព្រះករុណា​អាត្មាភាព​សូម​ធ្វើ​កិច្ចសន្យា​ចំពោះ​ព្រះ​មនី​ស​ត្ថា​ចា​រ្យ​កោសល កែវ ស​ន្ថា ព្រះ​មេគណ​ខេត្តកំពង់ស្ពឺ​និង​ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម ព្រមទាំង​លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ ​ដោយ​​១.ឈប់​ទេសនា​មួយរយៈពេល​ ២.ឈប់​សម្តែងធម៌​ទេសនា​ដែលមាន​កាយវិការ​មិន​សមជា​សមណៈ​ឬ​សំឡេង​ដូច​អ្នកកំប្លែង ៣.រហូតដល់​បួស​បាន​យូរ​គួរ​សមនិង​រៀន​បាន​ព្រះធម៌​វិន័យ​របស់​ព្រះពុទ្ធសាសនា​បាន​ច្រើន។

កិច្ចសន្យា​ដដែល​នេះ​បាន​បញ្ជាក់​ថា ប្រសិនបើ​ប្រព្រឹត្ត​ធ្វើ​ផ្ទុយ​ និង​ធ្វើអំពើ​ប្រាសចាក​ពី​វិន័យ​សមណៈ​សង្ឃ​ឬ​មិន​ធ្វើតាម​កិច្ចសន្យា​នេះ​ ភិក្ខុ ប៉ុល សា​រឿង ហៅ តាក់ស៊ី បាន​ប្រកាស​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ​ហើយ​និង​ព្រម​ឲ្យ​ព្រះ​មេគណ​ខេត្ត​និង​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម ព្រមទាំង​ប្រធាន​មន្ទីរ​ធម្មការ​និង​សាលាខេត្ត​កំពង់ស្ពឺ​ដើម្បី​មាន​វិធានការ​តាម​ព្រះធម៌​វិន័យ​ព្រះពុទ្ធ​សាសនា​។​

​គួររម្លឹកថា អតីត​តារា​កំប្លែង​នាយ តាក់ស៊ី ក្រោយពេល​ប្រកាស​លាឈប់​ពី​អាជីព​កំប្លែង​ហើយ​នោះ​កាលពី​ថ្ងៃទី​២៤ ខែមិថុនា​ឆ្នាំ​២០១៩​កន្លងមកនេះ​បានសម្រេច​កោរសក់​ចូល​សាងផ្នួស​ជា​​ផ្លូវការ​នៅ​វត្ត​ថ្មី​ដងទង់​(​ភ្នំ​ឧ​ត្តុ​ង្គ​)​ស្ថិតនៅ​ឃុំ ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

ម្យ៉ាងទៀត​បន្ទាប់ពី​ការចូល​សាងផ្នួស​ បាន​រយៈពេល​ប្រមាណ​ជាង​១​សប្ដាហ៍ ​ក៏​ស្រាប់តែ​លេច​វត្តមាន​របស់​ភិក្ខុ តាក់ស៊ី​ចេញ​សម្តែង​ធម៌​ទេសនា​បង្ក​ការភ្ញាក់ផ្អើល ​និង​ផ្ទុះសំណើច​ពី​មហាជន​ខណៈ​ដែល​ក្នុងនោះ​ក៏មាន​ការរិះគន់​ខ្លះ​ផងដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114