ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះពុទ្ធ​បដិមា​៣​ព្រះអង្គ កំពុង​អណ្តែត​នៅលើ​ជញ្ជាំង​ភ្នំ​សំពៅ ដែល​សរុបលើការចំណាយ​ប្រមាណ ជាង១​លានដុល្លារ​

​បាត់ដំបង ៖ រូបរាង​ព្រះពុទ្ធ​បដិមា ចំនួន​៣​ព្រះអង្គ កំពុង​លេចចេញ​ជា​បណ្តើរៗ ហើយ​នៅ​លើ​ជញ្ជាំង​ភ្នំ​សំពៅ ដែល​កន្លងមក​រូបសំណាក​នេះ​ត្រូវបាន​គេ​បោះបង់​ចោល​ម្តង​រួចមក​ហើយ គឺ​ដោយសារតែ​បញ្ហា​ថវិកា និង ដោយសារតែ​ថ្មភ្នំ​មាន​លក្ខណៈ​ផុយស្រួយ។​

គួរ​បញ្ជាក់​ដែរ​ថា ភ្នំ​សំពៅ ​គឺជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ ដែល​មាន​ឈ្មោះ​នៅក្នុង​សៀវភៅ ប្រជុំ​រឿងព្រេង​ខ្មែរ ហើយក៏​ជា​ភ្នំ​មួយ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ក្នុងប្រទេស ក៏ដូចជា​ក្រៅ​ប្រទេស​ផងដែរឲ្យទៅ​កម្សាន្ត​នៅ​ទីនោះ ដែល​ភ្នំ​នេះ​មាន​ចម្ងាយ​ពី​ទី​រួម​ខេត្តបាត់ដំបង ប្រមាណ​១២ គីឡូម៉ែត្រ​តែប៉ុណ្ណោះ នៅ​ទិស​ខាងលិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧។​

កន្លងមក​គេ​សង្កេត​ឃើញ​ថា នៅលើ​ជញ្ជាំង​ភ្នំ​មួយកន្លែង មានការ​រៀបចំ​គ្រោង​ដើម​ឫស្សី​ដើម្បីឲ្យ​ក្រុម​ជាង​បាន​ឡើងទៅ​ធ្វើការ​ឆ្លាក់​ថ្មភ្នំ​នេះ​ឲ្យ​ចេញ​ជា​រូបរាង​ព្រះអង្គ​ត្រាស់​ដឹង ប៉ុន្តែ​ការ​កសាង​បាន​ត្រឹមតែ​ព្រះកេស​តែប៉ុណ្ណោះ​ ក៏​ត្រូវបាន​គេបោះបង់​ចោល រហូត​ធ្វើឲ្យ​​ដើម​ឫស្សី​ពុក​ផុយ​អស់រលីង។​

មួយ​រយៈ​ចុងក្រោយ​នេះ​ ក៏​ស្រាប់តែ​មានការ​រៀប​ចំ​ក​សាង​ឡើងវិញ ប៉ុន្តែ​មិន​ត្រឹមតែ រូបសំណាក​ព្រះអង្គ​ត្រាស់ដឹង​តែមួយ​ព្រះអង្គ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​គម្រោង​បន្ថែម​នូវ​រូបសំណាក​ព្រះអង្គ​ប្រសូត និង​ព្រះអង្គ​ចូល​បរិនិព្វាន​ទៀតផង ដោយសារតែ​ជញ្ជាំង​ភ្នំ​មាន​អំណោយផល​ផង និង​ម្ចាស់​ជំនួយ​មាន​ថវិកា​គ្រប់គ្រាន់​ផង។

រូបសំណាក​ព្រះអង្គ​ត្រាស់ដឹង ​គឺមាន​កម្ពស់​ចាប់ពី​ព្រះ​ភ្នែន ដល់​កំពូល គឺ​៣៦​ម៉ែត្រ​ និង​បល្ល័ង្ក​មាន​កម្ពស់​ជាង​១០​ម៉ែត្រ បើ​តាម​ផែនការ​ ដែល​ក្រុម​ជាង​បាន​បង្ហើប​ គឺ​ការ​កសាង​ព្រះអង្គ​ទាំង៣​នេះ គឺ​ធ្វើយ៉ាងណា​ចាប់ពីពេលនេះ​ទៅ​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លះ ត្រូវ​ឆ្លាក់​ឲ្យ​រួច​ជា​ស្ថាពរ។​

ជួប​ជាមួយ​កម្ពុ​ជាថ្មី តាមរយៈ​ទូរស័ព្ទ កាលពី​វេលា​ម៉ោង១១និង៣០​នាទី ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ ២០១៩ នេះ លោក​ឧបាសក តាំង មេ​ង​ហ៊ុន បច្ចុប្បន្ន លោក​មាន​អាយុ៨៧​ឆ្នាំ​ហើយ និង​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​គូសបញ្ជាក់ថា​ ការ​កសាង​ព្រះពុទ្ធ​បដិមា ទាំង​៣​ព្រះអង្គ​នេះ គឺ​ត្រូវ​ចំណាយ​អស់​ច្រើនណាស់​ ដោយ​ក្នុងនោះ​ក៏មាន​មនុស្ស​២​នាក់​ដែរ ដែល​បាន​ចូលរួម​បច្ច័យ​ខ្លះ ក្នុង​ការកសាង​គឺ លោកជំទាវ ឧកញ៉ា ឌី ប្រឹម និង ឯកឧត្ដម សំ តាំង​ហន ក្រៅពីនោះ​ គឺ​មួយ​ភាគ​ធំ​ជា​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក​តែម្តង។​

លោក​ឧបាសក​ក៏បាន​បន្តថា ការចំណាយ​ទៅលើ​ក្រុម​ជាង គឺ​សម្រាប់​ព្រះអង្គ​ទ្រង់​ប្រសូត ដែល​ចំ​លើ​ថ្ងៃ​សុក្រ ១៥​កើត ( ថ្ងៃ​ពេញបូណ៌មី ) ខែ​ពិសាខ ឆ្នាំ ច​ គឺមាន​តម្លៃ ១៨០.០០០ ដុល្លារ ( ឈ្នួល​ជាង ) រីឯ​ព្រះអង្គ​ទ្រង់​ត្រាស់ដឹង ដែល​ចំ​លើ​ថ្ងៃ​ពុធ ១៥ កើត ( ថ្ងៃ​ពេញបូណ៌មី ) ខែ​ពិសាខ ឆ្នាំ រកា គឺ​ចំណាយ​លើ​ឈ្នួល​ជាង​អស់ ៤៥០.០០០ ដុល្លារ និង រូបសំណាក ព្រះអង្គ​ទ្រង់​ចូល​បរិនិព្វាន ដែល​ចំ​លើ ថ្ងៃ​អង្គារ ១៥ កើត ( ថ្ងៃ​ពេញបូណ៌មី ) ខែ​ពិសាខ ឆ្នាំម្សាញ់ ត្រូវ​ចំណាយ​លើ​ជាង​អស់ ២៨០ .០០០​ដុល្លារ ដោយឡែក​ខ្លោងទ្វារ​អស់ ៣០.០០០​ដុល្លារ ផ្លូវ​ចូល ១ ខ្សែ​​អស់​ជាង ៨០ ០០០ ដុល្លារ និង​របង អស់​ជាង ២០.០០០​ដុល្លារ ព្រមទាំង​ត្រូវ​ចំណាយ​ទៅលើ​គោលនយោបាយ សម្រាប់​ការ​ប៉ះពាល់​តូប ឬ ដី បន្តិចបន្តួច​រាប់​ម៉ឺន​ដុល្លារ បន្ថែមទៀត។

ជា​ចុងក្រោយ​លោក​ឧបាសក ក៏បាន​សង្កត់ធ្ងន់​ថា បច្ចុប្បន្ន​មាន​អស់លោក លោកស្រី លោក​ឧកញ៉ា និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​កំពុង​មានបំណង​ចូលរួម​ជា​បច្ច័យ​ក្នុង​ការកសាង​រូបសំណាក​ទាំងនេះ ប៉ុន្តែ​​លោក​ឧបាសក​មិនទាន់​ហ៊ាន​ទទួល​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា រង់ចាំ​ចេញ​វស្សា​រួច​សិន ម្យ៉ាង​បច្ចុប្បន្ន​លោក​មិន​ទាន់​មាន​វិក្កយបត្រ​ទទួល​ប្រាក់ចំណូល​ឲ្យបាន​ត្រឹមត្រូវ​នៅឡើយ។​

​គេ​សង្ឃឹមថា អនាគត​ទីតាំង​នេះ​ នឹង​ក្លាយទៅជា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ល្បីល្បាញ​ជាមិន​ខាន៕

ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114