ព័ត៍មានទាន់​ហេតុការណ៏
Search

អន្តោប្រវេសន៍ ​បញ្ជូន​ជនជាតិ​ចិន​៣​នាក់ ​ម្ចាស់​ប្រាក់​៩០​ម៉ឺន​ដុល្លារ​ ឡើង​តុលាការ​

ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនជាតិ​ចិន​៣​នាក់ ​ជា​ម្ចាស់​ប្រាក់​៩០​ម៉ឺន​ដុល្លារ ទៅកាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​នាំ​ប្រាក់​ដុល្លារ​អាមេរិក​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់។

សំណុំរឿង​នាំចូល​ប្រាក់​ដុល្លារ​ដោយ​ជន​ជាតិចិន​ខាងលើនេះ អយ្យការ​អម​តុលាការ​កំពុង​សាកសួរ​ម្ចាស់​ប្រាក់​តាមរយៈ​អ្នកបកប្រែ​ភាសា​ចិន​នៅឡើយ។​

នគរបាល​អន្តោប្រវេសន៍ ប៉ុស្តិ៍​ច្រកទ្វារ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៩​កក្កដា បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់ ក្រោយពី​ពួកគេ​បាន​នាំ​លុយ​ចូល​មក​ប្រទេស​កម្ពុជា​នូវ​ទឹកប្រាក់​៩០ ម៉ឺន​ដុល្លារ​អាមេរិក ដោយ​គ្មាន​ប្រភព​ច្បាស់លាស់។ ជនជាតិ​ចិន​៣​នាក់​នោះ ៖

​១-​ឈ្មោះ Huang Canming ភេទ​ប្រុស អាយុ​២៧​ឆ្នាំ។

២-​ឈ្មោះ Yang Yongwei ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ពួកគេ​ធ្វើដំណើរ​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​ជើង​យន្ដហោះ​លេខ LQ971។

៣-​ឈ្មោះ Zizheng Zheng ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​ជា​អ្នក​ចាំ​ទទួល​នៅ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​)។​

សមត្ថកិច្ច​បន្តថា ក្រោយ​ធ្វើការ​ត្រួតពិនិត្យ ​​បាន​រកឃើញ​ក្រដាសប្រាក់ ដែល​ជនសង្ស័យ​ដាក់​ក្នុង​កាបូប​យួរដៃ​ចំនួន​៣ ដែលមាន​ទឹកប្រាក់​សរុប​៩០​ម៉ឺន​ដុល្លារ​អាមេរិក ដែល​អ្នកដំណើរ​មិនបាន​ប្រកាស ឬ​បំពេញ​ឯកសារ​ជូនដំណឹង​ដល់​មន្ត្រី​គយ និង​រដ្ឋាករ លើ​នោះទេ។ ការនាំ​ចូល​ក្រដាស​ប្រាក់​ទាំងនេះ​មាន​ចំនួន​ច្រើន មិនមាន​ប្រភព​ច្បាស់លាស់ និង​មិន​បង្ហាញ​ពី​គោលដៅ​ច្បាស់លាស់​របស់​ប្រាក់ ទើប​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សម្រេច​ឃាត់ខ្លួន​មនុស្ស និង​ប្រាក់​ដុល្លារ​នោះ​តែម្ដងទៅ។

គួរ​បញ្ជាក់ទៀតថា រយៈពេល​៣​ថ្ងៃនេះ​មន្ត្រី​គយ និង​រដ្ឋាករ បាន​បង្ក្រាប​បទល្មើស​នាំ​លុយ​ដុល្លារ​ល្មើសច្បាប់ ចូល​បាន​២ ករណី​ហើយ គឺ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៩ បង្ក្រាប​នៅ​ព្រលានយន្ត​ហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ចាប់ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង​២​នាក់ និង រឹបអូស​យក​ប្រាក់​ដុល្លារ បាន​ជាង​២ លាន​ដុល្លារ ហើយ​នៅ​ល្ងាច​ថ្ងៃទី​១១​កក្កដា ចាប់ខ្លួន​ជនជាតិ​ចិន​៣​នាក់​ទៀត និង រឹបអូស​ប្រាក់​៩០​ម៉ឺន​ដុល្លារ​ផងដែរ៕

ដោយ ៖ មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114