ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ដន្ទាទោស​អ្នកលក់​គ្រឿងញៀន​ម្នាក់​ ដាក់​ពន្ធនាគារ​២០​ឆ្នាំ​

ភ្នំពេញ ៖ លោក​ឌុ​ច សុខ​សារិន អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ជំនុំ​ជម្រះ កាលពី​ព្រឹក​ថ្ងៃទី​១២​ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ដាក់​ពន្ធនាគារ​កំណត់​២០​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ​រក្សាទុក និង​ជួញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​៤០​ នៃ​ច្បាប់ ​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​កម្ពុជា។​

ជន​ត្រូវ​ចោទប្រកាន់​ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស​នេះ​ឈ្មោះ ជា យ៉េត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ លក់​គ្រឿងញៀន មាន​ស្រុកកំណើត​ភូមិ វិហារ​ខ្ពស់ ឃុំ​សួង ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម បច្ចុប្បន្ន ខេត្ត​ត្បូងឃ្មុំ។​

លោក​មេធាវី ភី ចិន្ដា ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​ជនជាប់ចោទ​បានឲ្យ​ដឹង​ថា កូនក្ដី​របស់​លោក​បាន​សម្រេច ប្ដឹង​ឧទ្ធរណ៍​ចំពោះ​ការសម្រេចសេចក្ដី​របស់​ចៅក្រម​សាលាដំបូង។​

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​នៅ​ក្នុង​សវនាការ ជនជាប់ចោទ ឈ្មោះ ជា យ៉េត ជា​អតីត​ទណ្ឌិត​ជាប់ទោស​រឿង​ជួញដូរ​គ្រឿងញៀន ដែល​ទើប​ចេញពី​ពន្ធនាគារ​កាលពី​អំឡុង​ឆ្នាំ​២០១៥​។ បន្ទាប់មក​ជន​ត្រូវ​ចោទ​ឈ្មោះ ជា យ៉េត ត្រូវ​កម្លាំង​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ថ្មគោល​៣ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

នៅក្នុង​ប្រតិបត្តិការ​នោះ ​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ថា មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹក​ក​) ទម្ងន់ ៧៧៩.៥២​ក្រាម​, ច្រក​ថង់​ចំនួន ៨​ថង់​ធំ និង​១​ថង់​តូច ,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន​១, ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង​, ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួនធំ​, រថយន្ត​រ​បស់​ជនសង្ស័យ​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2N-5398, ក្រដាស​វិក្កយបត្រ វី​ង​វេរ​លុយ​ជាង​១០​សន្លឹក ដោយ​មួយ​សន្លឹកៗ ចំនួន​ជាង​១​ពាន់​ដុល្លារ និង​សៀវភៅ​បញ្ជី​កត់​ចំនួន​លក់ដូរ​គ្រឿងញៀន ចំនួន​១​ក្បាល៕

ដោយ ៖ មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114