ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្ស ​និស្សិត​ច្រើនជាង​800 ​ចូលរួម​កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍ ​និង​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី

ភ្នំពេញ​ ៖ ​ស្ថាប័ន​អប់រំ IDP កម្ពុជា​ កាលពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៩ ​បាន​រៀបចំ​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍​ និង​ការសិក្សា​នៅ​អូស្ត្រាលី​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ ដើម្បី​ផ្តល់​ការ​ប្រឹក្សា​ផ្ទាល់​ និង​បង្ហាញ​នូវ​ជម្រើស​សិក្សា​នានា​នៅ​ប្រទេស​អូស្ត្រាលី​ទៅកាន់​ សិស្ស​និស្សិត​កម្ពុជា ក៏ដូចជា​មាតាបិតា​របស់​ពួកគេ​ផង​ដែរ ​ជាមួយ​នឹង​ស្ថាប័ន​អប់រំ​ប្រមាណ​៤៤មកពី​ប្រទេស​អូស្ត្រាលី។

គួរ​បញ្ជាក់​ថា ​IDP Education គឺជា​ស្ថាប័ន​ធំ​ជាង​គេ​បង្អស់​លើ​ពិភពលោក​ ដែល​បាន​ដើរ​តួនាទី​ក្នុង​ការ​បញ្ជូន​សិស្ស​និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អង់គ្លេស ណូវែលហ្សេឡង់ កាណាដា​ និង​អាមេរិក ជាមួយ​នឹង​ការិយាល័យ​ជាង​១០០​នៅ​ច្រើនជាង​៣២​ប្រទេស​ ជុំវិញ​ពិភពលោក។

លោក ម៉ៅ ស្រេង​នាយក​ស្ថាប័ន​អប់រំ IDP ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា ​«​ជាច្រើន​ទសវត្ស​មក​ហើយ​ ដែល​ប្រទេស​អូស្ត្រាលី​ជា​ទិសដៅ​សិក្សា​មួយ​ ដែល​មាន​ប្រជាប្រិយភាព​សម្រាប់​សិស្ស​និស្សិត និង​អាណាព្យាបាល​កម្ពុជា​ដើម្បីឲ្យ​ពួកគេ​ជ្រើសរើស​ទៅ​បំពេញ​ក្តី​ស្រមៃ​ការសិក្សា និង​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​រក អាជីព​ ដែល​ពួកគេ​ប្រាថ្នា​ នៅ​ពេល​ពួកគេ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​។ ប្រទេស​អូស្ត្រាលី​ផ្តល់​ឲ្យ​សិស្ស​និស្សិត​នូវ​ការអប់រំ​ប្រកបដោយ​ស្តង់ដារ​ពិភពលោក​គ្រប់​កម្រិត​ និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ។»

លោក​ស្រី​ឯកឧត្ដម Angela Corcoranអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​នោះ​ដែរ ​​ថា «សិស្ស និស្សិត​ខ្មែរ​មាន​បំណង​ចង់​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ​ពីព្រោះ​ពួកគេ​បាន​ដឹង និង​ជឿជាក់​ទៅលើ​គុណភាព​ ដែល​ពួក​យើង​បាន​ផ្តល់​ឲ្យ​ ដែល​មាន​ស្តង់ដារ​លំដាប់​ពិភពលោក។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ គុណភាព​សិក្សា​នេះ ​ត្រូវ​បាន​ផ្តល់​ឲ្យ​ជាមួយ​នឹង​ទីក្រុង​ដែល​មាន​ភាព​សម្បូរ​បែប ទីតាំង​ ដែល​មាន​ទេសភាព​គួរ​ឲ្យ​ទស្សនា និង​វប្បធម៌​ចម្រុះ​ជាច្រើន​សណ្ឋាន​។ »

លោក​ស្រី​បន្ត​ថា ​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី​គឺជា​វេទិកា​ការសិក្សា​ដ៏​ធំ​មួយ​ប្រចាំឆ្នាំ​នៅ​ប្រទេស​កម្ពុជា​ដែលមាន​ការចូលរួម​ពី​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ជាច្រើន និង​មាន​សិស្ស​និស្សិត​ និង​អាណាព្យាបាល​ច្រើនជាង 800 នាក់​បានមក​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ដើម្បី​ស្វែងយល់​ព័ត៌មាន​អំពី​ជម្រើស​សិក្សា​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​វិទ្យាល័យ​ថា្នក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ​ក៏ដូចជា​ព័ត៌មាន​អំពី​អាហារូបករណ៍​ដែល​ពាក់ព័ន្ធ និង​តម្រូវការ​ទិដ្ឋាការ​ផ្សេងៗ​។​

លោក​ស្រី​បញ្ជាក់​ថា​ ការផ្តល់​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDPគឺ​មិន​តម្រូវឲ្យ​បង់ប្រាក់​ទេ​។ ការអប់រំ​របស់​ប្រទេស​អូស្ត្រាលី​មិន​ធ្លាប់មាន​សក្តានុពល​នៅ​ប្រទេស​កម្ពុជា​ខ្លាំង​យ៉ាងនេះ​ពីមុនមក​នោះទេ​ ប៉ុន្តែ​ប្រទេស​អូស្ត្រាលី​នៅតែ​ជា​ទិសដៅ​សម្រាប់​បន្ត​ការសិក្សា​ដ៏​មាន​ប្រជាប្រិយភាព​របស់​សិ​ស្ស និស្សិត​ខ្មែរ​។ ក្នុង​កំឡុង​ឆ្នាំ​ហិរញ្ញវត្ថុ ២០១៧-២០១៨ ទិដ្ឋាការ​សិស្ស និស្សិត​ចំនួន ៤២២៩៥៩ បានផ្តល់​ជូន​ឲ្យ​សិស្ស និស្សិត​កម្ពុជា​ដោយ​ក្រសួងមហាផ្ទៃ​ប្រចាំ​ក្នុង​ស្ថានទូត​អូស្ត្រាលី ច្រើនជាង ១១.៣ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន។

សិស្ស​ម្នាក់ ​ដែល​មកពី​សាលា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ​បាន​បង្ហាញ​​​អារម្មណ៍​ថា ​«​ខ្ញុំ​ពិតជា​មាន​សេចក្តី​សប្បាយ​រីករាយ​ណាស់​ដែល​បានមក​ចូលរួម​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍​ និង​ការសិក្សា​នៅ​អូស្ត្រាលី​ក្នុងថ្ងៃនេះ! ខ្ញុំ​បាន​ជួប​ជាមួយ​នឹង​អ្នកតំណាង​សាកលវិទ្យាល័យ​និង​ស្ថាប័ន​អប់រំ​មកពី​ប្រទេស​អូស្ត្រាលី​ជាច្រើន​ និង​បានទទួល​នូវ​ការប្រឹក្សា​យ៉ាង​ក្បោះក្បាយ​ទៅលើ​ចម្ងល់ របស់ខ្ញុំ​ទៀតផង​។​»

ដោយឡែក មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្ដុះបណ្ដាល​ (ACE) ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ​ និង​បាន​ផ្តល់​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស​ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី។

មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ចូលរួម​ផ្តល់​ប្រឹក្សា​ពី​តេស្ត IELTSនិង​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាកល្បង​ប្រព័ន្ធ​តេស្ត​IELTS តាម​កុំព្យូទ័រ​ដល់​សិស្ស និស្សិត​ដែលមាន​បំណង​ចង់​សាកល្បង​ផងដែរ។

ជាមួយ​នឹង​ប្រព័ន្ធ​ថ្មី​នេះ សាធារណជន​ អាច​ធ្វើ​ការ​ជ្រើសរើស​ធ្វើតេស្ត IELTSតាម​ប្រព័ន្ធ​កុំព្យូទ័រ (Computer-delivered IELTS)​។ តេស្ត IELTSតាម​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ នឹង​ក្លាយ​ជា​ជម្រើស​តេស្ត​ងាយស្រួល ​ដែល​ធ្វើ​ឲ្យ​តម្រូវការ​តេស្ត​IELTS កើន​ឡើង​ជុំវិញ​ពិភពលោក​ក៏ដូចជា​ធ្វើ​ឲ្យ​បេក្ខជន​ប្រលង​មាន​សមត្ថភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន។

ក្នុងនាម​ជា​មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ IELTS តែមួយគត់​នៅ​កម្ពុជា ស្ថាប័ន​អប់រំ​IDP មាន​ក្តីរំភើប​រីករាយ​ដែល​អាច​ផ្តល់​បទពិសោធន៍​ថ្មី​នេះ​ដល់​សាធារណជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​បំណង​ប្រលង​តេស្ត​ IELTS សម្រាប់​ការសិក្សា ការងារ និង​ចំណាកស្រុក។

នៅ​ប្រទេស​កម្ពុជា​ សិស្ស​ និស្សិត និង​អាណាព្យាបាល​ អាច​ស្វែងរក​ការិយាល័យ ​ផ្ដល់​ព័ត៌មាន​ទៅ​សិក្សា​នៅ​បរទេស ស្ថាប័ន IDPនៅ​គ្រប់​សាខា​​​របស់​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្ដុះបណ្ដាល ដែល​ហៅ​កាត់​ថា ​ACE នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប​ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា​ដោយ​ឥតគិតថ្លៃ៕

ដោយ ៖ សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114