ព័ត៍មានទាន់​ហេតុការណ៏
Search

ឧត្ដមសេនីយ៍​ស៊ូដង់​និយាយ​ថា ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ​ត្រូវ​បាន​រារាំង

ក្រុមប្រឹក្សា​យោធា ​ដែល​កំពុង​កាន់អំណាច​របស់​ប្រទេស​ស៊ូដង់ ​បាន​រារាំង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​ ដោយ​និយាយ​ថា មន្ត្រី​១២​នាក់​និង​ទាហាន​៤​នាក់​ ត្រូវបាន​ចាប់ខ្លួន​។ នេះ​បើតាម​ការប្រកាស​របស់​ឧ​ត្ត​ម​សេនីយ៍​កំពូល​ម្នាក់​នៅលើ​ទូរទស្សន៍​រដ្ឋ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

ការប្រកាស​នេះ​បាន​ធ្វើឡើង​ខណៈពេលដែល​យោធា​កំពុង​កាន់អំណាច​និង​ក្រុមអ្នកតវ៉ា​ស៊ីវិល​បាន​យល់ព្រម​កាលពី​សប្តាហ៍​មុន​ដើម្បី​បញ្ចប់​ភាពជាប់គាំង​ផ្នែក​នយោបាយ​បន្ទាប់ពី​កងទ័ព​បាន​បណ្តេញ​មេដឹកនាំ​យូរអង្វែង​លោក Omar al-Bashir កាលពី​ខែមេសា​។​

លោក​ឧ​ត្ត​ម​សេនីយ៍ Jamal Omar នៃ​ក្រុមប្រឹក្សា​យោធា​កំពុងកាន់​អំណាច​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ថា “​មន្ត្រី​និង​ទាហាន​មកពី​កងទ័ព​និង​សេវា​ចារកម្ម​និង​សន្តិសុខ​ជាតិ​ដែលមាន​អ្នកខ្លះ​បាន​ចូល​និវត្ត​ទៅហើយនោះ​គឺ​កំពុង​ព្យាយាម​ធ្វើ​រដ្ឋប្រហារ​មួយ​”​។​

លោក​បាន​និយាយថា “​កងកម្លាំង​អាច​រារាំង​ការប៉ុនប៉ង​នេះ​បាន​”​។ ទោះបីជា​យ៉ាងណាក៏ដោយ គាត់​មិនបាន​និយាយថា​តើ​នៅពេលណា​ដែល​ប៉ុនប៉ង​នេះ​ត្រូវបាន​ធ្វើឡើង​នោះទេ​។​

លោក Omar បាន​បន្តថា កងកម្លាំង​សន្តិសុខ​កំពុងតែ​ស្វែងរក​មេខ្លោង​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ។

លោក Omar បាន​និយាយទៀតថា “​នេះ​គឺជា​ការប៉ុនប៉ង​រារាំង​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​សម្រេច​ដោយ​ក្រុមប្រឹក្សា​យោធា​អន្តរកាល​និង​សម្ព័ន្ធ​ដើម្បី​សេរីភាព​និង​ការផ្លាស់ប្តូរ​ដែលមាន​បំណង​បើកផ្លូវ​សម្រាប់​ប្រជាជន​ស៊ូដង់​ឲ្យ​សម្រេចបាន​នូវ​ការទាមទារ​របស់​ពួកគេ​”​។​

សេចក្តីប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​បាន​ធ្វើឡើង​ខណៈដែល​ទីប្រឹក្សា​ច្បាប់​របស់​ក្រុមប្រឹក្សា​យោធា​កំពុង​កាន់អំណាច​និង​មេដឹកនាំ​បាតុកម្ម​បាន​ឆ្លងកាត់​ការពិនិត្យ​សេចក្តីលម្អិត​នៃ​កិច្ចព្រមព្រៀង​នៅឯ​សណ្ឋាគារ​ប្រណីត​មួយ​ក្នុង​ទីក្រុង Khartoum​។​

កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ដែលមាន​គោលបំណង​បង្កើត​ស្ថាប័ន​គ្រប់គ្រង​ស៊ីវិល​-​យោធា​រួមគ្នា​ថ្មី​មួយ ត្រូវបាន​ឈានដល់​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​ការសម្រុះសម្រួល​ដោយ​ប្រេសិត​សហភាព​អាហ្វ្រិក​និង​បេសកជន​អេ​ហ្ស៊ី​ប​។​

គួរ​បញ្ជាក់​ថា ប្រទេស​ស៊ូដង់​ ត្រូវ​បាន​រង្គោះរង្គើ ​ដោយ​វិបត្តិ​នយោបាយ​មួយ ​ចាប់តាំងពី​ការ​តវ៉ា​បាន​ផ្ទុះ​ឡើងជា​លើកដំបូង​ប្រឆាំង​នឹង​ការគ្រប់គ្រង​របស់​លោក Bashir នៅ​ក្នុង​ខែធ្នូ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114