ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​កម្ពុ​ជា មាន​ជំងឺ​មហារីក​ឈាម​កុមារ​ប្រមាណ​៧៥០​ករណី​ថ្មី​ក្នុង​មួយឆ្នាំ​ ដែល​ភាគច្រើន​ជា​ជំងឺ​មហារីក​ឈាម​

ភ្នំពេញ ​៖ ​ជំងឺ​មហារីក​ឈាម​កុមារ នៅ​កម្ពុជា មាន​ប្រមាណ​៧៥០​ករណី​ថ្មី ​ក្នុង​មួយ​ឆ្នាំ​ ដែល​ភាគ​ច្រើន ជា​ជំងឺ​មហារីក​ឈាម និង​មហារីក​ខួរក្បាល​។​

លោក​សាស្ត្រាចារ្យ គង់ សន្យា អគ្គនាយករង​មន្ទីរពេទ្យ​កាល់ម៉ែត​ បាន​ថ្លែង​ក្នុង​ឱកាស​បើក​សិក្ខា​សាលា វគ្គ​បណ្ដុះបណ្ដាល​ស្តីអំពី​«​ការថែទាំ​កុមារ​កើត​ជំងឺ​មហារីក​» នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ ​ដោយ​បាន​សហការ​ជាមួយ​ប្រតិភូ​ជាតិ និង​អន្តរជាតិ មកពី​សហរដ្ឋអាមេរិក ប្រទេស​ជប៉ុន ហ្វីលីពីន និង​វៀតណាម​ ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី ជួយ​គាំទ្រ និង​បង្ហាត់បង្ហាញ​អំពី “​ការថែទាំ​កុមារ​កើត​ជំងឺ​មហារីក​”​។​

លោក​សាស្ត្រាចារ្យ​អគ្គនាយករង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ទៀតថា​ ជំងឺ​មហារីក​កុមារ​មាន​ច្រើន​ប្រភេទ ហើយ​ភាគច្រើន ជា​ជំងឺមហារីក​ឈាម និង​បន្ទាប់មក​គឺ ជំងឺមហារីក​ខួរ​ក្បាល ដោយ​ក្នុង​មួយឆ្នាំៗ នៅ​កម្ពុជា មាន​ប្រមាណ​៧៥០​ករណី​ថ្មី​។​

អគ្គនាយករង​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ថ្លែងថា​ ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​មជ្ឈមណ្ឌល​ជាតិ​ជំងឺ​មហារីក​ជាមួយ​ផ្នែក​ជំងឺ​មហារីក​កុមារ នៅក្នុង​ប្រទេស​កម្ពុជា នៅ​ដើមឆ្នាំ​២០១៨ គឺជា​ការរីកចម្រើន​មួយផ្នែក​ទៀត លើ​វិស័យ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​រប​ស់​យើង​។ វគ្គ​បណ្ដុះបណ្ដាល​នេះ​ នឹង​ផ្តល់នូវ​ការថែទាំ​ព្យាបាល​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ ដែល​នាំ​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​មុន​នូវ​គុណភាព​ជីវិត ហើយ​ស្រប​ពេល​ជាមួយ​គ្នានេះ​ដែរ កាត់បន្ថយ​ការចំណាយ​របស់​អ្នកជំងឺ​។ ដោយសារ​មូលហេតុ​ទាំងនេះ បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​កម្មវិធី​នេះ ក៏​ដូចជា​សិក្ខាសាលា​នៅថ្ងៃនេះ​។

​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ លោក​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​វគ្គ​បណ្ដុះបណ្ដាល​នេះ យើង​នឹង​បន្តធ្វើ​ការ​ និង​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​លើ​កិច្ចការ​ដ៏​សំខាន់​នេះ​សម្រាប់​ប្រទេស​របស់​យើង​។​

ជាមួយគ្នា​នោះ​ដែរ កញ្ញា Julie Ritter អ្នកចាត់ការ​ទូទៅ​ផ្នែក​ប្រព័ន្ធ​សុខាភិបាល និង​កម្មវិធី​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​នៃ​មន្ទីរពេទ្យ St. Jude Children’s Hospital សហរដ្ឋអាមេរិក បាន​លើកឡើងថា ​ក្នុង​ស្មារតី ​នៃ​កិច្ចសហការ​នេះ​យើង​មាន​សេចក្តី​រីករាយ​ដែលមាន​វត្តមាន​នៅថ្ងៃនេះ​ជាមួយ​មន្ទីរពេទ្យ​កាល់ម៉ែត មជ្ឈមណ្ឌល​មហារីក​មជ្ឈមណ្ឌល​ជំងឺមហារីក​កុមារ ​រួមជាមួយ​គិលានុបដ្ឋាយិកា​មកពី​ប្រទេស​វៀត​ណាម​គ្រូពេទ្យ​ និង​គិលានុបដ្ឋាយិកា​ពី​ហ្វីលីពីន​ និង​ជា​ស្ថាបនិក ​នៃ​សម្ព័ន្ធ​ថែទាំ​កុមារ​អាស៊ី​សម្រាប់​ការ​ឈាន​ដល់​ចំណុច​ខ្ពស់​បំផុត​។​ ព្រោះ​គិលានុបដ្ឋាយិកា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​និង​ជា​សមាជិក​សំខាន់​ នៃ​ក្រុម​ពហុ​វិន័យ​ដែល​ត្រូវការ​សម្រាប់​ការថែទាំ​ល្អ​បំផុត​ និង​ការ​ព្យាបាល​កុមារ​ និង​មនុស្សពេញវ័យ​ដែលមាន​ជំងឺមហារីក​។​

​កញ្ញា Julie Ritter បាន​បន្តថា ​យើង​សរសើរ​មន្ទីរពេទ្យ​កាល់ម៉ែត ​និង​មជ្ឈមណ្ឌល​មហារីក​ជាតិ​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការកសាង​សមត្ថភាព​ និង​ការអប់រំ​គិលានុបដ្ឋាយិកា​របស់​ពួកគេ​។

យើង​មាន​អំណរគុណ​ចំពោះ​ការសហការ​ជាប្រចាំ​របស់​យើង​ជាមួយ​មន្ទីរពេទ្យ​កាល់ម៉ែត​,​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៨​ ក៏ដូចជា​ទំនាក់ទំនង​សហការ​ជិតស្និទ្ធ​របស់​យើង​ជាមួយ​មន្ទីរពេទ្យ​កុមារ​ជាតិ ​និង​ថ្នាក់ដឹកនាំ ​និង​ស្ថាប័ន​ដទៃទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុងប្រទេស​កម្ពុជា ​និង​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ដើម្បី​រួមគ្នា​សម្រេច​បាន​នូវ​អនាគត​ដែល​គ្មាន​កូនក្មេង​នឹង​ស្លាប់​៕​

ដោយ ៖ រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114