ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ប្រជាធិបតេយ្យ​ព្រមាន​លោក Trump មុន​ការ​វាយឆ្មក់​លើ​ជនអន្តោប្រវេសន៍

កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកប្រជាធិបតេយ្យ​នៅក្នុង​សភា​អាមេរិក​បានទាមទារ​ឲ្យ​លោក​ប្រធានាធិបតី Donald Trump ការពារ​ក្រុមគ្រួសារ​និង​កូនៗ ​មុន​ការ​វាយឆ្មក់​លើ​ជនអន្តោប្រវេសន៍​នៅ​ចុង​សប្ដាហ៍​នេះ។

កាសែត New York Times បាន​រាយការណ៍​ថា ភ្នាក់ងារ​អន្តោប្រវេសន៍​និង​គយ (ICE) នឹង​បើក​ប្រតិបត្តិការ​និរទេស​នៅ​ថ្ងៃអាទិត្យ​នេះ​ចំ​ពេលដែល​រដ្ឋបាល​បាន​ពង្រីក​ការបង្ក្រាប​របស់ខ្លួន​លើ​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ​។​

​កាសែត The Times បាន​និយាយថា ICE បានទទួល​ការបញ្ជា​ពី​តុលាការ​ឲ្យ​បណ្តេញ​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ​ប្រហែល​១​លាន​នាក់​ប៉ុន្តែ​ការ​វាយឆ្មក់​ដំបូង​នឹង​កំណត់​គោលដៅ​លើ​មនុស្ស​ប្រហែល​២,០០០​នាក់​នៅ​ទូទាំង​ទីក្រុង​យ៉ាងតិច​១០​។​

​អ្នកប្រជាធិបតេយ្យ​បាន​រិះគន់​ផែនការ​នេះ​ដោយ​និយាយថា ពួកគេ​បាន​គំរាមកំហែង​ដល់​អ្នក​ដែល​រស់នៅ​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ប្រធានសភា​លោកស្រី Nancy Pelosi បាន​ហៅ​ផែនការ​របស់ ICE ថា “​គ្មាន​មេត្តា​” ហើយ​បាន​និយាយថា ថ្ងៃអាទិត្យ​គឺជា​ពេលដែល​គ្រួសារ​ជនអន្តោប្រវេសន៍​និយាយ​ភាសា​អេ​ស្ប៉ា​ញ​ជាច្រើន​ត្រូវ​ស្ថិតនៅក្នុង​ព្រះវិហារ​។​

​លោកស្រី​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា “​គ្រួសារ​ទាំងនេះ​គឺជា​សមាជិក​នៃ​សហគមន៍​និង​ប្រទេស​របស់​យើង​។ សកម្មភាព​ដ៏​សាហាវឃោរឃៅ​នេះ​នឹង​បំភ័យ​កុមា​រហើយ​បំបែក​ក្រុមគ្រួសារ​ឲ្យ​នៅ​ដាច់ពីគ្នា​”​។​

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​ជាន់ខ្ពស់​លោក Chuck Schumer បាន​ព្រមាន​រដ្ឋបាល​លោក Trump ថា ICE មិនគួរ​បែងចែក​គ្រួសារ​ដែលមាន​កូនតូចៗ​ទេ​ប្រសិនបើ​ខ្លួន​អនុវត្ដ​ការ​វាយឆ្មក់។

​លោក​និយាយថា “​បញ្ឈប់​ការ​បំបែក​កូនៗ​ពី​គ្រួសារ​របស់​ពួកគេ​ទៅ​។ ប្រាប់​ទីភ្នាក់ងារ​របស់​អ្នក​ទៅ កុំ​បំបែក​កូន​ណា​ម្នាក់​ពី​ឪពុកម្តាយ​របស់​ពួកគេ​ឲ្យ​សោះ”។

ទោះបីជា​យ៉ាងណាក៏ដោយ ICE មិន​បានធ្វើ​អត្ថាធិប្បាយ​អំពី​ការ​វាយឆ្មក់​នេះ​ទេ​ដែល​នឹង​កើតឡើង​ចំពេល​លោក Trump កំពុង​ព្យាយាម​បង្ហាញ​ភាព​រឹងមាំ​លើ​ការ​ធ្វើ​អន្តោប្រវេសន៍​ស្របពេល​នៅតែមាន​លំហូរ​កាន់តែខ្លាំង​នៃ​ជនអន្តោប្រវេសន៍​ដែល​ឆ្លងកាត់​ព្រំដែន​ម៉ិកស៊ិក៕ AFP

ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114