ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ ​សម្រេច​ឃុំខ្លួន ​សួង នាគព័ន្ធ ចោទ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​

​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ឯក ប៉ូ​លី​ហ្វ៊ីល នា​រសៀល​ថ្ងៃទី​១២ ខែ​​កក្កដា ឆ្នាំ​២០១៩​នេះ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​យុវជន​ឈ្មោះ សួង នាគព័ន្ធ ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។​

ជន​ត្រូវ​ចោទ​សួង នាគព័ន្ធ ជា​សមាជិក​សមាគម​និស្សិត បញ្ញវន្ត​ខ្មែរ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១០ ​ខែ​កក្កដា ឆ្នាំ​២០១៩ ចំណុច​ស្ថានីយ​ប្រេង​កាល់​តិច​បូកគោ ខណៈ​ពួកគេ​បាន​លើកគ្នា​ប្រហែល​២០​នាក់​ ទៅ​ដុត​ធូប​រំលឹក​ខួប​៣​ឆ្នាំ​ នៃ​បុណ្យ​សព​ លោក​បណ្ឌិត ​កែម ឡី។​

សួង នាគព័ន្ធ ត្រូវ​បាន​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១១ និង​១២​កក្កដា ដើម្បី​ធ្វើ​ការសាកសួរ​ ក្នុងនោះ​បន្ទាប់ពី​សួរចម្លើយ​ជនសង្ស័យ​រួចមក លោក​ចែ សុង ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​បាន​ចោទប្រកាន់​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ហើយ​ចៅក្រម​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោយពី​សួង នាគព័ន្ធ បាន​រក្សាទុក​ចម្លើយ​មិន​កែប្រែ​របស់​ផង​គេ។​

កាលពី​ព្រលប់​ថ្ងៃទី​១១​ ខែ​កក្កដា ឆ្នាំ​២០១៩ លោក​ចៅក្រម​ឯក ប៉ូ​លី​ហ្វ៊ីល បាន​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន គង់ រ៉ៃ​យ៉ា យុវជន​ដែល​មាន​ភក្ដីភាព​ នឹង​ លោក​បណ្ឌិត​កែម ឡី ដាក់​ពន្ធនាគារ​ព្រៃ​.ស​ ជា​លើក​ទី​២ ក្រោយពី​ជននេះ​បាន​បញ្ឆេះ​កំហឹង​មហាជន​តាម​រូបភាព​ញុះញង់​ដោយ​ប្រើ​ទស្សនៈ​ឆ្វេង​និយម​បោះពុម្ព​លើ​អាវយឺត ​ហើយ​ប្រកាស​លក់​នៅ​ថ្ងៃ​បុណ្យខួប​១០​កក្កដា ឆ្នាំ​២០១៩៕

ដោយ ៖ មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114