ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Putin និង​លោក Zelensky ពិភាក្សា​គ្នា​អំពី​ជម្លោះ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ ក្នុង​ការ​ហៅ​ទូរស័ព្ទ​លើកដំបូង

វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​ថ្មី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​ពិភាក្សាគ្នា​អំពី​ជម្លោះ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជា​លើកដំបូង​របស់​ពួកគេ​។​

ការិយាល័យ​របស់លោក Zelensky បាន​និយាយថា ការដោះលែង​នាវិក​អ៊ុយ​ក្រែ​ន​២៤​នាក់​ដែល​ត្រូវបាន​ឃុំឃាំង​ដោយ​ប្រទេស​រុស្ស៊ី​ចាប់តាំងពី​ខែវិច្ឆិកា​មក​គឺជា “​សំណួរ​ដ៏​សំខាន់​មួយ​” ក្នុងអំឡុងពេល​នៃ​ការសន្ទនា​តាម​ទូរស័ព្ទ​នេះ​។ ប្រទេស​រុស្ស៊ី​បាន​រឹបអូស​នាវា​របស់​ពួកគេ​ពី​ឧបទ្វីប Crimea កាលពី​ឆ្នាំមុន​។​

អ្នកនាំពាក្យ​របស់លោក Putin គឺ​លោក Dmitry Peskov បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​បន្ទាប់ពី​ការទាក់ទង​របស់លោក Putin ជាមួយ​លោក Zelensky ដែល​សម្ពោធ​ចូលកាន់​តំណែង​កាលពី​ខែឧសភា​ថា “​សំណួរ​ទាក់ទង​នឹង​ជម្លោះ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយ​ក្រែ​ន​និង​ការងារ​រួមគ្នា​លើ​ការប្រគល់​មនុស្ស​ដែល​បាន​ឃុំឃាំង​នៅក្នុង​ប្រទេស​ទាំងពីរ​គឺ​ត្រូវបាន​លើកយក​មក​ពិភាក្សា​”​។​

សេចក្ដីថ្លែងការណ៍​នៅលើ​គេហទំព័រ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​បន្ថែមថា “​ការប្រគល់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ផ្សេងទៀត​ដែល​ឃុំខ្លួន​នៅក្នុង​ទឹកដី​រុស្ស៊ី​ក៏​ត្រូវបាន​ពិភាក្សា​ផងដែរ​”​។​

កាលពីដើម​សប្តាហ៍​នេះ លោក Zelensky បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចចរចា​ជា​លើកដំបូង​ជាមួយ​លោក Putin ដោយ​អំពាវនាវ​ឲ្យ​មេដឹកនាំ​លោកខាងលិច​ធ្វើការ​សម្រុះសម្រួល​។​

លោក​បាន​លើកឡើងថា សហរដ្ឋអាមេរិក​និង​អង់គ្លេស​គួរតែ​ត្រូវដាក់​បញ្ចូល​នៅក្នុង​កិច្ចចរចា​សន្តិភាព​ស្តីពី​ជម្លោះ​មួយ​ដែល​បច្ចុប្បន្ន​មានការ​ចូលរួម​ពី​អាល្លឺម៉ង់ បារាំង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​។​

លោក Putin បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីក្រុង​មូ​ស្គូ​មិនដែល​បដិសេធ​នូវ​ទ្រង់ទ្រាយ​ណា​ដែល​បាន​ស្នើឡើង​នោះទេ​រួមទាំង​ការពង្រីក​ក្រុម​ផងដែរ​។​

មនុស្ស​ប្រហែល​១៣,០០០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ជម្លោះ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​បាន​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០១៤​បន្ទាប់ពី​ការបះបោរ​មួយ​បាន​ទម្លាក់​ប្រធានាធិបតី​គាំទ្រ​វិមាន​ក្រឹម​ឡាំង​លោក Viktor Yanukovych ហើយ​រុស្ស៊ី​បាន​ឆ្លើយតប​វិញ​ដោយ​ការ​កាត់​យក​ឧបទ្វីប Crimea៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114