ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​សុខាភិបាល​ខេត្ត​ ​​ចុះ​ដាក់​ថ្នាំ ​និង​បាញ់ថ្នាំ​ ខណៈ​ជំងឺ​គ្រុនឈាម​ កំពុង​មាន​សន្ទុះ​ជាង​ឆ្នាំមុន​ ធ្វើ​ឲ្យ​​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​គ្រប់​ៗ​គ្នា

បាត់ដំបង ​៖​ ស្រប​ពេល​រដូវវស្សា​ឈាន​មកដល់​ ​ជំងឺ​គ្រុន​ឈាម​កាន់តែ​កើតមាន​ជា​បន្តបន្ទាប់​ ហើយ​អ្នក​ជំងឺ​មួយ​ចំនួន​ ក៏​បាត់បង់​ជីវិត​ផង​ដែរ​ ​ព្រោះ​តែ​ខ្វះ​អនាម័យ​បង្ក​ជា​ជម្រក​សត្វ​មូស​ខ្លា។ ដូច្នេះ​ដើម្បី​ការពារ​សុខភាព​ជៀស​ផុត​ពី​ការ​ឆ្លង​ជំងឺគ្រុនឈាម​ ដោយសារ​មូស​ខ្លា​ញី​ខាំ​ និង​បង្ការ​ការ​ឈឺ​ និង​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នោះ​ លោក​ឱសថ​បណ្ឌិត ​វឿអង​​ប៊ុន​រ៉េត​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ និង​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​ចូលរួម​ចលនា​កាត់បន្ថយ​ និង​ទប់ស្កាត់​ការ​កកើត​សត្វ​មូស​ ដោយ​ប្រកាន់​ភ្ជាប់​នូវ​គោលជំហរ​ជា​ប្រជាជន​គំរូ​មួយរូប​ដែលមាន​ខ្លឹមសារ​ថា​ «​​​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ ​ជា​គ្រួសារ​គំរូ ​ព្រោះ​ផ្ទះ​ខ្ញុំ​និង​លំនៅដ្ឋាន​របស់ខ្ញុំ​គ្មាន​ដង្កូវទឹក​»​។​

ការ​ថ្លែង​បែបនេះ ​ខណៈ​ដែល​លោក​ឱសថ​បណ្ឌិត​វឿ​ង​ ប៊ុន​រ៉េត​ កន្លងមក​ថ្មីៗ​នេះ​ បាន​ដឹកនាំ​មន្ត្រី ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ ​​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ និង​យុវជន​ស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្តបាត់ដំបង​ ដើម្បី​ចុះ​ដាក់​ថ្នាំ​អា​បេ​ត​ និង​បាញ់ថ្នាំ​សម្លាប់​សត្វ​មូស​ នៅ​ចំណុច​សង្កាត់​ក្តុល​ដូនទាវ ​ក្រុង​បាត់ដំបង​។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្នុង​ខេត្ត​បាត់ដំបង​មាន​ជំងឺគ្រុនឈាម​កើតឡើង​ចំនួន​ជាង​៧២៣​ករណី​និង​មានការ​បាត់បង់​ជីវិត​អ្នកជំងឺ​ចំនួន​៥​នាក់​ផងដែរ។

លោក​ កាក់ សីលា ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ​ក៏បាន​បញ្ជាក់ដែរថា ​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​នេះ​មិនមែន​តែ​កើតមាន​នៅក្នុង​ខេត្តបាត់ដំបង ​ឬ​ប្រទេស​កម្ពុជា​នោះទេ​ សូម្បី​ប្រទេសជិតខាង​យើង​ក៏មាន​ការផ្ទុះ​ជំងឺ​នេះ​ដូចគ្នា​ដែរ​ ហើយ​ជំងឺគ្រុនឈាម​នេះ​ អាច​ទប់ស្កាត់​បាន​ លុះត្រា​តែ​យើង​រួមគ្នា​សំអាត​បរិស្ថាន​នៅ​ជុំវិញ​លំនៅដ្ឋាន​របស់​យើង​ម្នាក់ៗឲ្យ​បាន​ស្អាត​ត្រូវ​ដុត​ ឬ​កប់​ចោល​នូវ​វត្ថុ​ដែល​អាច​ដក់​ទឹក​ដើម្បី​បំបាត់​ទីជម្រក​សត្វ​មូស​ពង​កូន​ទើប​អាច​ជៀស​ផុតពី​ការ​ចម្លង​ជំងឺគ្រុនឈាម​បាន​។​

បើ​យោងតាម​របាយការណ៍​រ​បស់​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បង្ហាញថា​ គ្រុនឈាម​ គឺជា​ជំងឺ​របស់​មនុស្ស​គ្រប់​វ័យ​ ដែល​បង្កឡើង​ដោយ​សត្វ​មូស​ខ្លា​ញី​វា​ខាំ​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនឈាម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​បាន​យ៉ាង​ឆាប់រហ័ស​ ហើយ​បច្ចុប្បន្ន​ស្ថានភាព​ជំងឺគ្រុនឈាម​បាន​និង​កំពុង​តែ​ផ្ទុះឡើង​ក្នុង​កំឡុង​ឆ្នាំ​២០១៩​នេះ ​ដោយមាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់​ច្រើនជាង​ឆ្នាំ​២០១៨​កន្លងទៅ​ ទើប​ប្រពល​រដ្ឋ​កំពុង​មានការ​ព្រួយ​បារម្ភ​ស្ទើរ​គ្រប់ៗ​គ្នា​៕​

ដោយ ៖ សៅ សារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114