ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​ មាន​ផែនការ​បញ្ជូន​កងទ័ព​ជើង​ទឹក​ទៅ​អម​ការពារ​ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​ បន្ទាប់ពី​អ៊ីរ៉ង់​គំរាមកំហែង​នាវា​ដឹក​ប្រេង​អង់គ្លេស

មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​កំពុង​ពិភាក្សា​អំពី​ការបញ្ជូន​យោធា​ទៅ​អម​ការពារ​នាវា​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​, មួយថ្ងៃ​បន្ទាប់ពី​ទូក​អ៊ីរ៉ង់​ប្រដាប់​ដោយ​អាវុធ​បាន​គំរាមកំហែង​ដល់​នាវា​ដឹក​ប្រេង​របស់​អង់គ្លេស។

​អ្នក​តែងតាំង​ឲ្យ​ក្លាយជា​ប្រធាន​អគ្គសេនាធិការ​រួម​លោក​ឧ​ត្ត​ម​សេនីយ៍ Mark Milley បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​បង្កើត​ក្រុមចម្រុះ​មួយ​ទាក់ទង​ទៅនឹង​ការផ្តល់​ការការពារ​យោធា​ចំពោះ​ការដឹកជញ្ជូន​ពាណិជ្ជកម្ម​។​

​លោក Milley បាន​ប្រាប់​គណៈកម្មាធិការ​សេវា​ប្រដាប់អាវុធ​ព្រឹទ្ធសភា​ថា “​ខ្ញុំ​គិតថា​នឹងមាន​ការអភិវឌ្ឍន៍​នៅ​ពីរ​បី​សប្តាហ៍​ក្រោយ​”​។​

​ភាព​តានតឹង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ​នៅពេល​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ធ្លាក់ចុះ​ដោយ​ឥតឈប់ឈរ​បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​ឡើងវិញ​របស់​អាមេរិក​ក្រោយ​លោក​ប្រធានាធិបតី Donald Trump ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥​ស្តីពី​ការទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​

​ព្រឹត្តិការណ៍​ទាំងនេះ​បានធ្វើ​ឲ្យ​ស្មុគស្មាញ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចក្រភព​អង់គ្លេស​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ដទៃទៀត​ក្នុងការ​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ JCPOA ឆ្នាំ​២០១៥​ថ្វីបើ​មានការ​ដកខ្លួន​របស់​សហរដ្ឋអាមេរិក​ក៏ដោយ​។​

​សេចក្តីថ្លែងការណ៍​រប​ស់លោក Milley បាន​កើតឡើង​បន្ទាប់ពី​ទីក្រុង​ឡុង​ដ៍​ចោទប្រកាន់​ទីក្រុង​តេ​អេ​រ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​ការដាក់​ពង្រាយ​ទូក​យោធា​៣​គ្រឿង​ដើម្បី​រារាំង​ការឆ្លងកាត់​របស់​នាវា​ដឹក​ប្រេង British Heritage​។​

​អ្នកនាំពាក្យ​ការិយាល័យ Downing Street បាន​និយាយថា “​យើង​មានការ​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​នេះហើយ​បន្ត​ជំរុញ​អាជ្ញាធរ​អ៊ីរ៉ង់​ឲ្យ​បន្ធូរបន្ថយ​ស្ថានភាព​នៅក្នុង​តំបន់​”​។​

​គួរ​បញ្ជាក់ថា ការគំរាមកំហែង​រប​ស់​អ៊ីរ៉ង់​លើ​នាវា​ដឹក​ប្រេង​កាលពី​ថ្ងៃ​ពុធ​ហាក់ដូច​ជាការ​សងសឹក​ចំពោះ​ការ​រឹបអូស​នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់ Grace 1 ដោយ​ចក្រភព​អង់គ្លេស​នៅ​ប្រទេស​ហ្គី​ប្រា​ល់តា​កាលពី​ថ្ងៃទី​៤​ខែកក្កដា​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114