ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​អង់គ្លេស​បួន​នាក់ ​ត្រូវ​ជាប់ឃុំ​ក្នុង​ប្រទេស​ចិន​, ពីរ​ថ្ងៃ​បន្ទាប់ពី​ការ​វាយឆ្មក់​គ្រឿងញៀន

ស្ថានទូត​អង់គ្លេស​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ជនជាតិ​អង់គ្លេស​ចំនួន​បួន​នាក់ ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ខេត្ត​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​ពោល​ គឺមាន​រយៈពេល​ពីរ​ថ្ងៃ​ បន្ទាប់ពី​ប៉ូលិស​ចិន​បានប្រកាស​អំពី​ការ​វាយឆ្មក់​គ្រឿងញៀន​មួយ​នៅ​ទីនោះ​ ដោយមាន​ជាប់​ពាក់​ព័ទ្ធ​នឹង​ជនបរទេស​ចំនួន​១៦​នាក់​។​

​ប៉ូលិស​នៅក្នុង​ទីក្រុង Xuzhou នៃ​ខេត្ត Jiangsu បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស​សរុប​ចំនួន​១៩​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ករណី​គ្រឿងញៀន​ដែល​ផ្តោត​សំខាន់​ទៅលើ​សាខា​នៃ​សាលា​ភាសា​មួយ​។​

​ប៉ូលិស​និយាយថា អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​រួមមាន​គ្រូបង្រៀន​បរទេស​៧​នាក់​និង​សិស្ស​បរទេស​៩​នាក់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ប៉ូលិស​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​អំពី​សញ្ជាតិ​ឬ​ការពិត​នៃ​ករណីនេះ​ទេ​។​

​អ្នកនាំពាក្យ​ស្ថានទូត​អង់គ្លេស​ប្រចាំ​ទីក្រុង​ប៉េកាំង​បាន​ប្រាប់ AFP ថា “​យើង​កំពុង​ទាក់ទង​ជាមួយ​អាជ្ញាធរ​ចិន​បន្ទាប់ពី​មានការ​ចាប់ខ្លួន​ជនជាតិ​អង់គ្លេស​ចំនួន​៤​នាក់​នៅក្នុង​ខេត្ត Jiangsu ហើយ​កំពុង​ផ្តល់ជំនួយ​កុងស៊ុល​”​។ អ្នកនាំពាក្យ​ដដែល​បាន​និយាយថា ស្ថានទូត​មិនអាច​បញ្ជាក់​បានទេ​ថា​តើ​ការចាប់ខ្លួន​នេះ​ទាក់ទង​នឹង​ករណី​គ្រឿងញៀន​មែន​ឬក៏​អត់​។​

​ក្រុមហ៊ុន​អប់រំ Education First ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វី​ស​ហើយ​មាន​សាខា​សាលា​ភាសា​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​សប្តាហ៍​នេះ​ដោយ​ទទួលស្គាល់​ករណី​គ្រឿងញៀន​ក្នុង​សាខា​របស់ខ្លួន​មួយ​នៅ​ទីក្រុង Xuzhou​។​

​ក្រុមហ៊ុន​នេះ​បាន​និយាយថា ក្រុមហ៊ុន​កំពុង​សហការ​ជាមួយ​ប៉ូលិស​លើ​ការស៊ើបអង្កេត​ហើយ​ថា និ​យោ​ជិ​ក​ដែល​ត្រូវបាន​រកឃើញថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ខុសឆ្គង​នេះ​នឹងត្រូវ​បណ្តេញចោល​។​

​គួរ​បញ្ជាក់ថា ការផ្តន្ទាទោស​ករណី​គ្រឿងញៀន​អាចមាន​ទោស​ជាប់ពន្ធនាគារ​រយៈពេល​យូរ​នៅក្នុង​ប្រទេស​ចិន​ឬ​ទោស​ប្រហារជីវិត​ក្នុងករណី​នៃ​ការជួញដូរ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114