ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​មេដឹកនាំ​តៃវ៉ាន់ ​ត្រូវ​បាន​សម្រេច​គ្មាន​ទោស ​ក្នុង​រឿង​ក្តី​លេច​ធ្លាយ​នយោបាយ

អតីត​ប្រធានាធិបតី​តៃវ៉ាន់​លោក Ma Ying-jeou ត្រូវបាន​គេ​រកឃើញថា ​មិនមាន​កំហុស​ទេ ​នៅក្នុង​ករណី​លេច​ធ្លាយ​រឿង​នយោបាយ​មួយ​កាលពី​ថ្ងៃ​សុក្រ​ ដែល​នេះ​ជា​ជ័យជម្នះ​ផ្លូវច្បាប់​ដ៏​ធំ​មួយ​សម្រាប់​អ្នកនយោបាយ​ម្នាក់​ដែល​កំពុង​ប្រឈមមុខ​នឹង​ពាក្យបណ្តឹង​ជាច្រើន​ចាប់តាំងពី​ការចាកចេញ​ពី​តំណែង​។​

​លោក Ma ត្រូវបាន​លុបលាង​កំហុស​លើ​ការចោទប្រកាន់​ពីបទ​ទម្លាយ​ការសម្ងាត់​និង​ណែនាំ​រដ្ឋអាជ្ញា​ជាន់ខ្ពស់​ឲ្យ​បង្ហាញ​ព័ត៌មាន​សម្ងាត់​អំពី​ការស៊ើបអង្កេត​តុលាការ​ឆ្នាំ​២០១៣​។​

​អ្នកនាំពាក្យ​តុលាការ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​តុលាការ​បានសម្រេច​ថា ភ័ស្តុតាង​ពាក់ព័ន្ធ​ដែល​ផ្តល់​ដោយ​រដ្ឋអាជ្ញា​មិនបាន​បញ្ជាក់​ពី​ឧក្រិដ្ឋកម្ម​ណាមួយ​ដែល​ប្រព្រឹត្ត​ដោយ​ចុងចោទ​នោះទេ​”​។ អ្នកនាំពាក្យ​ដដែល​បាន​បន្ថែមថា ការសម្រេច​នេះ​គឺជា​ការសម្រេចចិត្ត​ផ្តាច់ព្រ័ត្រ​។​

​គណបក្ស Kuomintang របស់លោក Ma ដែលមាន​មិត្តភាព​ជាមួយ​ទីក្រុង​ប៉េកាំង​គឺ​បាន​កាន់កាប់​អំណាច​ចាប់ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៦​មុនពេល​ត្រូវ​ផ្តួល​ដោយ​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ (DPP) របស់លោក​ស្រី Tsai Ing-wen​។​

​ខណៈពេល​កាន់តំណែង លោក Ma ត្រូវបាន​ការពារ​ដោយ​អភ័យឯកសិទ្ធិ​នយោបាយ​។ ប៉ុន្តែ​ចាប់តាំងពី​ចាក​ចេញពី​ការិយាល័យ បុរស​អាយុ​៦៨​ឆ្នាំ​រូបនេះ​ត្រូវ​ទទួលរង​នូវ​ការចោទប្រកាន់​ពីបទ​អំពើពុករលួយ​ជា​បន្តបន្ទាប់​។​

​លោក Ma មិនមាន​វត្តមាន​ទេ​នៅពេល​សាលក្រម​ត្រូវបាន​ប្រកាស​។ គាត់​បាន​រក្សា​ភាព​គ្មាន​កំហុស​របស់គាត់​ហើយ​បាន​ចោទប្រកាន់ថា ការកាត់ទោស​អំពី​បទ​ល្មើស​នេះ​គឺ​មិន​ត្រឹមត្រូវ​ទាល់តែសោះ​។​

ពីដំបូង​ឡើយ តុលាការ​ជាន់ខ្ពស់​បាន​ផ្តន្ទាទោស​លោក Ma ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៤​ខែ​កាលពី​ឆ្នាំមុន​សម្រាប់​ការរំលោភ​លើ​ច្បាប់​សន្តិសុខ​ទំនាក់ទំនង​និង​ចារកម្ម​ប៉ុន្តែ​តុលាការ​កំពូល​បាន​ដក​ការផ្តន្ទាទោស​នេះ​វិញ​កាលពី​ខែមករា​ហើយ​បាន​បញ្ជា​ឲ្យ​មានការ​កាត់ក្តី​ថ្មី​មួយ​។​

ករណីនេះ​កើតចេញពី​ការស៊ើបអង្កេត​របស់​តុលាការ​ក្នុង​ឆ្នាំ​២០១៣​អំពី​ថា​ តើ​ប្រធានសភា​នៅ​ពេល​នោះ​ ដែល​ជា​គូប្រជែង​ផ្នែក​នយោបាយ​របស់​លោក Ma បាន​ជះឥទ្ធិពល​មិន​ត្រឹមត្រូវ​ទៅលើ​រឿងក្ដី​របស់​តុលាការ​ប្រឆាំង​នឹង​សមាជិកសភា​គណបក្សប្រឆាំង​មែន​ឬទេ៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114