ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ជនជាតិ​ថៃ​ម្នាក់​ ត្រូវ​កាត់ទោស​ប្រហារជីវិត​ពី​បទ​ចាប់​រំលោភ​ និង​សម្លាប់​អ្នកទេសចរ​អាល្លឺម៉ង់

អ្នកប្រមូល​សំរាម​ថៃ​ម្នាក់​ត្រូវបាន​ផ្តន្ទាទោស​ប្រហារជីវិត​ពីបទ​រំលោភ​សេពសន្ថវៈ​និង​សម្លាប់​អ្នកទេសចរ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​នៅលើ​កោះ​មួយ​។​

​លោក Ronnakorn Romruen ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមេសា​, ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​សាកសព​របស់​ស្ត្រី​អាល្លឺម៉ង់​អាយុ​២៧​ឆ្នាំ​ម្នាក់​ត្រូវបាន​គេ​រកឃើញ​កប់​នៅក្រោម​ស្លឹកឈើ​ស្ងួត​និង​ថ្ម​នៅលើ​កោះ Sichang ក្នុង​ឈូង​សមុទ្រ​ថៃ​។​

​តុលាការ​ថៃ​បានប្រកាស​សាលក្រម​ហើយ​ផ្តន្ទាទោស​ប្រហារជីវិត​អ្នកប្រមូល​សំរាម​អាយុ​២៤​ឆ្នាំ​រូបនេះ​។​

​តុលាការ​បាន​និយាយថា លោក Ronnakorn គឺ​ស្ថិតក្រោម​ឥទ្ធិពល​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​នៅពេល​គាត់​ចាប់រំលោភ​ជនរងគ្រោះ​។​

​តុលាការ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅពេល​នាង​ព្យាយាម​រត់គេចខ្លួន គាត់​បាន​យក​ដុំថ្ម​វ៉ៃ​ក្បាល​និង​មុខ​របស់​នាង​ម្តង​ហើយ​ម្តងទៀត​។ វា​បណ្តាល​ឲ្យ​នាង​របួសធ្ងន់​ឈានដល់​ការស្លាប់​។​

​លោក Ronnakorn បាន​សារភាពថា​មានទោស​ចំពោះ​ការចោទប្រកាន់​ទាំងអស់​ដែល​រួមមាន​ដូចជា​ការចាប់រំលោភ ឃាតកម្ម ការ​លាក់​សាកសព​និង​ការប្រើប្រាស់​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​។​

​កាលពី​ឆ្នាំមុន ប្រទេស​ថៃ​បាន​អនុវត្ត​ការប្រហារជីវិត​លើកដំបូង​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​ដោយ​ការចាក់​ថ្នាំ​សម្លាប់​ឃាតករ​អាយុ​២៦​ឆ្នាំ​ម្នាក់​។​

​ក្រុម​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​ការសម្រេចចិត្ត​ក្នុង​ការបន្ត​ការអនុវត្ត​បែបនេះ​ឡើងវិញ​បន្ទាប់ពី​គ្មាន​ការប្រហារជីវិត​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​។​

​គួរ​បញ្ជាក់ថា ប្រទេស​ដែល​ស្ថិតក្នុង​ចំណោម​ប្រទេស​មាន​អត្រា​អ្នក​ជាប់គុក​ខ្ពស់បំផុត​ក្នុង​ពិភពលោក​មួយ​នេះ​គឺមាន​អ្នកទោស​ជាង​៥០០​នាក់​ដែល​ប្រឈម​នឹង​ការប្រហារជីវិត​៕

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114